Sunday, 5 February 2017
លោក ហ៊ុន សែន ស្នើឲ្យកែច្បាប់រឹតបន្តឹងបក្សនយោបាយ និងទម្ងន់ទោស
លោក ហ៊ុន សែន ស្នើឲ្យធ្វើវិសោធនកម្មច្បាប់បក្សនយោបាយទៅរដ្ឋសភា។ រូបថត SPM Page
Fri, 3 February 2017
ឡាយ សាមាន and វង្ស សុខេង\
ppp
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានបញ្ជាដល់ក្រុមការងារអ្នកច្បាប់របស់គណបក្សប្រជាជនកម្ពុជាព្រាងវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយក្នុងគោលបំណងរឹតបន្តឹងដល់គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃដោយដាក់ទោសទណ្ឌធ្ងន់អាចប្រឈមនឹងការរំលាយគណបក្សចោល និងលុបសិទ្ធិធ្វើសកម្មភាពនយោបាយបើសិនជាមានកំហុស។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រុមអ្នកច្បាប់រៀបចំធ្វើសេចក្ដីព្រាងហើយចុះហត្ថលេខាឲ្យបានឆាប់រហ័សដើម្បីបញ្ជូនទៅរដ្ឋសភាដើម្បីពិភាក្សា និងអនុម័តដោយសំឡេងភាគច្រើនរបស់សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «អាទោសទណ្ឌក៏វាស្រាលដែរខ្ញុំថាយកតាមថៃតែម្ដងអាណាធ្វើខុសធ្ងន់រំលាយបក្សចោលតែម្ដង ! ដាក់អាហ្នឹងយកហ្មងខុសធ្ងន់រំលាយចោលហ្មង! ព្រោះកុំឲ្យវាខូចពេក ហើយក្នុងពេលរំលាយក្នុងគណៈកម្មាធិការនាយកទាំងប៉ុន្មានបាត់សិទ្ធិទាំងអស់ហាមឃាត់ ៥ ឆ្នាំអត់ឲ្យធ្វើនយោបាយយើងលេងអាធុញហ្នឹងដែរ មើលនេះមិនមែនតែសម្រាប់គណបក្សប្រជាជនឯណា សម្រាប់បក្សទាំងអស់រាប់ទាំងបក្សប្រជាជនធ្វើខុស។ រំលាយចោលបក្សហើយហាមឃាត់ធ្វើនយោបាយរបស់មេដឹកនាំកុំហាម ២ ឬ ៣ នាក់ ហាមមួយគណៈនាយកតែម្ដងដើម្បីឲ្យរាងចាល»។
លោកថ្លែងថាច្បាប់ស្ដីពីគណបក្សនយោបាយដែលប្រើប្រាស់សព្វថ្ងៃនេះមានភាពធូររលុង និងហួសសម័យដូច្នេះត្រូវវិសោធនកម្មឡើងវិញពីព្រោះគណបក្សនយោបាយខ្លះសុំច្បាប់បង្កើតពីក្រសួងមហាផ្ទៃបានហើយរកតែស្នាមមេដៃចំនួន ៤ ពាន់ឲ្យក្រសួងមិនបានដូច្នេះត្រូវកំណត់ឡើងវិញ បើរកស្នាមមេដៃមិនគ្រប់ចំនួនត្រូវតែនិរាករណ៍ចោលវិញចៀសវាងកុំឲ្យមានប្រធានបក្សច្រើនពេក។
លោកនាយករដ្ឋមន្ត្រីថ្លែងបន្តថា៖ «ឥឡូវធ្វើម៉េចវិសោធនកម្មស្ដីពីបក្សនយោបាយធ្វើឲ្យបានច្បាប់យើងវានៅធូររលុងណាស់ ! ព្រោះច្បាប់នេះវាបង្កើតតាំងពីពេលណាមកដូចជាពីឆ្នាំ ១៩៩៨ ដើម្បីបង្កើតបក្សនយោបាយស្អីៗនោះ ! ហើយមកដល់ឥឡូវវាហួសសម័យព្រោះជិត ២០ ឆ្នាំហើយនោះ! ឥឡូវដាក់ទៅ (ព្រោះ) បក្សនយោបាយខ្លះគ្រាន់តែបង្កើតឡើងសុំសេចក្ដីសម្រេចពីក្រសួងមហាផ្ទៃបង្កើតរកតែសំឡេង រកតែមេដៃ ៤ ពាន់នាក់ដាក់ឲ្យក្រសួងមហាផ្ទៃមិនបានហើយអ៊ីចឹងទុកនៅសុទ្ធតែប្រធានបក្សៗអ៊ីចឹងទេត្រូវដាក់កំណត់ថាប៉ុន្មានខែ ៦ ខែ ឬ ៧ ខែ បើរកមេដៃដាក់មិនបានទេបានសេចក្ដីថាសេចក្ដីសម្រេចនោះត្រូវតែនិរាករណ៍ចោលតែម្ដង»។
លោកបន្ថែមថា៖ «វាមិនដែលឱ្យអ្នកណាអ្នកទោសធ្វើប្រធានគណបក្សម៉េចទេ ដាក់នៅក្នុងហ្នឹងហើយមិនមែននិយាយលេងទេ ធ្វើមែនទែនហា ខ្ញុំស្នើសុំប្រជុំតែល្ងាចហ្នឹងបានហើយកុំប្រជុំយូរពេក មើលឱ្យហើយទៅដល់សម្រេចទៅរួចហើយធ្វើញត្តិចុះហត្ថលេខាស្នើទៅរដ្ឋសភាទៅ»។
បើទោះជាលោក ហ៊ុន សែន មិននិយាយឱ្យចំឈ្មោះក៏ដោយ តែការធ្វើវិសោធនកម្មច្បាប់នេះត្រូវបានមើលឃើញថាធ្វើឡើងដើម្បីបិទផ្លូវលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្នមិនឱ្យធ្វើជាប្រធានគណបក្សបន្តទៀត ស្របពេលមេដឹកនាំបក្សប្រឆាំងរូបនេះដែលកំពុងគេចខ្លួននៅក្រៅប្រទេសត្រូវបានតុលាការក្នុងស្រុកផ្តន្ទាទោសរឿងក្តីជាច្រើនដែលគេមើលឃើញថាជារឿងនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថាក្រុមអ្នកច្បាប់របស់រដ្ឋាភិបាលបានចាប់ផ្តើមប្រជុំនៅល្ងាចម្សិលមិញដើម្បីពិនិត្យមើលធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីឱ្យមានភាពល្អប្រសើរជាមុន។
លោកថា៖ «ច្បាប់នេះមានតាំងពី ១៩៩៧ បើយើងគិតមើលមានតាំងពី ២០ ឆ្នាំហើយវាល្មមដែលយើងធ្វើបច្ចុប្បន្នភាពឱ្យត្រូវតាមសភាពការណ៍បច្ចុប្បន្ន និងអនាគតផងព្រោះច្បាប់ពីមុនសភាពការមិនទាន់ល្អ យើងរកនឹកមិនទាន់ឃើញ ឥឡូវសភាពការណ៍វាដល់ហើយមានបញ្ហាកើតមានឡើងថ្មីៗ
ដូច្នេះយើងត្រូវតែយកបញ្ហាដែលកើតឡើងថ្មីៗនេះដាក់បញ្ចូលទៅក្នុងខ្លឹមសារច្បាប់ ដើម្បីឱ្យមានប្រសិទ្ធភាពការងារ»។
លោកឱ្យដឹងដែរថាក្រុមអ្នកច្បាប់របស់រាជរដ្ឋាភិបាល មន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីក្រសួងមហាផ្ទៃនឹងចូលរួមប្រជុំដើម្បីពិនិត្យមើលទម្រង់ផ្សេងៗឈានទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ខណៈលោកមិនប្រាប់ពីពេលវេលា និងទីកន្លែងប្រជុំទេ។
លោក សុខ ឥសាន បញ្ជាក់ថាការធ្វើច្បាប់នេះមិនមែនតែការពារលោក សម រង្ស៊ី មិនឱ្យធ្វើប្រធានគណបក្សទេតែដើម្បីការពារគ្រប់បុគ្គលដែលធ្វើនយោបាយ។
លោកថា៖ «មិនមែនតែសំដៅលើឈ្មោះ សម រង្ស៊ី តែមួយទេគឺគ្រប់ប្រធានគណបក្សនយោបាយទាំងអស់ដែលមានអាទិភាពនៅកម្ពុជា រឿងគាត់មានទោសនៅជាធរមានហើយ ហើយការធ្វើច្បាប់មិនសម្រាប់គាត់ម្នាក់ឯងទេគឺសម្រាប់គ្រប់ប្រធាន ឬអនុប្រធានគណបក្ស»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ប្រាប់ភ្នំពេញប៉ុស្តិ៍ថាការធ្វើវិសោធនកម្មច្បាប់នេះនឹងធ្វើឱ្យប្រជាធិបតេយ្យកម្ពុជាដើរថយក្រោយ។
លោកថា៖ «វិធីថ្មីដែលលោកនាយករដ្ឋមន្ត្រីបម្រុងរៀបចំធ្វើនេះគឺវាឆ្លុះបង្ហាញឱ្យឃើញពីដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាព្រោះយើងបានដើរដល់កម្រិតនេះហើយវិលទៅក្រោយវិញ ឆ្លុះបញ្ចាំងថាប្រជាធិបតេយ្យនៅកម្ពុជាមានបញ្ហាហើយ»។
លោកថ្លែងបន្តថា៖ «យើងព្រួយបារម្ភអត់មានប្រយោជន៍អី និយាយរួមអត់មានប្រយោជន៍ស្អីទេ ព្រោះយើងអត់មានរឿងអីដែលទប់រឿងនេះទេ ប៉ុន្តែអ្វីដែលសំខាន់គឺប្រជាពលរដ្ឋព្រោះអ្នកដែលមានអំណាចអាចធ្វើច្បាប់អ្វីៗតាមចិត្តលោកបាន ប៉ុន្តែលោកមិនអាចទៅកែប្រែចិត្តប្រជាពលរដ្ឋមិនឱ្យមានការផ្លាស់ប្តូរបានទេ បើច្បាប់នេះធ្វើឱ្យប្រជាធិបតេយ្យថយក្រោយហើយ បើយើងគាំទ្រទៀតគឺយើងយ៉ាប់មែនទែន»។
ទាក់ទងនឹងការកោះហៅរដ្ឋមន្ត្រីវិញលោកនាយករដ្ឋមន្ត្រីបានប្រកាសជាថ្មីថាលោកនឹងមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីបីរូបរួមមានរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងកសិកម្មចូលបំភ្លឺនៅសភាឡើយ លុះណាក្រុមសមាជិកបក្សប្រឆាំងចូលសភាជាមុនសិន។ លោកថា៖ «ម្សិលមិញខ្ញុំទាក់ទងសភា ខ្ញុំមានលក្ខខណ្ឌពីរយ៉ាងមុននឹងឱ្យសមាជិករដ្ឋាភិបាលឆ្លើយព្រោះខ្ញុំត្រូវទទួលខុសត្រូវមុខសភា ឯរដ្ឋមន្ត្រីរបស់ខ្ញុំក៏មានភារៈទទួលខុសត្រូវចំពោះមុខសភាផង និងមុខនាយករដ្ឋមន្ត្រីផង»។
ក្នុងនោះលោកនាយករដ្ឋមន្ត្រីក៏ដាក់លក្ខខណ្ឌពីរយ៉ាងមុននឹងអនុញ្ញាតឱ្យសមាជិករបស់ខ្លួនចូលតាមការហៅ។ លោកថា៖ «ចឹងខ្ញុំមានលក្ខខណ្ឌពីរយ៉ាង លក្ខខណ្ឌទី ១ បក្សប្រឆាំងត្រូវចូលធ្វើការងារពេញលេញក្នុងសភា បើអ្នកឯងមិនចូលទេមិនបាច់ទេ ប៉ុន្តែបើប្រធានគណៈកម្មការបក្សប្រជាជនដែលគេធ្វើការពេញលេញហៅទៅគឺទៅព្រោះគេសភា ហើយឯង (បក្សប្រឆាំង) នៅក្រោមដើមត្នោតសភាយ៉ាងម៉េច»។
លោកបន្តថា៖ «ខ្ញុំសូមស្នើសម្តេចប្រធានសភារារាំងតាំងពីហ្នឹងទៅ បើឱ្យមកក៏ខ្ញុំមិនឱ្យទៅដែរ ព្រោះខ្ញុំត្រូវទទួលខុសត្រូវលក្ខខណ្ឌទី ២ ឆ្លើយ ងាប់ទាំងខ្លួនទៀតក៏មិនត្រូវចិត្តគេដែរ សួររួចហើយបូកសរុបនៅហ្នឹងថាទទួលឆ្លើយល្អណាស់ចេញមកក្រៅថាចម្លើយនេះគ្មានបានការ បើមានអារឿងហ្នឹងគឺអត់ឱ្យទៅឆ្លើយទេ ព្រោះវាបាត់បង់តម្លៃរដ្ឋាភិបាល និងបាត់បង់តម្លៃសភា អ៊ីចឹងខ្ញុំមិនឲ្យសមាជិករដ្ឋាភិបាលទៅឆ្លើយទេ អ៊ីចឹងសូមសម្តេចប្រធានប្រជុំរៀបចំឡើងវិញ បើចាំបាច់ត្រូវធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនិយាយពីកន្លែងហ្នឹង»។
ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីករណីមិនឲ្យរដ្ឋមន្ត្រីរបស់ខ្លួនមកបំភ្លឺកាលពីថ្ងៃពុធមកម្សិលមិញនេះអ្នកនាំពាក្យរបស់រដ្ឋសភាក៏បានចេញសេចក្តីប្រកាសមួយថា៖ «ក្នុងករណីដែលអ្នកតំណាងរាស្ត្រគណបក្សក្រៅរដ្ឋាភិបាលពុំអនុវត្តការងាររបស់ខ្លួននៅក្នុងរដ្ឋសភាជាប្រក្រតីទេនោះ រដ្ឋសភាសម្រេចផ្អាកមិនបញ្ជូនសំណើកោះអញ្ជើញរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាឱ្យមកបំភ្លឺចំពោះគណៈកម្មការនានានៃរដ្ឋសភាដែលដឹកនាំដោយគណបក្សក្រៅរដ្ឋាភិបាលជាបណ្តោះអាសន្នសិន»។
លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញដើម្បីអនុម័តប្រការ ៤៨ ថ្មី (៣) កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៧ បានស្នើសភាធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយមិនឲ្យអ្នកមានទោសធ្វើប្រធានគណបក្សណាមួយនោះទេ។
ក្រុមប្រឹក្សាធម្មនុញ្ញកាលពីម្សិលមិញបានសម្រេចវិសោធនកម្មជំពូកទី ១២ ថ្មីប្រការ ៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០១៧ ស្របនឹងរដ្ឋធម្មនុញ្ញ។
សេចក្ដីសម្រេចរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោក អ៊ឹម ឈុនលឹម ថ្លែងថា៖ «សេចក្ដីសម្រេចនេះជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ាហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវផ្សាយក្នុងរាជកិច្ច»។
លោក ហ៊ុន សែន ថ្លែងផងដែរថាបន្ទាប់ពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចូលជាធរមានហើយ ប្រធានរដ្ឋសភាប្រកាសឲ្យប្រើហើយត្រូវលុបចោលសេចក្ដីសម្រេចតែងតាំងប្រធានក្រុមតំណាងរាស្ត្រទាំងប៉ុន្មានទាំងសម្ដេចក្រឡាហោម ទាំង កឹម សុខា។
លោក ហ៊ុន សែន ថ្លែងថា៖ «ក្រោយហ្នឹងតែដើរប្រកាសថាជាប្រធានសំឡេងភាគតិចទៀតមើលលោកចង់សាកមើល លោកថាមិនទទួលស្គាល់ភាគច្រើនគេសម្រេចហើយវាចប់ហើយ វាដូច ដូណាល់ត្រាំ នរណាធ្វើអ្វីធ្វើទៅស្រេចតែ ដូណាល់ត្រាំ ស៊ីញ៉េលុបគ្រវាត់ចោលនេះជាឧទាហរណ៍មួយ (ហើយសុំ) ផ្ដាំទៅលោក សុន ឆ័យ លោកចង់សាកធ្វើមើល លោកកុំបង្កើតរដ្ឋក្នុងរដ្ឋ កុំបង្កើតរដ្ឋសភាពីរ ប្រយ័ត្នណាធ្វើយ៉ាងម៉េចក៏ដោយ កុំឲ្យចូលបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង នោះគេចាប់គ្មានពេលថយក្រោយទេ នេះមិនមែនជាការព្រមានទេក៏ប៉ុន្តែតម្រូវឲ្យខ្ញុំនិយាយបែបនេះ»។
លោក ហ៊ុន សែន ក៏បានប្រតិកម្មខ្លាំងៗចំពោះការលើកឡើងរបស់ សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិពីប្រវត្តិសាស្រ្ត ក៥ ហើយបានដៀលមេបក្សប្រឆាំងថាភ្លីភ្លើអត់ដឹងរឿង ប្រវត្តិសាស្រ្ត ក៥ កើតមានដោយសារអ្វីព្រោះផែនការ ក៥ កើតមានឡើងដោយសារពួកក្រុមលោក សម រង្ស៊ី។
លោក សម រង្ស៊ី បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី ៣១ មករា ថាលោក ហ៊ុន សែន និងលោក ហេង សំរិន បានប្តឹងលោកតែពីរឿងកំប៉ិកកំប៉ុកដោយចោទថាបានបរិហារកេរ្តិ៍ពួកគាត់។
លោក រង្ស៊ី ថ្លែងថា៖ «បន្ទាប់ពីខ្ញុំបានចោទពួកគាត់ថាជាជនឧក្រិដ្ឋដែលពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោកគឺការអនុវត្តផែនការ ក៥ នៅប្រទេសកម្ពុជាពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៨ ដែលជាការចោទប្រកាន់មួយដ៏ធ្ងន់ធ្ងរបំផុត ពួកគាត់ទាំង ២ នាក់នេះអត់ហ៊ានប្តឹងខ្ញុំទេពីព្រោះខ្លាចសកលលោកលាតត្រដាងពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាកាលពីសម័យ "សាធារណរដ្ឋប្រជាមានិតកម្ពុជា" ដែលជារបបបន្តុបដោយកងទ័ពយួនឈ្លានពាន»។
ទោះយ៉ាងណាក៏ដោយលោក ហ៊ុន សែន បានថ្លែងផងដែរថា៖ «ហើយមួយនោះដាក់មកស្អីទៀតទេ អី ក៥ ផ្ដាំត្រឡប់ទៅវិញ ក៥ ដោយសារក្បាលពួកលោកឯងហ្នឹងហើយ បានវាមាន ក៥ តាមរយៈការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត សមពួកក្បាលលោកឯងនោះទេ ជាអ្នកទទួលខុសត្រូវលើសោកនាដកម្មរបស់ប្រជាជនកម្ពុជារឿងអីទៅធ្វើសម្ព័ន្ធភាពជាមួយខ្មែរក្រហមមកវាយបំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បើលោកឯងស្នេហ៍ស្និទ្ធជាមួយខ្មែរក្រហមលោកឯងចូលមកឲ្យវាជាប់ទោសជាមួយគេទៅ ភ្លីភ្លើអត់ដឹងប្រវត្តិសាស្រ្ត»។
លោកថា៖ «ការកាត់ទោសខ្មែរក្រហមដោយសារខ្មែរក្រហមអាក្រក់សម្លាប់ខ្មែរគ្នាឯង។ អ៊ីចឹងខ្ញុំការពារការវិលត្រឡប់របស់ខ្មែរក្រហមអត់មានអ្វីខុសទេហើយថ្ងៃនេះមានសន្តិភាពដោយសារអស់របបនេះ»៕
Subscribe to:
Post Comments (Atom)
2 comments:
Ah Kwack Hun Sen,
How about amending the law condemning Khmer traitors such as you who had killed thousands of innocent Khmer people in order to prove to your master Yuon that you will be a forever faithful slave?
Chary
@ 9:26 am
Well accepted.
Post a Comment