Friday, 23 September 2016

វិបត្តិ​ស្រូវ​​ត្រូវ​បាន​ដោះស្រាយ​ទោះបី​នៅ​មាន​បញ្ហា​ខ្លះ



ទិដ្ឋភាព​កសិករ​ដឹក​ស្រូវ​មក​ដាក់​លក់​ឲ្យ​ឈ្មួញ​តាម​ផ្លូវ​ក្នុង​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​នៅ​។ រូបថត ពី​ហ្វេសប៊ុក


ppp
Thu, 22 September 2016
នៀម ឆេង



បាត់ដំបងៈ បន្ទាប់ពី​ក្រុម​មន្ត្រី និង​អ្នក​មាន​ទ្រព្យធន​មួយ​ចំនួន​បាន​ចំណាយ​ប្រាក់​ទិញ​អង្ករ​រាប់​តោន​ក្នុង​ម្នាក់ៗ​ទៅ​តាម​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​​​ធនាគារ​​អភិវឌ្ឍន៍​ជនបទ​នៅ​ពេល​នេះ​អាច​ដោះស្រាយ​វិបត្តិ​គ្មាន​ទីផ្សារ​លក់​ស្រូវ ស្រូវ​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​បាត់ដំបង​បាន​មួយ​ផ្នែក​ធំ​ហើយ​បើ​ទោះបី​ជា​នៅ​ជួប​បញ្ហា​ការ​កកស្ទះ​​នៅ​តាម​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក៏ដោយ​។

លោក សុប ចាន់ធី កសិករ​នៅ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ដែល​បាន​តវ៉ា​រឿង​តម្លៃ​ស្រូវ​ចុះ​ថោក​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​លោក​បាន​លក់​ស្រូវ​អស់​ជាង​ ១៦ ​តោន​ហើយ​មក​ដល់​ពេល​នេះ​ប៉ុន្តែ​បាន​តម្លៃ​ត្រឹម​​តែ​ ៧៥ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​តោន។ លោក​ថា​តាំងពី​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​មក​រោងម៉ាស៊ីន​កិនស្រូវ​ធំៗ​បាន​សន្យា​ផ្តល់​តម្លៃ​ ៩០ ម៉ឺន​រៀល​ក្នុង​មួយ​តោន​សម្រាប់​ស្រូវ​​សែន​ក្រអូប។ ប៉ុន្តែ​ដោយសារ​កសិករ​សម្រុក​ដឹក​ស្រូវ​ទៅ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទាំង​នោះ​ធ្វើឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​មិន​អាច​ទទួល​យក​ស្រូវ​ទាំង​នោះ​ទាន់​ពេល​​ទេ​។ លោក​ថ្លែង​ថា៖ «៣ ​ថ្ងៃ​ក្រោយ​​ពី​មាន​ការ​ប្រកាស​អភិបាលស្រុក​បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ប្រជុំ​នៅ​សាលា​ឃុំ​ហើយ​សន្យា​ថា​នឹង​រក​រោង​ម៉ាស៊ីន​កិនស្រូវ​សម្រាប់​កសិករ។ ខ្ញុំ​ខំ​ច្រូត​ស្រូវ​ទាំងអស់​ហើយ​ដឹក​​ទៅ​រោង​ម៉ាស៊ីន​កាណាឌីយ៉ា​នៅ​អូតាគី។ តែ​ទៅ​ដល់​ឡាន​ឈ្មួញ​ដឹក​ចូល​ពេញ​អស់​ហើយ​។ ខ្ញុំ​ត្រូវ​រង់ចាំ​ ២ ​យប់​នៅ​មិន​ទាន់​បាន​លក់​ទៀត​ហើយ​ស្រូវ​វា​ស្អុយ​ខូច​គុណភាព។ ពេល​នោះ​អភិបាល​ស្រុក​គាត់​ថា​ឲ្យ​លក់​ឲ្យ​រោង​ម៉ាស៊ីន​តូចៗ​តាម​ភូមិ។ ខ្ញុំ​ក៏​ដឹក​ទៅ​រោង​ម៉ាស៊ីន​តូច​ហើយ​​បាន​តម្លៃ​តែ​ ៧៥​ ម៉ឺន​រៀល​ហើយ​ថ្លៃ​ឈ្នួល​គេ​យក​ ៥ ​ម៉ឺន​ក្នុង​មួយ​តោន។ អ៊ីចឹង​បើ​ប្រៀបធៀប​ទៅ​តម្លៃ​សន្យា ​៩០​ ម៉ឺន​រៀល​ខ្ញុំ​ខាត​ ២០​ ម៉ឺន​ក្នុង​មួយ​តោន។ សរុប​មក​ខ្ញុំ​ខាត​អស់​ប្រហែល​ ៥០០ ​ដុល្លារ»។



ពលរដ្ឋ​ក្នុង​ស្រុក​សង្កែ​ម្នាក់​ទៀត​ឈ្នោះ សឿង​ សុដា បាន​និយាយ​ថា​អភិបាល​ខេត្ត​បាន​ប្រកាស​ថា​ពលរដ្ឋ​ត្រូវ​ដឹក​ស្រូវ​ដោយ​ខ្លួនឯង​ទៅ​លក់​ឲ្យ​រោង​ម៉ាស៊ីន​ធំៗ។ លោក​​ថា​ផលលំបាក​នៅ​តែ​មាន​ដោយសារ​តែ​ត្រូវ​រង់ចាំ​យូរ​ពេល​ទៅ​ដល់​រោង​ម៉ាស៊ីន​ស្រូវ​នោះ​។ «ពេល​ដឹក​ទៅ​ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​ឃុំ​ហើយ​អភិបាល​ស្រុក​ក៏​ទៅ​ជាមួយ​ដែរ​ដើម្បី​កុំ​ឲ្យ​ថៅកែ​ទម្លាក់​តម្លៃ។ ខ្ញុំ​លក់​បាន ​២០ ​តោន​ហើយ​តែ​មួយ​តោន​បាន​ថ្លៃ​ ៧០ ​ម៉ឺន​រៀល​ទេ»​។

លោក កៅ ថាច អគ្គនាយក នៃ​​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​​ថ្លែង​ថា​បញ្ហា​ប្រឈម​គឺ​ដោយសារ​តែ​រឿង​ម៉ាស៊ីន​កិនស្រូវ​ធំៗ​មិន​អាច​សម្ងួត​ស្រូវ​ទាន់​ពេលវេលា​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ដែល​​ដឹក​ផលិតផល​មក​ត្រូវ​រង់ចាំ​តាម​លំដាប់​លំដោយ​ដែល​អាច​​ធ្វើ​ឲ្យ​គុណភាព​ស្រូវ​របស់​ពួកគាត់​ធ្លាក់​ចុះ។ លោក​ថ្លែង​ថា៖ «បញ្ហា​ដែល​យើង​គ្រប់គ្រង​មិន​បាន​គឺ​ពេល​សម្ងួត​គឺឡ​សម្ងួត​ពេញ​ហើយ​អ៊ីចឹង​ទៅ​យើង​អត់​បាន​ទិញ​នៅ​សល់​ស្រូវ​មួយ​ចំនួន​ហ្នឹង​ត្រូវ​បាន​ឈ្មួញ​កណ្ដាល​វាយ​ទម្លាក់​ថ្លៃ​ហើយ​ទិញ​ក្នុង​អត្រា​មួយ​ទាប​ប្រហែល​ ៦,៣ ឬ​ ៦,៤ ​បាត»។ លោក​បញ្ជាក់​ថា៖ «ក្នុង​ស្រុក​មង្គល​បុរី​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ប្រហែល ​១០ ដែល​អាច​សម្ងួត​ស្រូវ​បាន​ជាង​ ១២៦០​ តោន​ក្នុង​មួយ​ថ្ងៃ​ហើយ​នៅ​ថ្មគោល​មួយ​ថ្ងៃ​អាច​បាន​ ៤០០ តោនឬ​ ៦០០ ​តោន​បូក​ទាំង​រោង​ម៉ាស៊ីន​តូចៗ​ហើយ​នៅ​បៃតង់​បាន​ប្រហែល ៨០០ ​តោន​ក្នុង​មួយ​ថ្ងៃ​ហើយ​នៅ​ហ្គោលដិន​ដូនកែវ​រ៉ាយស៍​របស់​កាណាឌីយ៉ា​ទើប​តែ​ចាប់ផ្តើម​ទិញ​បាន​​ ២ ​ថ្ងៃ​ទេ​សរុប​បាន​ជិត​ ៨០០ ​តោន»។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​បាន​រិះគន់​ថា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ក្នុង​ស្រុក​មាន​តម្លៃ​ទាប​ដោយសារ​តែ​មាន​ការ​នាំ​ចូល​អង្ករ​ពី​វៀតណាម​ក្នុង​បរិមាណ​​ច្រើន​ជាង​អង្ករ​ដែល​កម្ពុជា​អាច​នាំ​ចេញ។ លោក កៅ ថាច ទទួល​ស្គាល់​ថា​ពិតជា​មាន​ការ​នាំ​ចូល​អង្ករ​ពី​វៀតណាម​មែន។ «រឿង​នាំ​អង្ករ​ចូល​ពី​វៀតណាម​ហ្នឹង​វា​មាន​មែន​តាំងពី​ដើម​មក​មាន​រហូត​ដល់​អ្នក​ខ្លះ​យក​មក​លាយ​អង្ករ​ខ្មែរ​ហើយ​ថា​អង្ករ​បាត់ដំបង​ក៏​មាន។ អ្នក​លក់​ខ្លះ​ចង់​ចំណេញ​ច្រើន​លក់​អង្ករ​វៀតណាម»។ លោក​បាន​បន្ត​ទៀត​​ថា​ដើម្បី​បញ្ឈប់​ការ​នាំ​អង្ករ​​ចូល​ពី​វៀតណាម​​បាន​ពលរដ្ឋ​ខ្មែរ​ត្រូវ​ចូលរួម​ទិញ​អង្ករ​ខ្មែរ​ហើយ​នៅ​ខណៈ​នេះ​លោក​កំពុង​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​ទិញ​អង្ករ​ខ្មែរ​ដែល​មាន​តម្លៃ​ប្រហែល​ ៣២ ​ដុល្លារ​ក្នុង ​៥០ ​គីឡូក្រាម៕

No comments: