Thursday, 2 February 2017

អាជ្ញាធរ​បង្កើត​មណ្ឌល​បន្ថែម​ដើម្បី​ផ្ទុក​អ្នក​ញៀន​គ្រឿង​ញៀន​បន្ទាប់​ពី​ឃាត់​ខ្លួន​ជិត​៣​ពាន់​នាក់


ដោយ រាជ វិញ្ញូ
2017-02-02


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (កណ្ដាល) បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rach Vingur
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (កណ្ដាល) បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rach Vingur
 RFA/Rach Vingur



លទ្ធផល​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​ខែ​ដំបូង គឺ​អាជ្ញាធរ​បង្ក្រាប​បាន​ចំនួន​ជាង ១​ពាន់​ករណី និង​ឃាត់​ខ្លួន​មនុស្ស​ជិត ៣​ពាន់​នាក់។ ស្រប​ពេល​អាជ្ញាធរ​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​បាន​កាន់​តែ​ច្រើន​នេះ អាជ្ញាធរ​ក៏​កំពុង​ប្រឈម​នឹង​ការ​លំបាក ដោយសារ​ខ្វះ​មណ្ឌល​បណ្ដោះអាសន្ន​ដើម្បី​ផ្ទុក​អ្នក​ញៀន​គ្រឿង​ញៀន។

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រចាំ​ខែ​មករា ឆ្នាំ​២០១៧ នៃ​យុទ្ធនាការ​ដែល​មាន​រយៈពេល​ចំនួន ៦​ខែ​របស់​រដ្ឋាភិបាល គឺ​បង្ក្រាប​បាន​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​ចំនួន ១.១៤៤​ករណី ឃាត់​ខ្លួន​មនុស្ស​ចំនួន ២.៧៧៣​នាក់ ស្រី ២៦៧​នាក់ និង​យក​សារធាតុ​ញៀន​សរុប ៩.១៤៨,៨៣​ក្រាម។ ក្រៅ​ពី​នោះ អាជ្ញាធរ​ក៏​បង្ក្រាប​បាន​រថយន្ត ១១​គ្រឿង ម៉ូតូ ២៥៧​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន ៧០៣​គ្រឿង។



នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី​១ ប្រចាំ​ខែ​មករា នៅ​ថ្ងៃ​ទី​២ កុម្ភៈ ឲ្យ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ចំនួន ២.៧៧៣​នាក់ ដែល​អាជ្ញាធរ​ឃាត់​ខ្លួន​ទាក់ទង​នឹង​គ្រឿង​ញៀន គឺ​មាន​ឈ្មួញ​ជួញដូរ​ចំនួន ១.៣៣០​នាក់ ស្រី ១៧២​នាក់ (នគរបាល ៤​នាក់ អាវុធហត្ថ ១​នាក់ និង​យោធា ១​នាក់)។ ចំណែក​អ្នក​ប្រើប្រាស់​មាន​ចំនួន ១.៤៤០​នាក់ ស្រី ៩៤​នាក់ និង​ឃាត់​ខ្លួន​តាម​ដីកា​តុលាការ​ពី​បទ​ជួញដូរ​គ្រឿង​ញៀន​មាន ១៩​ដីកា ឃាត់​ខ្លួន ១៣​នាក់ ស្រី ៣​នាក់។

របាយការណ៍​ដដែល​បន្ត​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ចាត់​ក្រុម​បច្ចេកទេស​ចុះ​ពិនិត្យ សិក្សា រៀបចំ និង​កសាង​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ រីឯ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ខេត្ត​កណ្ដាល កំពុង​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់​ជាតិ ដើម្បី​កសាង​មណ្ឌល​បណ្ដោះអាសន្ន​សម្រាប់​ព្យាបាល ស្ដារ​នីតិសម្បទា ផ្ដល់​វិជ្ជាជីវៈ បំណិន​ជីវិត ការ​ធ្វើ​សមាហរណកម្ម និង​ចាកចេញ​ពី​គ្រឿង​ញៀន។ លើស​ពី​នេះ នៅ​ខេត្ត​កំពង់ចាម ក៏​បាន​រៀបចំ​កន្លែង​ផ្ដល់​សេវា​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន ២០​ទីតាំង​នៅ​តាម​មន្ទីរពេទ្យ​បង្អែក។

ឆែកឆេរ​គ្រឿងញៀន​ស្ទឹងត្រែង ៦២០
ឆែកឆេរ​គ្រឿងញៀន​ស្ទឹងត្រែង ៦២០នគរបាល​ប្រដាប់​អាវុធ​ខេត្ត​ស្ទឹងត្រែង ចុះ​ឆែកឆេរ​ទីតាំង​ផ្ទះ​ជន​សង្ស័យ​​ជួញដូរ​គ្រឿងញៀន ​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Men Sothyr RFA/Men Sothyr


ពាក់ព័ន្ធ​នឹង​វិធានការ​កម្ចាត់​សារធាតុ​ញៀន​នៅ​ក្នុង​ខែ​មករា ក្រសួង​សុខាភិបាល ក៏​បាន​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន ៨១៨​នាក់ នៅ​ចំនួន ១៧៧​កន្លែង និង​បាន​ចុះ​ពិនិត្យ​បច្ចេកទេស​នៅ​មណ្ឌល​សុខភាព និង​ស្ដារ​នីតិសម្បទា​របស់​ក្រសួង​សង្គមកិច្ច នៅ​ខណ្ឌ​សែនសុខ ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហការ​បច្ចេកទេស។

អំឡុង​ពេល​អាជ្ញាធរ​អនុវត្ត​ផែនការ​បង្ក្រាប​គ្រឿង​ញៀន​នេះ នៅ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្ដារ​នីតិសម្បទា (ក្រាំងធ្នង់) មាន​ក្រុម​អ្នក​ញៀន​គ្រឿង​ញៀន​មាន​គ្នា​ចំនួន ១៨​នាក់ បាន​ចាប់​សន្តិសុខ​គំរាម ដើម្បី​រត់​គេច​ខ្លួន ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឃាត់​ខ្លួន​មក​វិញ។

ក្រៅ​ពី​វិធានការ​ក្ដៅ​ដើម្បី​ឃាត់​អ្នក​ញៀន​គ្រឿង​ញៀន និង​អ្នក​ជួញដូរ​គ្រឿង​ញៀន ក្រសួង​អប់រំ ក្រសួង​ប្រៃសណីយ៍ ក្រសួង​ទេសចរណ៍ និង​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក៏​បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​ទប់ស្កាត់ និង​វិធីសាស្ត្រ​យល់​ដឹង​ទាក់ទង​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ទៅ​ដល់​សិស្ស​និស្សិត ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ រោងចក្រ និង​សហគ្រាស និង​ទីតាំង​កម្សាន្ត​នានា​ជាដើម​នៅ​ទូទាំង ២៥​ខេត្ត-ក្រុង។

នាយក​ប្រតិបត្តិ​អង្គការ​ខាណា (KHANA) លោក ជួប សុខចំរើន សម្ដែង​ការ​សាទរ​នៅ​ពេល​ឃើញ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​សម្រាប់​ខែ​មករា អាច​បង្ក្រាប​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន​បាន​ចំនួន​ច្រើន។ ប៉ុន្តែ​លោក​ថា លទ្ធផល​បឋម​នៃ​ការ​បង្ក្រាប​ដែល​ជា​វិធានការ​ក្ដៅ​នេះ គឺ​មាន​ចំនួន​តិចតួច​បំផុត ដែល​អាជ្ញាធរ​អាច​បង្ក្រាប​ឈ្មួញ​ធំៗ​ដែល​ធ្វើ​ការ​រត់​ពន្ធ និង​ចែកចាយ​គ្រឿង​ញៀន៖ «ប៉ុន្តែ​យើង​សាទរ ប្រសិន​បើ​ចាប់​អា​ធំ​កាន់​តែ​ច្រើន»។

លោក​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ដែល​អង្គការ​របស់​លោក​ធ្លាប់​រក​ឃើញ​ថា បាន​ឆ្លង​មេរោគ​អេដស៍ និង​តែងតែ​ទទួល​បាន​ថ្នាំ​បង្ការ​ពី​អង្គការ​ខាណា។ លោក ជួប សុខចំរើន ចង់​ឲ្យ​អាជ្ញាធរ​ដែល​អនុវត្ត​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន គួរ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ចំពោះ​អ្នក​ញៀន​គ្រឿង​ញៀន​ទាំងអស់ ដែល​បាន​ឃាត់​ខ្លួន​រួច​ហើយ ត្រូវ​លៃលក​បញ្ជូន​ពួក​គាត់​ឲ្យ​បាន​សមរម្យ ចំពោះ​ប្រភេទ​អ្នក​ញៀន​កម្រិត​ស្រាល និង​កម្រិត​ធ្ងន់ ជាពិសេស​អ្នក​ញៀន​គ្រឿង​ញៀន​ខ្លះ​មាន​ឆ្លង​មេរោគ និង​ត្រូវការ​ថ្នាំ​បង្ការ​ជា​ទៀងទាត់៖ «គាត់​នឹង​បាត់បង់​សេវា​ដែល​យើង​បាន​ផ្ដល់​ឲ្យ ហើយ​បារម្ភ​មែនទែន ព្រោះ​អ្នក​មួយ​ចំនួន គឺ​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍»។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ធ្លាប់​បង្ហាញ​របាយការណ៍​ថា អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៦ កើន​ឡើង​ជាង ២​ពាន់​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​ភាគច្រើន​គឺ​ជា​យុវជន​ដែល​មាន​អាយុ ១៨​ឆ្នាំ​ទៅ ៣៥​ឆ្នាំ។ អ្នក​ប្រើប្រាស់​គ្រឿង​ញៀន នឹង​ជួប​ប្រទះ​ជំងឺ​ផ្សេងៗ​ជាច្រើន ដូចជា​ខូច​ថ្លើម តម្រង​នោម ជំងឺ​បេះដូង ស្រក​ទម្ងន់ ខូច​អវយវៈ ញាក់​កន្ត្រាក់ ជំងឺ​បាក់​ស្មារតី ចុះ​ខ្សោយ​រាងកាយ និង​រហូត​អាច​បាត់បង់​ជីវិត៕

No comments: