Wednesday, 1 February 2017
បក្សប្រឆាំងហៅការលុបចោលតំណាងក្រុមភាគតិចភាគច្រើនជាការលុបចោលស្ថាប័ន
ដោយ ឡេង ម៉ាលី
2017-01-31
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងក្នុងសន្និសីទកាសែត នាទីស្នាក់ការកណ្ដាលគណបក្សសង្កាត់ចាក់អង្រែលើ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ RFA/Leng Maly
RFA/Leng Maly
គណបក្សសង្គ្រោះជាតិ ចាត់ទុកការលុបចោលក្រុមសំឡេងតំណាងរាស្ត្រភាគតិច និងភាគច្រើននៅក្នុងសភាដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣១ មករា ថាជាការលុបបំបាត់ស្ថាប័ននៅក្នុងនីតិប្បញ្ញត្តិ។ រីឯអ្នកវិភាគសង្គមយល់ថា ក្រុមតំណាងនេះមិនបានផ្ដល់ផលប្រយោជន៍អ្វីដល់ជាតិទេ។
អ្នកវិភាគសង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា ក្រុមតំណាងរាស្ត្រសំឡេងភាគតិច និងសំឡេងភាគច្រើនក្នុងសភាសម្រាប់ពិភាក្សានយោបាយ ដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទើបលុបចោលលែងឲ្យមាននោះ ជាការឥតប្រយោជន៍៖ «តាំងពីការបង្កើតយន្តការមួយហ្នឹងមក វាដូចអត់មានឃើញប្រយោជន៍ធំដុំសម្រាប់សង្គមជាតិផង ឃើញតែអ្នកដឹកនាំនៅតែបន្តប្រើប្រាស់ល្បែងកខ្វក់ហ្នឹងជះលើគ្នាទៅវិញទៅមក។ អ៊ីចឹងសម្រាប់ខ្ញុំវិញ ទោះបីជាលុបចោល ឬក៏ទុកឲ្យនៅដូចជាមិនមានប្រយោជន៍អីសម្រាប់សង្គមជាតិផង ដរាបណាអ្នកនយោបាយទាំងសងខាងមិនបានប្ដេជ្ញាចិត្តក្នុងការចូលរួមធ្វើកិច្ចការហ្នឹង ដើម្បីប្រយោជន៍ជាតិ»។
ដោយឡែកអគ្គលេខាធិការគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី៣១ មករា ថា ការធ្វើវិសោធនកម្មកែប្រការ៤៨ (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោលក្រុមសំឡេងភាគតិច និងភាគច្រើននោះ ថាជាការលុបបំបាត់ស្ថាប័នក្នុងនីតិប្បញ្ញត្តិ៖ «ខ្ញុំសុំថា រឿងហ្នឹងមិនមែនជារឿងបុគ្គលទេ គឺជាការលុបបំបាត់ស្ថាប័ន។ ដូច្នេះថ្ងៃនេះ រដ្ឋសភាដែលមានតែខាងគណបក្សប្រជាជនកម្ពុជា ដែលធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងប្រការ៤៨ (៣) ឲ្យទៅជាដូចដើម ប្រការ (២) វិញហ្នឹង គឺមិនមែនជាដកតំណែងលោក កឹម សុខា ទេ គឺជាការលុបបំបាត់ស្ថាប័ន។ ស្ថាប័ននៃសំឡេងភាគតិច និងភាគច្រើន»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ រំឭកថា ការកែប្រការនេះ គឺមានគោលបំណងពង្រឹងការងាររបស់ស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីធ្វើយ៉ាងម៉េចឲ្យសភាជាស្ថាប័នរឹងមាំ មានលទ្ធភាពក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិ ហើយការចែងប្រការ៤៨ (៣) នោះ គឺដើម្បីសម្រាប់អ្នកបន្តវេនទៅអនាគត។
លោក ហ៊ុន សែន ថ្លែងថា ការដែលលោកស្នើសុំឲ្យធ្វើវិសោធនកម្មប្រការ៤៨ (៣) នៃវិធានផ្ទៃក្នុងនេះ មិនមែនធ្វើឡើងក្នុងពេលខ្លីទេ គឺចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មក ដែលមានមន្ត្រីគណបក្សសង្គ្រោះជាតិ ខ្លះមិនទទួលយកការតែងតាំងលោក កឹម សុខា ជាប្រធានក្រុមតំណាងរាស្ត្រភាគតិចក្នុងសភា។ លោកបញ្ជាក់ថា លោកមានមូលហេតុប្រាំយ៉ាង ដែលនាំឲ្យលោកស្នើសុំធ្វើវិសោធនកម្មលុបប្រការ៤៨ (៣) នៃវិធានផ្ទៃក្នុងនោះ មានជាអាទិ៍ គឺបណ្ដាលមកពីការបកស្រាយខ្លឹមសារប្រការនេះខុសគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា៖ «ទីពីរ ដើម្បីបញ្ចប់ការបំពានអំណាចតាមរយៈការប្រើយន្តការនេះ ពិភាក្សាកិច្ចការដែលជាសមត្ថកិច្ចតុលាការ ឬសមត្ថកិច្ចរាជរដ្ឋាភិបាល។ ទីបី គឺដើម្បីបញ្ចប់វប្បធម៌សំឡេងភាគតិចចាប់សំឡេងភាគច្រើនធ្វើចំណាប់ខ្មាំងខាងនយោបាយ ដែលទាមទារមិនចេះចប់ ឲ្យដោះស្រាយតាមផ្លូវនយោបាយនូវពួកជាប់ទោសព្រហ្មទណ្ឌ។ ទីបួន គឺបញ្ចប់ការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា មិនចង់ចរចា»។
លោក ហ៊ុន សែន បញ្ជាក់ថា ការធ្វើវិសោធនកម្មប្រការ៤៨ (៣) នេះ គឺមិនមែនលុបចោលតែតំណែងប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគតិចទេ គឺលុបចោលតំណែងប្រធានក្រុមសំឡេងភាគច្រើនដែរ។ ទោះជាយ៉ាងនេះក្ដី លោកថាគណបក្សទាំងពីរនៅតែមានវិធីពិភាក្សាគ្នា៖ «ខ្ញុំសុំបញ្ជាក់ឲ្យហើយ វប្បធម៌សន្ទនានៅតែមាន តាមគណៈអចិន្ត្រៃយ៍សភានោះនិយាយគ្នាទៅ។ គណៈអចិន្ត្រៃយ៍សភាមាន អស់លោកទេតើ តែអស់លោកមិនព្រមមក ថ្ងៃក្រោយមិនបាច់និយាយតែម្ដងទៅ។ តែយើងនៅតែនិយាយ ឲ្យតែគេមក។ តែឥឡូវយើងនិយាយជាមួយនរណា បើគេអត់នៅផង។ យន្តការសភាវាគ្រប់គ្រាន់ហើយ មិនបាច់និយាយអីច្រើនទេ»។
ប្រការ៤៨ ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងសភា ត្រូវបានគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ព្រមព្រៀងគ្នាកែពីប្រការ៤៨ (២) ក្នុងពេលចរចាគ្នាកាលពីឆ្នាំ២០១៤ បញ្ចប់ភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ដើម្បីធ្វើជាយន្តការពិភាក្សាគ្នាអំពីបញ្ហានយោបាយជាតិ។ ប៉ុន្តែពេលនេះ ក្រុមតំណាងរាស្ត្រ ៦៧រូបរបស់គណបក្សប្រជាជនកម្ពុជា សម្រេចលែងឲ្យមានក្រុមតំណាងសំឡេងភាគតិច និងភាគច្រើនទៀតហើយ។ ទោះជាលុបចោលយ៉ាងនេះក្ដី គណបក្សទាំងពីរនៅតែអះអាងថា វប្បធម៌សន្ទនានឹងនៅតែបន្តតាមរយៈសមាជិកគណៈកម្មការរដ្ឋសភា ដែលមានស្រាប់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment