Wednesday, 14 September 2016

អាជ្ញាធរ​មិន​ទាន់​កំណត់​ថា​ម្ចាស់​អត្តសញ្ញាណប័ណ្ណ​ជិត​៥០​នាក់​នៅ​ស្រុក​កោះធំ​ជា​ជនជាតិ​អ្វី​ឡើយ


ដោយ អ៊ុង សេរីវុទ្ធ
2016-09-12

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ៨៥៥
អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។

Photo: RFA



អាជ្ញាធរ​ខេត្ត​កណ្ដាល​នៅ​មិន​ទាន់​កំណត់​ថាម្ចាស់​អត្តសញ្ញាណប័ណ្ណ​ជិត៥០នាក់ នៅ​ស្រុក​កោះ​ធំ ថា ជា​ជនជាតិ​អ្វី​នោះ​ទេ។

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ឲ្យ​អាស៊ីសេរី​ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​វ័ត្សអាប់ (WhatsApp) នៅ​រសៀល​ថ្ងៃ​ទី១២ កញ្ញា ថា ក្រុម​ការងារស៊ើបអង្កេត​លើ​ករណី​ដែល​សង្ស័យ​ថា ម្ចាស់​អត្តសញ្ញាណប័ណ្ណ​ជិត​៥០​សន្លឹក គ្មាន​សញ្ជាតិ​ខ្មែរ​ពិត​ប្រាកដ​នោះ នៅ​មិន​ទាន់​បញ្ចប់​ការ​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​ឡើយ​ទេ។

កាល​ពី​ដើម​ខែ​កញ្ញា​នេះ អធិការ​នគរបាល​ស្រុក​កោះធំ លោក ឈឿន ប៊ុនឆន បាន​​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ថ្មី ដែល​មាន​ភាព​មិន​​ប្រក្រតី​ជិត​៥០​សន្លឹក ដែល​សង្ស័យ​ថា ម្ចាស់​អត្តសញ្ញាណប័ណ្ណ​ទាំង​នេះ មិន​មែន​ជា​ជនជាតិ​ខ្មែរ។



ក្រោយ​មាន​ការ​សង្ស័យ លោក​បាន​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ទាំង​នោះ ទៅ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​បង្កើត​ក្រុម​អធិការ​កិច្ច​ចុះ​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​នេះ។

យោង​តាម​ច្បាប់​សញ្ជាតិ​ខ្មែរ កំណត់ថា ជន​បរទេស​រស់​នៅ​កម្ពុជា ពុំ​មាន​សិទ្ធិ​កាន់​កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ លុះ​ត្រា​បុគ្គល​នោះ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ផ្លូវ​ការ​តាមរយៈ​សញ្ជាតូបនីយកម្ម​ ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ។

ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​ដោយ​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ទេ បុគ្គល​ដែល​កាន់​កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ១០​ឆ្នាំ។ ចំណែក​មន្ត្រី​ខ្មែរ​ដែល​ចេញ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ជន​បរទេស ក៏​ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា៕

1 comment:

Anonymous said...

Are we surprised how slow these monkeys doing their jobs?.Even If something is legal in the eyes of the law,but would be illegal the eyes of the monkey if related the opposition activities that the monkeys feel threatened, swift actions will be taken against them without any delay.