Thursday, 2 February 2017

"លោក ហ៊ុន សែន រំលោភ​រដ្ឋធម្មនុញ្ញ​បើសិនជា​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ"


School of Vice: Xamdaach violates most things under the Cambodian sky!


>>>


ដោយ ទីន ហ្សាការីយ៉ា
2017-02-02


អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។

Photo: RFA



អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គួរ​តែ​កសាង​ប្រជាប្រិយភាព និង​ធ្វើ​កំណែ​ទម្រង់​លុបបំបាត់​អំពើ​អយុត្តិធម៌​ទាំងឡាយ​នៅ​ក្នុង​សង្គម​វិញ ប្រសើរ​ជាង​ការ​ចង់​កាច់​បំបាក់​ដៃគូ​ប្រកួត​នៅ​មុន​ពេល​បោះឆ្នោត​មក​ដល់។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​ចោល ប្រសិន​ប្រធាន​គណបក្ស​នោះ​ធ្វើ​ខុស​ច្បាប់​ដូច​នៅ​ប្រទេស​ថៃ នោះ ជា​ការ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ចុះ​ទៅ​វិញ​ទេ។

​អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ពន្យល់​ថា ការ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដោយ​បន្ថែម​ចំណុច​អ្នក​ដែល​ជាប់​ទោស​មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស ឬ​អាច​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​នោះ​ចោល ជា​រឿង​រំលោភ​រដ្ឋធម្មនុញ្ញ។



នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា បាន​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មិន​មែន​ជា​ប្រទេស​ប្រកាន់​របប​យោធា​ដូច​នៅ​ប្រទេស​ថៃ ទេ។ លោក​បញ្ជាក់​ថា នៅ​ប្រទេស​ថៃ គេ​បាន​កែ​រដ្ឋធម្មនុញ្ញ​ជា​ប្រទេស​គ្រប់គ្រង​ដោយ​របប​យោធា តែ​សម្រាប់​កម្ពុជា​វិញ រដ្ឋាភិបាល​មិន​អាច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​គណបក្ស​នយោបាយ​ដោយ​បន្ថែម​ដល់​ការ​រំលាយ​គណបក្ស ឬ​មិន​អាច​ធ្វើ​ជា​ប្រធាន អនុ​ប្រធាន​គណបក្ស ប្រសិនបើ​មេ​បក្ស​មាន​ទោស​នោះ​ទេ៖ «មេ​បក្ស​មាន​ទោស​មាន​អី? ក្នុង​ក្របខ័ណ្ឌ​បក្ស​ផ្សេង ក្នុង​រដ្ឋាភិបាល​ផ្សេង គេ​ដាក់​លក្ខខណ្ឌ​គេ​ដាក់​លក្ខខណ្ឌ​ផ្សេង ព្រោះ​ក្នុង​ច្បាប់​គណបក្ស​នយោបាយ​មាន​ស្រាប់​ហើយ ម្យ៉ាង​បើ​ក្នុង​ពេល​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ផ្សេង​ដែល​គេ​ជ្រើស»។

ការ​លើក​ឡើង​របស់​លោក គល់ បញ្ញា នេះ នៅ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា នឹង​ជំរុញ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត កំណត់​ពី​អ្នក​ដែល​ជាប់​ទោស​មិន​អាច​ធ្វើ​ជា​ប្រធាន អនុប្រធាន​គណបក្ស ឬ​អាច​ឈាន​ដល់​រំលាយ​គណបក្ស​នោះ​ចោល​ទៀត។

ក្រៅ​ពី​លោក ហ៊ុន សែន ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នោះ លោក​នាយករដ្ឋមន្ត្រី​ព្រមាន​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ចាត់ការ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​ទៀត។ លោក ហ៊ុន សែន ព្រមាន​លោក សុន ឆ័យ ថា លោក​មិន​អាច​នៅ​តែ​បង្កើត​វេទិកា​ជួប​អ្នក​កាសែត ហើយ​និយាយ​ថា មាន​គម្រោង​កោះ​ហៅ​រដ្ឋមន្ត្រី ៣​រូប របស់​រដ្ឋាភិបាល​មក​ឆ្លើយ​បំភ្លឺ​នៅ​សភា​នោះ៖ «អាណា​ធ្វើ​ខុស​ធ្ងន់​រំលាយ​បក្ស​ចោល​ម៉ង ធ្វើ​ឲ្យ​ធ្ងន់​ម៉ង ព្រោះ​កុំ​ឲ្យ​វា​ខូច​ពេក ព្រោះ​នៅ​ថៃ ប៉ុន្មាន​ឆ្នាំ​មក​នេះ គេ​រំលាយ​អស់​ប៉ុន្មាន​នោះ? ឥឡូវ​បក្ស​របស់​ថាក់ស៊ីន ចុះ​ថៃរ៉ាក់ថៃ ត្រូវ​រំលាយ បង្កើត​បក្ស​កម្លាំង​ប្រជាជន​រំលាយ​ទៀត»។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សុន ឆ័យ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ។

ចំពោះ​ការ​បញ្ចេញ​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក សុន ឆ័យ ដែល​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​​៣១ ខែ​មករា ប្រកាស​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា។ នៅ​ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន បាន​ដាក់​លក្ខខណ្ឌ​ពីរ​មុន នឹង​អនុញ្ញាត​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា គឺ​ទី​១ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ត្រូវ​តែ​ចូល​ប្រជុំ​សភា​ជា​រៀងរាល់​អង្គ​ប្រជុំ ទី​២ មិន​ត្រូវ​ចេញ​មក​និយាយ​ជាមួយ​អ្នក​កាសែត​ថា លទ្ធផល​នៃ​ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​នោះ​ថា មិន​ល្អ​នោះ​ទេ នៅ​ពេល​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​គ្នា​ថា​ល្អ​នោះ៖ «ទី​១ ផ្ដាំ​ទៅ​លោក សុន ឆ័យ លោក​ចង់​សាក លោក​ធ្វើ​មើល! កុំ​ចង់​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ កុំ​ចង់​បង្កើត​សភា​ពីរ សភា​មួយ​នៅ​ចាក់អង្រែ សភា​មួយ​នៅ​ឯណេះ កុំ​យក​វេទិកា​ប្រជុំ​កាសែត​ធ្វើ​របៀប​ហ្នឹង បើ​លោក​ចិត្ត​ជា​កូន​ប្រុស ក្រោយ​ពេល​ប្រធាន​សភា​លុប​ចោល​ការ​តែងតាំង​ឡាយ​ហើយ លោក​ដើរ​ប្រកាស​ខ្លួន​ឯង​មើល លោក​សាក​មើល? ប្រយ័ត្ន​ហា៎! ធ្វើ​ម៉េច​ក៏ដោយ កុំ​ខុស​បទ​ព្រហ្មទណ្ឌ​ជាក់ស្ដែង អា​ហ្នឹង​គេ​ចាប់​អត់​មាន​ការ​ថយ​ក្រោយ​ទេ»។

នៅ​ស្រប​ពេល​លោក ហ៊ុន សែន ប្រកាស​មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​នេះ អ្នកនាំពាក្យ​រដ្ឋ​សភា​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ភ្លាមៗ​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា រដ្ឋសភា​សម្រេច​ផ្អាក​មិន​បញ្ជូន​សំណើ​កោះ​ហៅ​រដ្ឋមន្ត្រី​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ចំពោះ​គណៈកម្មការ​នានា​នៃ​រដ្ឋ​សភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជា​បណ្ដោះអាសន្ន​សិន បើសិនជា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពុំ​អនុវត្ត​ការងារ​របស់​ខ្លួន​ក្នុង​សភា​ជា​ប្រក្រតី​ទេ​នោះ។

​បន្ថែម​ពី​លើ​បញ្ហា​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​លោក​បណ្ឌិត មាស នី អ្នក​វិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​ផង​ដែរ។ លោក ហ៊ុន សែន លើក​ឡើង​ថា លោក មាស នី និយាយ​ថា លោក​នាយករដ្ឋមន្ត្រី​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​មាត្រា​៩៧ ដែល​ចែង​ថា គណៈកម្មការ​ទាំង​ឡាយ​របស់​រដ្ឋ​សភា​អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ដែល​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​នោះ គឺ​ជា​ការ​វិភាគ​មិន​ត្រឹមត្រូវ៖ «គេ​ហៅ​លោក​ហ្នឹង​បណ្ឌិត​មែនទែន ឬ​បណ្ឌិត​លេងៗ​វ៉ី! ស្អី​ឈ្មោះ មាស នី នេះ គាត់​និយាយ​ថា គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ដែល​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​នោះ​ថា លោក មាស នី វិភាគ​មិន​ត្រឹមត្រូវ។ ខ្ញុំ​ដឹង​រដ្ឋធម្មនុញ្ញ។ ខ្ញុំ​មិន​មែន​ជា​បណ្ឌិត​ទេ តែ​ខ្ញុំ​ជា​ឪ​បណ្ឌិត ព្រោះ​ខ្ញុំ​មាន​កូន​ជា​បណ្ឌិត​មិន​តិច​ជាង​ពីរ បើ​និយាយ​ថា​ខ្ញុំ​ជា​ឪ​ទាហាន​ក៏​ត្រូវ​ដែរ ព្រោះ​ខ្ញុំ​មាន​កូន​បណ្ឌិត​ទាហាន។ ខ្ញុំ​ជា​ឪ​ទូរទស្សន៍​ក៏​ត្រូវ​ដែរ ព្រោះ​កូន​ខ្ញុំ​បើក​រក​ស៊ី​ទូរទស្សន៍»។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​បណ្ឌិត មាស នី បញ្ជាក់​ថា ជា​ធម្មតា​ទេ អ្នក​វិភាគ​អាច​វិភាគ​ខុស និង​អាច​វិភាគ​ត្រូវ។ ចំពោះ​ការ​គំរាម​រូប​លោក​វិញ លោក​ថា លោក​មិន​អាច​និយាយ​ថា ខ្លាច ហើយ​លោក​ក៏​មិន​អាច​និយាយ​ថា មិន​ខ្លាច​ដែរ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា អាជីព​របស់​លោក​ជា​អ្នក​វិភាគ​ពី​បញ្ហា​សង្គម​នោះ លោក​មិន​អាច​បោះបង់​បោល​ចោល​ទេ។ ក្រៅ​ពី​នេះ​ទៀត នៅ​ក្នុង​បរិបទ​សង្គម​បច្ចុប្បន្ន លោក​បណ្ឌិត មាស នី ពន្យល់​ថា លោក​នាយករដ្ឋមន្ត្រី ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ស៊ី​ជម្រៅ និង​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ ប្រសើរ​ជាង​ការ​គំរាម និង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ៖ «បើ​ចង់​បាន​ប្រជាប្រិយភាព ទាល់​តែ​ជួយ​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង កុំ​ឲ្យ​វា​បំភ្លៃ​ភ្នែក​ប្រជាជន បើ​ចង់​បាន​ឈ្នះ ប្រើ​ប្រព័ន្ធ​យុត្តិធម៌​ដូច​បច្ចុប្បន្ន»។

​លោក​បណ្ឌិត មាស នី សង្កត់​ធ្ងន់​ថា លទ្ធផល​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាត់​សំឡេង​គាំទ្រ ឬ​បាត់​អាសនៈ​ក្នុង​សភា​នោះ គឺ​ជា​រង្វាស់​មួយ​ដ៏​សំខាន់​របស់​គណបក្ស​កាន់​អំណាច ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ តាំង​ពី​ឆ្នាំ​២០១៤ មក នៅ​គ្រា​ដែល​ស្ថានភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត ដើម្បី​វាយ​បំបាក់​បក្ស​ប្រឆាំង។

​ទាំង​លោក គល់ បញ្ញា អ្នកឃ្លាំមើល​ការ​បោះឆ្នោត និង​លោក​បណ្ឌិត មាស នី អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​លើក​ឡើង​ដូច​គ្នា​ថា ការ​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ មិន​មែន​ជា​រឿង​នៅ​ចំពោះ​មុខ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​នោះ​ឡើយ បញ្ហា​សំខាន់​នៅ​ត្រង់​ថា តើ​ទង្វើ​នេះ​ពិត​ជា​ទាក់ទាញ​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ប្រសើរ​ឡើង​វិញ ឬ​ទាក់ទាញ​ឲ្យ​កាន់​តែ​ធ្លាក់​ចុះ នៅ​គ្រា​ដែល​អំពើ​អយុត្តិធម៌​សង្គម ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​រំលោភ​សិទ្ធិមនុស្ស​ដូចជា​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​អំពើ​ពុករលួយ​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​នោះ៕ ​

No comments: