Saturday, 4 February 2017

"សហរដ្ឋអាមេរិក​មិន​ដែល​ពិចារណា​លុប​ចោល​បំណុល​កម្ពុជា​ជំពាក់​នោះ​ទេ"


ដោយ យាង សុជាមេត្តា
2017-02-03

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) [រូប​ពាក់​ក្រវាត់ក​ក្រហម] ថ្លែង​ក្នុង​សន្និសីទ​សារសារព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យ​មើល​ទំនាក់ទំនង​កម្ពុជា-​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) [រូប​ពាក់​ក្រវាត់ក​ក្រហម] ថ្លែង​ក្នុង​សន្និសីទ​សារសារព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ភ្នំពេញ ពិនិត្យ​មើល​ទំនាក់ទំនង​កម្ពុជា-​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
 RFA/Rann Samnang



ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) អះអាង​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ថា សហរដ្ឋអាមេរិក​មិន​ដែល​បាន​ពិភាក្សា ឬ​ពិចារណា​ដល់​ការ​លុប​ចោល​បំណុល​ដែល​កម្ពុជា ជំពាក់​នោះ​ទេ។

លោក វីល្លៀម ហៃដ្ដ ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ក្នុង​ជំនួប​តុ​មូល​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ថា តាំង​ពី​លោក​បាន​មក​ធ្វើ​ការ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នៅ​ទសវត្សរ៍​ឆ្នាំ​៩០ មក ការ​លុបចោល​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋអាមេរិក មិន​មែន​ជា​ប្រធានបទ​ដែល​សហរដ្ឋអាមេរិក ដាក់​លើ​តុ​ដើម្បី​ពិភាក្សា​នោះ​ទេ ប៉ុន្តែ​លោក​ថា សហរដ្ឋអាមេរិក លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចរចា​ដើម្បី​ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា​បំណុល​នេះ។



លោក វីល្លៀម ហៃដ្ដ បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០ ចំនួន​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋអាមេរិក ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​មិន​ដល់ ២០០​លាន​ដុល្លារ​នោះ​ទេ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ បំណុល​នេះ​បាន​កើន​ដល់​ជិត ៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ហើយ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា មិន​គួរ​បន្ត​ទុក​ឲ្យ​បំណុល​នេះ​កើន​ឡើង​នោះ​ឡើយ ហើយ​គួរ​ទទួល​យក​នូវ​កិច្ច​ព្រមព្រៀង​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៩០។

ទោះជា​យ៉ាងណា​ក៏ដោយ កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋអាមេរិក តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ គឺ​កម្ពុជា មិន​អាច​ពិនិត្យ​បាន​ឡើយ ដោយ​មិន​ដឹង​ថា បំណុល​នេះ​កម្ពុជា យក​ទៅ​ធ្វើ​អ្វី​នៅ​ពេល​ណា​ខ្លះ ដែល​នេះ លោក ហ៊ុន សែន ថា​ផ្ទុយ​ពី​បំណុល​កម្ពុជា ជំពាក់​ប្រទេស​រុស្សី ដែល​កម្ពុជា អាច​ពិនិត្យ​បាន។

កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក លុប​បំណុល​កម្ពុជា ដោយ​លោក​ចាត់​ទុក​ថា វា​ជា​បំណុល​កខ្វក់។ ក្រៅ​ពី​ទាមទារ​ឲ្យ​អាមេរិក​លុបចោល​បំណុល លោក ហ៊ុន សែន ក៏​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក ទទួល​ខុសត្រូវ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា សម្រាប់​បម្រើ​ដល់​ការ​ដោះ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​បាន​បន្សល់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៧០ ទៀត​ផង៕

No comments: