Wednesday, 14 September 2016
សហគមន៍អ្នកក្រ ជុំគ្នាប្ដូរបទពិសោធការពារផ្ទះពីការដេញ
សហគមន៍ក្រីក្រប្រជុំគ្នាផ្លាស់ប្ដូរបទពិសោធក្នុងការតស៊ូការពារដីធ្លី និងផ្ទះ។ រូបថត ហ្វេសប៊ុក
ppp
Tue, 13 September 2016
ទូច សុខា
ភ្នំពេញៈ សកម្មជនជម្លោះដីធ្លីបានប្រមូលផ្ដុំគ្នាកាលពីម្សិលមិញដើម្បីលើកទឹកចិត្តគ្នាឲ្យមានសាមគ្គីភាព និងសេចក្ដីក្លាហានក្នុងការតស៊ូទាមទារឲ្យបាននូវសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួនដែលនឹងអាចត្រូវរងការប្រឈមមុខក្នុងការបណ្ដេញចេញដោយសារគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាល។
អ្នកស្រី បូវ សោភា តំណាងសហគមន៍បឹងកក់ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រហែលជា ២០០ នាក់នៅក្នុងវេទិកាសហគមន៍ក្រីក្រក្នុងទីក្រុងដែលរៀបចំដោយសមាគមធាងត្នោតថារហូតមកដល់ពេលនេះមានពលរដ្ឋបឹងកក់ ១៦ គ្រួសារទៀតប៉ុណ្ណោះដែលនៅមិនទាន់បានទទួលដំណោះស្រាយ។
អ្នកស្រី សោភា ថ្លែងថាអ្នករស់នៅតំបន់បឹងកក់មានជាង ៤ ០០០ គ្រួសារដែលរងការបណ្តេញចេញ កាលពីឆ្នាំ ២០០៧ ហើយមានប្រជាពលរដ្ឋតែជាង ៧០០ គ្រួសារប៉ុណ្ណោះដែលមិនព្រមទទួលសំណង ៨ ៥០០ ដុល្លារក្នុងការចាកចេញទីបំផុតអ្នកទាំងនោះបានទទួលសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួនឡើងវិញដោយការតស៊ូបន្តទាមទារចង់ឲ្យមានការអភិវឌ្ឍនៅនឹងកន្លែងដែលកំពុងរស់នៅ។
អ្នកស្រីថ្លែងថា៖ «សំខាន់ខ្លាំងបំផុតគឺយើងសាមគ្គីគ្នាបែកបាក់គ្នាជាការបរាជ័យពួកយើងទាមទារយកការអភិវឌ្ឍនៅនឹងកន្លែងនៅសុខៗគេមិនបានយកប្លង់ដាក់ជើងពានមកឲ្យយើងទេយើងធ្វើអ្វីដែលត្រូវច្បាប់ មិនរំលោភច្បាប់ ហ៊ាននិយាយអ្វីដែលជាការពិតហើយរហូតមកដល់ពេលនេះយើងមិនដែលចោលគ្នាទេទោះមានការគំរាមកំហែងចាប់ដាក់គុកក៏ដោយយើងមិនខ្លាចយើងមិនភ័យដោយគ្មានជម្រើស»។
អ្នកស្រីឲ្យដឹងដែរថាជម្លោះនៅតំបន់បឹងកក់អូសបន្លាយយូរអង្វែងដោយសារមានការប្រើប្រាស់ប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋតាមរយៈអាជ្ញាធរ និងអ្នកមានអំណាចដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីនេះបែរជាសមត្ថកិច្ចអ្នកមានអំណាចគេធ្វើទុក្ខបុកម្នេញមកលើរាងកាយរបស់យើងសឹងតែពេលខ្លះមិនអាចទទួលយកបានសឹងតែបាត់បង់ជីវិតម្តងម្កាល។
ក្នុងវេទិកានោះដែរអគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេងសាវឿន ថ្លែងថាបញ្ហាជម្លោះដីធ្លីកើតមានតាំងពីទីក្រុងរហូតដល់ទីជនបទដែលជាជំងឺមហារីកដោយសារក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ហាក់នៅមានភាពយឺតយ៉ាវនៅឡើយក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លីនេះបើទោះបីជាមានការដោះដូររដ្ឋមន្ត្រីថ្មី និងមានក្រុមការងារដោះស្រាយទំនាស់ជាង ៣០ ក្រុមក៏ដោយ។
លោក សាវឿន លើកឡើងទៀតថាដើម្បីធានាឲ្យមានសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋគឺត្រូវមានការអនុវត្តច្បាប់ឲ្យមានតម្លាភាព និងឈរលើគោលការណ៍ច្បាប់ដែលទាមទារឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយជម្លោះដីធ្លីត្រូវចេះសាមគ្គីគ្នាក្នុងការតស៊ូមតិ និងមានជំហររឹងមាំ។
លោកបន្ថែមថា៖ «កាលណាគេកាន់តែរឹតត្បិតយើងត្រូវតែរឹងមាំយើងត្រូវសាមគ្គីគ្នាគ្រប់វិស័យមិនថាកសិករ កម្មករទេ សាមគ្គីគ្នា និងចែករំលែកផ្សព្វផ្សាយបញ្ហា»។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កតនៃអង្គការលីកាដូលើកឡើងដែរថារាល់មានបញ្ហាដីធ្លីអាជ្ញាធរមិនសូវបានយកចិត្តទុកដាក់ជួយពលរដ្ឋខ្លួនទៅតាមកាតព្វកិច្ចរបស់ខ្លួននោះទេហើយបែរជាសរសេររបាយការណ៍ទៅបំផ្លើសពីករណីជម្លោះនេះទៅវិញ។
លោកថ្លែងថា៖ «ចុះបើសិនជាគាត់ដោះស្រាយទៅ តើប្រជាពលរដ្ឋសុខចិត្តទៅឈរបាតុកម្មឈរអត់បាយអត់ទឹកទេបែរជាចោទប្រកាន់គេថាចង់ធ្វើបដិវត្តន៍ពណ៌»។
អ្នកនាំពាក្យក្រសួងដែនដីមិនអាចទាក់ទងបានទេ។
លោក ឌួក ធឿន អ្នកចូលរួមម្នាក់បានបង្ហាញពីការព្រួយបារម្ភពីការបាត់បង់ផ្ទះសំបែងរាល់ពេលដែលទទួលបានដំណឹងអំពីការអភិវឌ្ឍ ឬពង្រីកផ្លូវនៅក្នុងសហគមន៍របស់គាត់កំពុងរស់នៅ។
លោកថា៖ «បើគេយកយើងមិនដឹងទៅនៅឯណាដោយយើងមានតែដី និងផ្ទះ»៕
Subscribe to:
Post Comments (Atom)

No comments:
Post a Comment