Wednesday, 14 September 2016

សមាគម​ស្ករត្នោត​កំពុង​ចរចា​ជាមួយ ​Unilever




កសិករ​នៅ​ក្នុង​សហគមន៍​មួយ​ខេត្ត​កំពង់ធំ​កំពុង​ឡើង​ត្នោត។ ហុង មិនា


ppp
Tue, 13 September 2016
ចេង សុខហ័ង



ភ្នំពេញៈ សមាគម​ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ​បាន​ជ្រើស​យក​សហករណ៍​កសិកម្ម​ដើមត្នោត​ដើម្បី​បន្ត​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន Unilever លើ​ផែនការ​ទិញ​ស្ករត្នោត ២០០០ តោន។ នេះ​បើ​យោង​តាម​លោក សំ សារឿន ប្រធាន​សមាគម​ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ។

លោក សារឿន បន្ត​ថា​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន Unilever កាលពី​សប្ដាហ៍​មុន​ក្រុមហ៊ុន​នេះ​បាន​តម្រូវ​ឲ្យ​សមាគម​ជ្រើសរើស​តំណាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដើម្បី​ចរចា​ជាមួយ​ក្រុមហ៊ុន Unilever សម្រាប់​ការ​ទិញ​ស្ករត្នោត។

លោក​បន្ថែម​ថា​សមាគម​នេះ​បាន​សម្រេច​ចិត្ត​យក​សហករណ៍​កសិកម្ម​ដើម​ត្នោត​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​ក្រុមហ៊ុន​ស្ដីពី​ផែនការ​នេះ។

លោក​លើក​ឡើង​ថា៖ «ក្រុមហ៊ុន Unilever មាន​បំណង​ចង់​ទិញ​ស្ករត្នោត​ពី​ពួក​យើង​ចំនួន ២០០០ តោន​ក្នុង​មួយ​ឆ្នាំ​ប៉ុន្តែ​ពួកគេ​តម្រូវ​ឲ្យ​យើង​ជ្រើសរើស​ក្រុម​តំណាង​ណា​មួយ​ដែល​ប្រមូល​ស្ករត្នោត និង​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​នេះ»។

លោក​បន្ត​ថា៖ «នៅ​ពេល​នេះ​យើង​ជ្រើសរើស​សហករណ៍​កសិកម្ម​ដើមត្នោត​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ពិភាក្សា​បន្ថែម​ស្ដីពី​ផែនការ​នេះ»។



លោក​បញ្ជាក់​ថា​បច្ចុប្បន្ន​សមត្ថភាព​នៃ​ការ​ផលិត​ស្ករតោ្នត​មាន​ចន្លោះ​ពី ២០០០ តោន​ដល់ ៣៥០០ តោន​ក្នុង​មួយ​ឆ្នាំ​ហើយ​សហករណ៍​កសិកម្ម​ដើមត្នោត​ខេត្ត​កំពង់ស្ពឺ​នឹង​ធ្វើ​ការងារ​ជាមួយ comfrel ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​សម្រាប់​ការ​បង្កើត​ការ​វេចខ្ចប់។

លោក​បញ្ជាក់​ថា៖ «បន្ទាប់​មក​នឹង​ពិភាក្សា​លើ​ស្ដង់ដារ​គុណភាព និង​តម្លៃ»។

លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា (CIRD) បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​នេះ​ខ្លួន​កំពុង​ពិភាក្សា​អំពី​ដំណើរការ​នេះ។

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុន Unilever បង្ហាញ​អំពី​បំណង​របស់​ពួកគេ​លើ​ការ​ទិញ​ស្ករត្នោត​ពី​កម្ពុជា។ ពួកគេ​គ្រោង​ទិញ​ស្ករត្នោត​ ២០០០ តោន​ប៉ុន្តែ​វា​ស្ថិត​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ​ទេ​ហើយ​យើង​ចាំបាច់​ត្រូវ​ចរចា​លើ​តម្លៃ​​ គុណភាព និង​ស្ដង់ដារ»។

លោក​បន្ថែម​ថា​ក្រុមហ៊ុន Unilever នឹង​បញ្ជូន​លក្ខណ​វិនិច្ឆ័យ​ស្ដង់ដារ​មក​កម្ពុជា​សម្រាប់​ការ​សិក្សា។

លោក​បន្ត​ថា៖ «យើង​ចាំបាច់​ត្រូវ​មើល​លក្ខណវិនិច្ឆ័យ​ផលិតផល​ស្ដង់ដារ​ពី​ពួកគេ​ជា​មុន​សិន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​នឹង​មិន​ត្រូវការ​ពេលវេលា និង​ពិបាក​ក្នុង​ការ​ប្រែ​ក្លាយ​ពី​ការ​កែច្នៃ​ស្ករ​ប្រពៃណី​ទៅ​ជា​ការ​កែច្នៃ​ស្ដង់ដារ​នោះ​ទេ​ដោយសារ​ពួកគេ​ផ្ដោត​លើ​អនាម័យ»។

បើ​ទោះបី​យ៉ាង​នេះ​ក្តី​តំណាង​មកពី​ក្រុមហ៊ុន Unilever បាន​បដិសេធ​អត្ថាធិប្បាយ​លើ​ចំនួន​នៃ​ការ​ទិញ​ហើយ​ថា​អ្វីៗ​គ្រប់​យ៉ាង​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ៕​ LA

No comments: