សកម្មភាពមនុស្សធម៌របស់លោក សន វិជ្ជបុត្រ (រូបខាងស្ដាំ) នាពេលកន្លងមក។ រូបថត សហការី
Thu, 22 September 2016
ស៊ូ វុទ្ធី
ppp
ភ្នំពេញ: ទឹកចិត្តដិតជាប់ជាអ្នកធ្វើទានមនុស្សធម៌ ជូនចាស់ជរា ជនពិការ ក្មេងកំព្រាក្រីក្រ តារាចម្រៀង លោក សន វិជ្ជបុត្រ ក៏ស្លុតអារម្មណ៍អាណិតប្រជាកសិករខ្មែរ ដែលពើបនឹងឧបសគ្គផលស្រូវធ្លាក់ថ្លៃ លោកក៏បានសម្រេចរំលែកថវិកា ផ្តាច់ពីមាត់ពង្រាត់ពី ក ដើម្បីទៅជួយរំលោះឧបសគ្គ កសិកររួមឈាមពើបប្រទះ ទាំងក្តីញញឹម។
![]() |
| តារាចម្រៀង សន វិជ្ជបុត្រ។ រូបថត សហការី |
តែយ៉ាងណាតារាចម្រៀងល្បីនឹងការងារមនុស្សធម៌ ដែលមានកំណើតពីគ្រួសារកសិករ ប្រកបរបរដំណាំស្រូវនៅទឹកដីស្រុកបាភ្នំ ខេត្តព្រៃវែង លោក សន វិជ្ជបុត្រ ក៏បញ្ជាក់ឲ្យដឹងថា៖ «ការដែលធ្វើនេះក៏ជាឆន្ទៈ ក្នុងនាមជាខ្មែរ និងជាកូនកសិករ ដែលយល់ពីអារម្មណ៍កសិករប្រកបរបរធ្វើស្រូវដូចគ្នា ព្រោះខ្ញុំក៏ធ្លាប់ធ្វើស្រូវ នៅហាលខ្យល់ ហាលក្តៅ ទ្រាំទាំងត្រូវភ្លៀងរងារយ៉ាង ណាក៏នៅខំមើលថែឲ្យតែដំណាំស្រូវ ដែលសង្ឃឹមនឹងបានផលល្អ។ តែបើផលឲ្យហើយ ហើយមកជួបនឹងបញ្ហានោះ កសិករម្នាក់ៗគាត់នឹងមិនមានកំលាំងធ្វើនៅពេលក្រោយទេ»។
អតីតកូនកសិកររូបនេះ បន្ថែមថា៖ «ដោយយល់ពីអារម្មណ៍នេះ ទើបខ្ញុំបានយកប្រាក់មួយចំនួន សម្រេចទិញស្រូវពីប្រជាកសិករ ដើម្បីយកមកកិនជាអង្ករ ដើម្បីយកទៅចែកជូន បងប្អូនក្រីក្រ ចាស់ជារា និងក្មេងកំព្រានៅទឹកដីស្រុកកំណើត នៅក្នុងឱកាសបុណ្យភ្ជុំបិននេះ»។
ក៏រំឭកថា កន្លងមកតារាចម្រៀង សន វិជ្ជបុត្រ ធ្លាប់បានចូលរួមជួយដល់សកម្មភាពសង្គមជាហូរហែរដែលមានទាំងការចេញទៅច្រៀងនៅក្រៅប្រទេសរកប្រាក់ និងចំណាយលុយផ្ទាល់ខ្លួនជាច្រើនជួយដល់កុមារកំព្រា ជនពិការ ជនអនាថា សិល្បករ ចាស់ជរាគ្មានទីពឹងនៅតាមតំបន់ជាច្រើន។
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ថា៖ «មិនមានលទ្ធភាពច្រើនទេ គឺអាចទិញស្រូវ ២ តោន ពីកសិករផ្ទាល់នៅតំបន់ព្រំប្រទល់ខេត្តព្រៃវែង យកមកកិនធ្វើជាអង្ករ នឹងដឹកយកមកចែកជួនបងប្អូន កសិករក្រីក្រ ចាស់ជរា ក្មេងកំព្រានៅ ស្រុកបាភ្នំ»។
តារាចម្រៀងជាប់ងារតារាចិត្តធម៌រូបនេះបញ្ជាក់ឲ្យដឹងថា កាលបរិច្ឆេទនៃការចុះទៅទិញគឺនៅថ្ងៃទី២៦ ខែកញ្ញា នេះបន្ទាប់ពីលោកបញ្ចប់ការចូលរួមច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ហង្សមាសនាថ្ងៃទី ២៥ ខែកញ្ញា។
![]() |
| កសិករដែលរងទុក្ខព្រោះវិបត្តិស្រូវ អង្ករ ចុះថោក។ រូបថត សហការី |
លោកក៏អះអាងដែរថា៖ «បន្ថែមពីការចែកអង្ករ ដែលជាផលសម្រេចចេញពីស្រូវដែលទិញពីកសិករ យកមកចែកជូន ចាស់ជរា ក្មេងៗកំព្រានោះ ក៏មានចែកបន្ថែមនូវ សម្ភារៈថវិកា សារ៉ុង ឬក្រមាសម្រាប់ចែកជូនពួកគាត់នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ»។
ជាមួយក្ដីរំពឹងថា នឹងអាចជួយសម្រួលបានមួយផ្នែកតូចរបស់កសិករ និងអាចចូលរួមធ្វើបុណ្យដាក់ទានក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ លោកក៏អំពាវនាវឲ្យបណ្តាសប្បុរសជនដែលមានទ្រព្យធន មានលទ្ធភាពគួរជួយចែករំលែកការលំបាករបស់កសិករ និងអាចជួយចែករំលែកបន្តនៃផលិតផលកសិផលទៅកាន់ជនទីទ័លក្រវិញ ក្នុងនាមខ្មែរជួយដល់ខ្មែរដែលកំពុងជួបប្រទះនឹងបញ្ហាចំពោះមុខ៕



No comments:
Post a Comment