ដោយ រដ្ឋា វិសាល
2016-09-29
rfa

ឈើមូលដែលគេទម្លាក់ក្នុងទឹកនៅចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែន ៥០៩ និង ៧០៩ នាឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។
រូបភាពសហគមន៍
ជនជាតិដើមភាគតិចរស់នៅភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ជនជាតិដើមភាគតិចរស់នៅភូមិជិតខាងចូលទៅកាប់ឈើពីក្នុងព្រៃសហគមន៍អភិរក្សជាបន្តបន្ទាប់យកឈើទៅលក់ឲ្យឈ្មួញ បើទោះបីសហគមន៍អភិរក្សព្រៃឈើហាមឃាត់យ៉ាងណាក្តី។ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) បារម្ភពីការកើនឡើងនៃការបំផ្លាញព្រៃឈើធ្វើឡើងដោយជនជាតិភាគតិចខ្លួនឯងកាន់។
សហគមន៍ជនជាតិដើមភាគតិចភូមិគងយុ អំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី ចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពចំពោះជនជាតិដើមភាគតិចដែលកំពុងកាប់ឈើក្នុងព្រៃសហគមន៍ធ្វើជាមុខរបរលក់ទៅឲ្យឈ្មួញ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីសហគមន៍ភូមិគងយុ ប្រទះឃើញជនជាតិដើមភាគតិចរស់នៅភូមិគងធំ ឃុំប៉ាតេ និងភូមិព្រិល ឃុំបរខាំ ក្នុងស្រុកអូរយ៉ាដាវ ជាក្រុមៗនាំគ្នាអាររំលំឈើមូលក្នុងព្រៃសហគមន៍ប្រមាណ ២០ដើម កាលពីសប្ដាហ៍មុននេះ។
តំណាងសហគមន៍ភូមិគងយុ លោក រចំ យឺក បញ្ជាក់នៅថ្ងៃទី២៩ ខែកញ្ញា ថា ជនជាតិដើមភាគតិចកាន់តែច្រើននាំគ្នាចូលព្រៃកាប់ឈើធ្វើមុខរបរ ចំណែកសហគមន៍អភិរក្សព្រៃឈើមិនមានលទ្ធភាពហាមឃាត់ពួកគេបានឡើយ។ លោកថា ប្រសិនអាជ្ញាធរមិនជួយបង្ក្រាបទាន់ពេលវេលាទេ ព្រៃឈើនៅសេសសល់ក្នុងព្រៃសហគមន៍នឹងត្រូវកាប់យកឈើតូចធំអស់គ្មានសល់៖ «ឈើគេយកទៅលក់អស់ហើយ យើងទៅឃាត់ហាម ប៉ុន្តែគេអត់ស្ដាប់យើងសោះ»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ខេត្តរតនគិរី នៅក្នុងខែកញ្ញា នេះសហគមន៍ចំនួនបីក្រុមនៅស្រុកអូរយ៉ាដាវ បានរាយការណ៍ពីសកម្មភាពកាប់បំផ្លាញព្រៃឈើដោយជនជាតិដើមភាគតិចខ្លួនឯងដើម្បីយកដី និងយកឈើលក់។
ទាក់ទិនករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ ទទួលស្គាល់ថា មន្ត្រីព្រៃឈើបានចាត់មន្ត្រីចុះពិនិត្យតំបន់ព្រៃសហគមន៍មួយចំនួនដែលពាក់ព័ន្ធការកាប់រានយកដី និងកាប់ឈើលក់រួចហើយ ជាពិសេស អាជ្ញាធរពាក់ព័ន្ធចាត់វិធានការឲ្យអាជ្ញាធរប្រពៃណី រួមមានចាស់ទុំ មេភូមិ មេឃុំ អប់រំណែនាំប្រជាពលរដ្ឋឲ្យបញ្ឈប់ការកាប់ឈើក្នុងព្រៃអភិរក្ស។ លោកថា អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនអ្នកភូមិនៅតែមិនស្ដាប់ការអប់រំរបស់អាជ្ញាធរមូលដ្ឋាន៖ «យើងមានច្បាប់ទម្លាប់អត់ស្អីទេ ចាំខ្ញុំឆែកទៅនាយផ្នែក។ ថ្ងៃមុនចុះទៅជាមួយខាងស្រុកម្ដងហើយ»។
ដូចគ្នានេះដែរ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សំគាល់ថា បទល្មើសព្រៃឈើបង្កឡើងដោយជនជាតិដើមភាគតិចខ្លួនឯងមានសភាពកើនឡើងនៅក្នុងឆ្នាំ២០១៦។ លើសពីនេះទៀត ជម្លោះដណ្ដើមដី ដណ្ដើមព្រៃរវាងសហគមន៍ និងសហគមន៍ក៏កាន់តែកើតមានបន្តបន្ទាប់។ លោកបារម្ភថា ព្រៃឈើឋិតក្នុងតំបន់ជនជាតិដើមអភិរក្សនឹងត្រូវកាប់បំផ្លាញប្រសិនអាជ្ញាធរនៅតែបន្តអនុគ្រោះឲ្យដោះស្រាយតាមរយៈអាជ្ញាធរប្រពៃណីនោះ៖ «សហគមន៍គ្នាគាត់មិនពេញចិត្តដែលសហគមន៍មួយខំការពារព្រៃ ហើយសហគមន៍មួយទៀតទៅកាប់ឈើរបស់គាត់។ អាជ្ញាធរគាត់ពិបាកចាត់វិធានការផ្លូវច្បាប់ ព្រោះគាត់គិតថា ជនជាតិដើមភាគតិច»។
នៅក្នុងខែកញ្ញា នេះ សហគមន៍កាណាតធំ ឃុំតាលាវ ស្រុកអណ្ដូងមាស រាយការណ៍ថា សមាជិកសហគមន៍ខ្លះកាប់រានព្រៃត្រៀមបម្រុងយកដី និងកាប់យកឈើលក់ទៅឲ្យឈ្មួញ។ រីឯសហគមន៍ភូមិឡែ ឃុំលំជ័រ រាយការណ៍ថា សហគមន៍ភូមិសោមគល់ទាំងភូមិ នាំគ្នាទៅកាប់ព្រៃការពារសហគមន៍ភូមិឡែ ដើម្បីយកដីដាំដំណាំ៕
No comments:
Post a Comment