ដោយ រដ្ឋា វិសាល
2016-10-13
rfa

សហគមន៍ភូមិឃ្វែង ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចុះល្បាតព្រៃនៅចំណុចអូរតាង៉ត ជិតប៉ុស្តិ៍តម្រួតការពារព្រំដែនខ្មែរ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។
Photo ADHOC
ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅភូមិតាំងលោម ជាប់ព្រំដែនប្រទេសវៀតណាម ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី អះអាងថា ជនជាតិវៀតណាម នៅតែបន្តឆ្លងដែនមកកាប់ឈើក្នុងដីខ្មែរក្បែរប៉ុស្តិ៍តម្រួតការពារព្រំដែនតំបន់នោះ។ អ្នកភូមិចោទប្រកាន់ទៅលើមន្ត្រីព្រំដែន និងអាជ្ញាធរមូលដ្ឋានថាឃុបឃិតក្នុងរឿងនេះ។
សហគមន៍ភូមិតាំងលោម អះអាងថា ជនជាតិវៀតណាម ២១នាក់ ប្រដាប់ដោយម៉ាស៊ីនកាត់ឈើ ឧបករណ៍ទាញឈើ និងប្រើប្រាស់ម៉ូតូជាមធ្យោបាយដឹកជញ្ជូនឈើបានឆ្លងទន្លេជាព្រំដែនចូលមកកាប់ឈើក្នុងដីខ្មែរក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ការអះអាងនេះធ្វើឡើងក្រោយពេលសមាជិកសហគមន៍បីនាក់បានដើរល្បាតព្រៃ ហើយប្រទះឃើញជនជាតិវៀតណាម ទាំងនោះកំពុងអាររំលំ និងដឹកជញ្ជូនឈើក្នុងព្រៃចំណុចអូរព្រាម ជិតប៉ុស្តិ៍នគរបាលការពារព្រំដែនផាតាម កាលពីថ្ងៃទី១២ ខែតុលា។
សមាជិកក្រុមល្បាតព្រៃម្នាក់ គឺលោក រម៉ាម ហ្យ៊ាង បញ្ជាក់ថា វៀតណាមទាំង ២១នាក់នេះឆ្លងទូកពីត្រើយម្ខាងទន្លេទឹកដីប្រទេសវៀតណាម មកចតទូកនៅចម្ងាយ ៥០០ម៉ែត្រ ពីប៉ុស្តិ៍តម្រួតផាតាម ហើយចូលព្រៃកាប់ឈើ ចំណែកសហគមន៍មានគ្នាតិចមិនអាចរារាំងជនជាតិវៀតណាម ទាំងនោះបានឡើយ។ លោកបន្តថា តម្រួតព្រំដែន និងប្រជាពលរដ្ឋ រួមទាំងមន្ត្រីមូលដ្ឋានមានជាប់ពាក់ព័ន្ធទទួលប្រាក់ជាថ្នូរឲ្យជនជាតិវៀតណាម កាប់ឈើនេះ៖ «ជួបគ្នា ពួកខ្ញុំទៅតែបីនាក់ ថ្ងៃម្សិលបានជួបហ្នឹង។ ត្រូវការឲ្យគេបង្ក្រាបឲ្យពួកខ្ញុំប្រជាពលរដ្ឋគិតតែ ឥឡូវគេញាត់តែហោប៉ៅអាវទៅមួយរួចខ្លួនៗ»។
កាលពីថ្ងៃទី១២ ខែតុលា ក្រុមល្បាតព្រៃសហគមន៍ភូមិតាំងលោម បានថតរូបជនជាតិវៀតណាម ខ្លះកំពុងអាររំលំឈើ ខ្លះដឹកជញ្ជូនឈើទុកជាវត្ថុតាងបញ្ជូនមកមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ជួយអន្តរាគមន៍ទៅឲ្យអាជ្ញាធរចុះទប់ស្កាត់ករណីនេះ។
អ្នកនាំពាក្យ និងអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា លោកមិនបានទទួលព័ត៌មានណាមួយទាក់ទិនសេចក្ដីរាយការណ៍នេះទេ។ លោកថា នឹងផ្ទៀងផ្ទាត់សេចក្ដីអះអាងនេះជាមួយតម្រួតព្រំដែន និងអាជ្ញាធរមូលដ្ឋានដើម្បីចាត់វិធានការបង្ក្រាប៖ «ខ្ញុំទើបដឹងលើកទី១ ចាំមើលខ្ញុំទាក់ទងនៅខាងប៉ូលិសព្រំដែន ហើយនិងអាជ្ញាធរ»។
ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក កែប កត់ បញ្ជាក់ដែរថា មន្ត្រីជំនាញបានទទួលព័ត៌មានដូចគ្នា និងបានរៀបចំកម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់នេះ។
កាលពីចុងខែកញ្ញា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបដាក់ចេញវិធានការម៉ឺងម៉ាត់បន្ថែមទៀត ប្រគល់សមត្ថកិច្ចដល់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឲ្យលុបបំបាត់ការនាំឈើចេញគ្មានច្បាប់ទៅក្រៅប្រទេសតាមច្រករបៀង និងច្រកព្រំដែនទាំងអស់ឲ្យមានប្រសិទ្ធភាព។
អ្នកឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកបទល្មើសព្រៃឈើឆ្លងដែននៅច្រករបៀងប៉ុស្តិ៍ផាតាម ថាជាការទទួលខុសត្រូវសមត្ថកិច្ចពាក់ព័ន្ធដែលត្រូវអនុវត្តបទបញ្ជា និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។ លោកថា នៅតំបន់ច្រករបៀងព្រំដែនប៉ុស្តិ៍ផាតាម គឺជាកន្លែងចរាចរឈើខុសច្បាប់ឆ្លងដែនកើតមានច្រើនឆ្នាំមកហើយ៖ «ខាងវៀតណាម ចូលមកកាប់អារដឹកជញ្ជូនស្រេចចិត្ត មានការឃុបឃិតទទួលផលប្រយោជន៍ពីវៀតណាម ទាំងអស់ហ្នឹង»។
កាលពីខែកក្កដា សហគមន៍តាំងលោម រាយការណ៍ថា ម៉ូតូប្រមាណ ២០ ទៅ ៣០គ្រឿងក្នុងមួយថ្ងៃៗ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រករបៀងប៉ុស្តិ៍នគរបាលការពារព្រំដែនផាតាម និងប៉ុស្តិ៍ផាសាវ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស៕
No comments:
Post a Comment