Sunday, 5 February 2017

លោក ហ៊ុន សែន ស្នើ​ឲ្យ​កែ​ច្បាប់​រឹតបន្តឹង​បក្ស​នយោបាយ និង​ទម្ងន់​ទោស



Content image - Phnom Penh Post
លោក ហ៊ុន សែន ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ​ទៅ​រដ្ឋសភា។ រូបថត SPM Page


Fri, 3 February 2017
ឡាយ សាមាន and វង្ស សុខេង\
ppp


ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បញ្ជា​ដល់​ក្រុម​ការងារ​អ្នក​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ក្នុង​គោលបំណង​រឹត​បន្តឹង​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​មហាផ្ទៃ​ដោយ​ដាក់​ទោស​ទណ្ឌ​ធ្ងន់​អាច​ប្រឈម​នឹង​ការ​រំលាយ​គណបក្ស​ចោល និង​លុប​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​បើ​សិន​ជា​មាន​កំហុស។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ​ថ្ងៃ​​ទី​ ២ ខែ​កុម្ភៈ​ឆ្នាំ ២០១៧ លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ក្រុម​អ្នក​ច្បាប់​រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ហើយ​ចុះ​ហត្ថលេខា​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​ពិភាក្សា​ និង​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​របស់​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ហ៊ុន សែន​ ថ្លែង​ថា​៖ ​«អាទោស​ទណ្ឌ​ក៏​វា​ស្រាល​ដែរ​ខ្ញុំ​ថា​យក​តាម​ថៃ​តែ​ម្ដង​អាណា​ធ្វើ​ខុស​ធ្ងន់​រំលាយ​បក្ស​ចោល​តែ​ម្ដង ! ដាក់​អាហ្នឹង​យក​ហ្មង​ខុស​ធ្ងន់​រំលាយ​ចោល​ហ្មង!​ ​ព្រោះ​កុំ​ឲ្យ​វា​ខូច​ពេក​ ហើយ​ក្នុង​ពេល​រំលាយ​ក្នុង​គណៈកម្មាធិការ​នាយក​ទាំង​ប៉ុន្មាន​បាត់​សិទ្ធិ​ទាំងអស់​ហាមឃាត់​ ៥ ​ឆ្នាំ​អត់​ឲ្យ​ធ្វើ​នយោបាយ​យើង​​លេង​អាធុញ​ហ្នឹង​ដែរ​ ​មើល​នេះ​មិនមែន​តែ​សម្រាប់​គណបក្ស​ប្រជាជន​​ឯណា ​សម្រាប់​បក្ស​ទាំងអស់​រាប់​ទាំង​បក្ស​ប្រជាជន​ធ្វើ​ខុស។ រំលាយ​ចោល​បក្ស​ហើយ​ហាមឃាត់​ធ្វើ​នយោបាយ​របស់​មេដឹកនាំ​កុំ​ហាម​ ២ ​ឬ​ ៣ ​នាក់​ ហាម​មួយ​គណៈ​នាយក​តែ​ម្ដង​ដើម្បី​ឲ្យ​រាង​ចាល»។



លោក​ថ្លែង​ថា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ប្រើប្រាស់​សព្វ​ថ្ងៃ​នេះ​មាន​ភាព​ធូររលុង និង​ហួស​សម័យ​ដូច្នេះ​ត្រូវ​វិសោធនកម្ម​ឡើង​វិញ​ពី​ព្រោះ​គណបក្ស​នយោបាយ​ខ្លះ​សុំ​ច្បាប់​បង្កើត​ពី​ក្រសួង​មហាផ្ទៃ​បាន​ហើយ​រក​តែ​ស្នាម​មេដៃ​ចំនួន​ ៤ ​ពាន់​ឲ្យ​ក្រសួង​មិន​បាន​ដូច្នេះ​ត្រូវ​កំណត់​ឡើង​វិញ​ ​បើ​រក​ស្នាម​មេដៃ​មិន​គ្រប់​ចំនួន​ត្រូវ​តែ​និរាករណ៍​ចោល​វិញ​ចៀសវាង​កុំ​ឲ្យ​មាន​ប្រធាន​បក្ស​ច្រើន​ពេក​។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា​៖ «ឥឡូវ​ធ្វើ​ម៉េច​វិសោធនកម្ម​ស្ដីពី​បក្ស​នយោបាយ​ធ្វើ​ឲ្យ​បាន​ច្បាប់​យើង​វា​នៅ​ធូររលុង​ណាស់​ ​!​ ​ព្រោះ​ច្បាប់​នេះ​វា​បង្កើត​តាំង​​ពី​ពេល​ណា​មក​ដូចជា​ពី​ឆ្នាំ​ ១៩៩៨ ដើម្បី​បង្កើត​បក្ស​នយោបាយ​ស្អីៗ​នោះ ! ហើយ​មក​ដល់​ឥឡូវ​វា​ហួស​សម័យ​ព្រោះ​ជិត​ ២០ ​ឆ្នាំ​ហើយ​នោះ​! ឥឡូវ​ដាក់​ទៅ​ (ព្រោះ) បក្ស​នយោបាយ​ខ្លះ​គ្រាន់តែ​បង្កើត​ឡើង​សុំ​សេចក្ដី​សម្រេច​ពី​ក្រសួង​មហាផ្ទៃ​បង្កើត​រក​តែ​សំឡេង រក​តែ​មេដៃ​ ៤ ​ពាន់​នាក់​ដាក់​ឲ្យ​ក្រសួង​មហាផ្ទៃ​មិន​បាន​ហើយ​អ៊ីចឹង​ទុក​នៅ​សុទ្ធតែ​ប្រធាន​បក្សៗ​អ៊ីចឹង​ទេ​ត្រូវ​ដាក់​កំណត់​ថា​ប៉ុន្មាន​ខែ ៦ ​ខែ ឬ​ ៧ ​ខែ​ បើ​រក​មេដៃ​ដាក់​មិន​បាន​ទេ​បាន​សេចក្ដី​ថា​សេចក្ដី​សម្រេច​នោះ​ត្រូវ​តែ​និរាករណ៍​ចោល​តែ​ម្ដង​»។

លោក​បន្ថែម​ថា៖ «វា​មិន​ដែល​ឱ្យ​អ្នក​ណា​អ្នកទោស​ធ្វើ​ប្រធាន​គណបក្ស​ម៉េច​ទេ ដាក់​នៅ​ក្នុង​ហ្នឹង​ហើយ​មិនមែន​និយាយ​លេង​ទេ ធ្វើ​មែនទែន​ហា ខ្ញុំ​ស្នើ​សុំ​ប្រជុំ​តែ​ល្ងាច​ហ្នឹង​បាន​ហើយ​កុំ​ប្រជុំ​យូរ​ពេក មើល​ឱ្យ​ហើយ​ទៅ​ដល់​សម្រេច​ទៅ​រួច​ហើយ​ធ្វើ​ញត្តិ​ចុះ​ហត្ថលេខា​ស្នើ​ទៅ​រដ្ឋសភា​ទៅ»។

បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​និយាយ​ឱ្យ​ចំ​ឈ្មោះ​ក៏ដោយ តែ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ធ្វើ​ឡើង​ដើម្បី​បិទ​ផ្លូវ​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បច្ចុប្បន្ន​មិន​ឱ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​បន្ត​ទៀត ស្រប​ពេល​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ដែល​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​តុលាការ​ក្នុង​ស្រុក​ផ្តន្ទាទោស​រឿង​ក្តី​ជាច្រើន​ដែល​គេ​មើលឃើញ​ថា​ជា​រឿង​នយោបាយ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ថា​ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ប្រជុំ​នៅ​ល្ងាច​ម្សិលមិញ​ដើម្បី​ពិនិត្យ​មើល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដើម្បី​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជា​មុន។

លោក​ថា៖ «ច្បាប់​នេះ​មាន​តាំង​ពី ១៩៩៧ បើ​យើង​គិត​មើល​មាន​តាំង​ពី ២០ ឆ្នាំ​ហើយ​វា​ល្មម​ដែល​យើង​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​ត្រូវ​តាម​សភាពការណ៍​បច្ចុប្បន្ន និង​អនាគត​ផង​ព្រោះ​ច្បាប់​ពី​មុន​សភាព​ការ​មិន​ទាន់​ល្អ យើង​រក​នឹក​មិន​ទាន់​ឃើញ ឥឡូវ​សភាព​ការណ៍​វា​ដល់​ហើយ​មាន​បញ្ហា​កើត​មាន​ឡើង​ថ្មីៗ

ដូច្នេះ​យើង​ត្រូវ​តែ​យក​បញ្ហា​ដែល​កើតឡើង​ថ្មីៗ​នេះ​ដាក់​បញ្ចូល​ទៅ​ក្នុង​ខ្លឹមសារ​ច្បាប់ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ការងារ»។

លោក​ឱ្យ​ដឹង​ដែរ​ថា​ក្រុម​អ្នក​ច្បាប់​របស់​រាជរដ្ឋាភិបាល មន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ​នឹង​ចូលរួម​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​ទម្រង់​ផ្សេងៗ​ឈាន​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ខណៈ​លោក​មិន​ប្រាប់​ពី​ពេលវេលា និង​ទីកន្លែង​ប្រជុំ​ទេ។

លោក សុខ ឥសាន បញ្ជាក់​ថា​ការ​ធ្វើ​ច្បាប់​នេះ​មិនមែន​តែ​ការពារ​លោក សម រង្ស៊ី មិន​ឱ្យ​ធ្វើ​ប្រធាន​គណបក្ស​ទេ​តែ​ដើម្បី​ការពារ​គ្រប់​បុគ្គល​ដែល​ធ្វើ​នយោបាយ។

លោក​ថា៖ «មិនមែន​តែ​សំដៅ​លើ​ឈ្មោះ សម រង្ស៊ី តែ​មួយ​ទេ​គឺ​គ្រប់​ប្រធាន​គណបក្ស​នយោបាយ​ទាំងអស់​ដែល​មាន​អាទិភាព​នៅ​កម្ពុជា រឿង​គាត់​មាន​ទោស​នៅ​ជា​ធរមាន​ហើយ ហើយ​ការ​ធ្វើ​ច្បាប់​មិន​សម្រាប់​គាត់​ម្នាក់​ឯង​ទេ​គឺ​សម្រាប់​គ្រប់​ប្រធាន ឬ​អនុប្រធាន​គណបក្ស»។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​កម្ពុជា​ដើរ​ថយ​ក្រោយ។

លោក​ថា៖ «វិធី​ថ្មី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បម្រុង​រៀបចំ​ធ្វើ​នេះ​គឺ​វា​ឆ្លុះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ព្រោះ​យើង​បាន​ដើរ​ដល់​កម្រិត​នេះ​ហើយ​វិល​ទៅ​ក្រោយ​វិញ ឆ្លុះ​បញ្ចាំង​ថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​បញ្ហា​ហើយ»។

លោក​ថ្លែង​បន្ត​ថា៖ «យើង​ព្រួយបារម្ភ​អត់​មាន​ប្រយោជន៍​អី និយាយ​រួម​អត់​មាន​ប្រយោជន៍​ស្អី​ទេ ព្រោះ​យើង​អត់​មាន​រឿង​អី​ដែល​ទប់​រឿង​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ប្រជាពលរដ្ឋ​ព្រោះ​អ្នក​ដែល​មាន​អំណាច​អាច​ធ្វើ​ច្បាប់​អ្វីៗ​តាម​ចិត្ត​លោក​បាន ប៉ុន្តែ​លោក​មិន​អាច​ទៅ​កែប្រែ​ចិត្ត​ប្រជាពលរដ្ឋ​មិន​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​បាន​ទេ បើ​ច្បាប់​នេះ​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ថយ​ក្រោយ​ហើយ បើ​យើង​គាំទ្រ​ទៀត​គឺ​យើង​យ៉ាប់​មែនទែន»។

ទាក់ទង​នឹង​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​វិញ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជាថ្មី​ថា​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​បី​រូប​រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក្រសួង​ការងារ និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ចូល​បំភ្លឺ​នៅ​សភា​ឡើយ លុះ​ណា​ក្រុម​សមាជិក​បក្ស​ប្រឆាំង​ចូល​សភា​ជា​មុន​សិន។ លោក​ថា៖ «ម្សិលមិញ​ខ្ញុំ​ទាក់ទង​សភា ខ្ញុំ​មាន​លក្ខខណ្ឌ​ពីរ​យ៉ាង​មុន​នឹង​ឱ្យ​សមាជិក​រដ្ឋាភិបាល​ឆ្លើយ​ព្រោះ​ខ្ញុំ​ត្រូវ​ទទួល​ខុស​ត្រូវ​មុខ​សភា ឯ​រដ្ឋមន្ត្រី​របស់​ខ្ញុំ​ក៏​មាន​ភារៈ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​សភា​ផង និង​មុខ​នាយក​រដ្ឋមន្ត្រី​ផង»។

ក្នុង​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ដាក់​លក្ខខណ្ឌ​ពីរ​យ៉ាង​មុន​នឹង​អនុញ្ញាត​ឱ្យ​សមាជិក​របស់​ខ្លួន​ចូល​តាម​ការ​ហៅ។ លោក​ថា៖ «ចឹង​ខ្ញុំ​មាន​លក្ខខណ្ឌ​ពីរ​យ៉ាង លក្ខខណ្ឌ​ទី​ ១ បក្ស​ប្រឆាំង​ត្រូវ​ចូល​ធ្វើ​ការងារ​ពេញលេញ​ក្នុង​សភា បើ​អ្នក​ឯង​មិន​ចូល​ទេ​មិន​បាច់​ទេ ប៉ុន្តែ​បើ​ប្រធាន​គណៈកម្មការ​បក្ស​ប្រជាជន​ដែល​គេ​ធ្វើការ​ពេញលេញ​ហៅ​ទៅ​គឺ​ទៅ​ព្រោះ​គេ​សភា ហើយ​ឯង (បក្ស​ប្រឆាំង) នៅ​ក្រោម​ដើម​ត្នោត​សភា​យ៉ាង​ម៉េច»។

លោក​បន្ត​ថា៖ «ខ្ញុំ​សូម​ស្នើ​សម្តេច​ប្រធាន​សភា​រារាំង​តាំង​ពី​ហ្នឹង​ទៅ បើ​ឱ្យ​មក​ក៏​ខ្ញុំ​មិន​ឱ្យ​ទៅ​ដែរ ព្រោះ​ខ្ញុំ​ត្រូវ​ទទួល​ខុសត្រូវ​លក្ខខណ្ឌ​ទី ២ ឆ្លើយ ងាប់​ទាំង​ខ្លួន​ទៀត​ក៏​មិន​ត្រូវ​ចិត្ត​គេ​ដែរ សួរ​រួច​ហើយ​បូក​សរុប​នៅ​ហ្នឹង​ថា​ទទួល​ឆ្លើយ​ល្អ​ណាស់​ចេញ​មក​ក្រៅ​ថា​ចម្លើយ​នេះ​គ្មាន​បាន​ការ បើ​មាន​អារឿង​ហ្នឹង​គឺ​អត់​ឱ្យ​ទៅ​ឆ្លើយ​ទេ ព្រោះ​វា​បាត់បង់​តម្លៃ​រដ្ឋាភិបាល និង​បាត់បង់​តម្លៃ​សភា អ៊ីចឹង​ខ្ញុំ​មិន​ឲ្យ​សមាជិក​រដ្ឋាភិបាល​ទៅ​ឆ្លើយ​ទេ អ៊ីចឹង​សូម​សម្តេច​ប្រធាន​ប្រជុំ​រៀបចំ​ឡើង​វិញ បើ​ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​និយាយ​ពី​កន្លែង​ហ្នឹង»។

ក្រោយ​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ករណី​មិន​ឲ្យ​រដ្ឋមន្ត្រី​របស់​ខ្លួន​មក​បំភ្លឺ​កាលពី​ថ្ងៃ​ពុធ​មក​ម្សិលមិញ​នេះ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋសភា​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា៖ «ក្នុង​ករណី​ដែល​អ្នក​តំណាងរាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ពុំ​អនុវត្ត​ការងារ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​ជា​ប្រក្រតី​ទេ​នោះ រដ្ឋសភា​សម្រេច​ផ្អាក​មិន​បញ្ជូន​សំណើ​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​មក​បំភ្លឺ​ចំពោះ​គណៈកម្មការ​នានា​នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជា​បណ្តោះ​អាសន្ន​សិន»។

លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​វិសាមញ្ញ​ដើម្បី​អនុម័ត​ប្រការ ៤៨ ថ្មី (៣) កាលពី​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ ២០១៧ បាន​ស្នើ​សភា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ប្រធាន​គណបក្ស​ណា​មួយ​នោះ​ទេ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាលពី​ម្សិលមិញ​បាន​សម្រេច​វិសោធនកម្ម​ជំពូក​ទី ១២ ថ្មី​ប្រការ ៤៨ ថ្មី (បី) នៃ​បទ​បញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ថ្ងៃ​ទី ៣១ ខែ​មករា​ឆ្នាំ ២០១៧ ស្រប​នឹង​រដ្ឋធម្មនុញ្ញ។

សេចក្ដី​សម្រេច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លោក អ៊ឹម ឈុនលឹម ថ្លែង​ថា៖ «សេចក្ដី​សម្រេច​នេះ​ជា​សេចក្ដី​សម្រេច​ស្ថាពរ បិទ​ផ្លូវ​តវ៉ា​ហើយ​មាន​អានុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ផ្សាយ​ក្នុង​រាជកិច្ច»។

លោក ហ៊ុន សែន ថ្លែង​ផង​ដែរ​ថា​បន្ទាប់ពី​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ចូល​ជា​ធរមាន​ហើយ ប្រធាន​រដ្ឋសភា​ប្រកាស​ឲ្យ​ប្រើ​ហើយ​ត្រូវ​លុប​ចោល​សេចក្ដី​សម្រេច​តែងតាំង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ទាំង​ប៉ុន្មាន​ទាំង​សម្ដេច​ក្រឡាហោម ទាំង​ កឹម សុខា។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ក្រោយ​ហ្នឹង​តែ​ដើរ​ប្រកាស​ថា​ជា​ប្រធាន​សំឡេង​ភាគតិច​ទៀត​មើល​លោក​ចង់​សាក​មើល លោក​ថា​មិន​ទទួល​ស្គាល់​ភាគច្រើន​គេ​សម្រេច​ហើយ​វា​ចប់​ហើយ វា​ដូច​ ដូណាល់ត្រាំ នរណា​ធ្វើអ្វី​ធ្វើ​ទៅ​ស្រេច​តែ​ ដូណាល់ត្រាំ ស៊ីញ៉េ​លុប​គ្រវាត់​ចោល​នេះ​ជា​ឧទាហរណ៍​មួយ (ហើយ​សុំ) ផ្ដាំ​ទៅ​លោក សុន ឆ័យ លោក​ចង់​សាក​ធ្វើ​មើល លោក​កុំ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ កុំ​បង្កើត​រដ្ឋសភា​ពីរ ប្រយ័ត្ន​ណា​ធ្វើ​យ៉ាង​ម៉េច​ក៏ដោយ​ កុំ​ឲ្យ​ចូល​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ នោះ​គេ​ចាប់​គ្មាន​ពេល​ថយ​ក្រោយ​ទេ នេះ​មិនមែន​ជា​ការ​ព្រមាន​ទេ​ក៏​ប៉ុន្តែ​តម្រូវ​ឲ្យ​ខ្ញុំ​និយាយ​បែប​នេះ»។

លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​លើក​ឡើង​របស់​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ប្រវត្តិសាស្រ្ត ក៥ ហើយ​បាន​ដៀល​មេបក្ស​ប្រឆាំង​ថា​ភ្លីភ្លើ​អត់​ដឹង​រឿង ប្រវត្តិសាស្រ្ត ក៥ កើត​មាន​ដោយសារ​អ្វី​ព្រោះ​ផែនការ ក៥ កើត​មាន​ឡើង​ដោយសារ​ពួក​ក្រុម​លោក សម រង្ស៊ី។

លោក សម រង្ស៊ី បាន​សរសេរ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី ៣១ មករា ថា​លោក ហ៊ុន សែន និង​លោក ហេង សំរិន បាន​ប្តឹង​លោក​តែ​ពី​រឿង​កំប៉ិកកំប៉ុក​ដោយ​ចោទ​ថា​បាន​បរិហារកេរ្តិ៍​ពួកគាត់។

លោក រង្ស៊ី ថ្លែង​ថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​ចោទ​ពួកគាត់​ថា​ជា​ជនឧក្រិដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​លោក​គឺ​ការ​អនុវត្ត​ផែនការ ក៥ នៅ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ១៩៨៤ ដល់​ឆ្នាំ ១៩៨៨ ដែល​ជា​ការ​ចោទប្រកាន់​មួយ​ដ៏ធ្ងន់ធ្ងរ​បំផុត​ ពួកគាត់​ទាំង ២ នាក់​នេះ​អត់​ហ៊ាន​ប្តឹង​ខ្ញុំ​ទេ​ពីព្រោះ​ខ្លាច​សកលលោក​លាត​ត្រដាង​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​កាលពី​សម័យ "សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា" ដែល​ជា​របប​បន្តុប​ដោយ​កងទ័ព​យួន​ឈ្លាន​ពាន»។

ទោះ​យ៉ាង​ណា​ក៏ដោយ​លោក ហ៊ុន សែន បាន​ថ្លែង​ផង​ដែរ​ថា៖ «ហើយ​មួយ​នោះ​ដាក់​មក​ស្អី​ទៀត​ទេ អី ក៥ ផ្ដាំ​ត្រឡប់​ទៅ​វិញ ក៥ ដោយសារ​ក្បាល​ពួក​លោក​ឯង​ហ្នឹង​ហើយ បាន​វា​មាន ក៥ តាមរយៈ​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សម​ពួក​ក្បាល​លោក​ឯង​នោះ​ទេ ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សោកនាដកម្ម​របស់​ប្រជាជន​កម្ពុជា​រឿង​អី​ទៅ​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​ខ្មែរ​ក្រហម​មក​វាយ​បំផ្លាញ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា បើ​លោក​ឯង​ស្នេហ៍​ស្និទ្ធ​ជាមួយ​ខ្មែរ​ក្រហម​លោក​ឯង​ចូល​មក​ឲ្យ​វា​ជាប់​ទោស​ជាមួយ​គេ​ទៅ ភ្លីភ្លើ​អត់​ដឹង​ប្រវត្តិសាស្រ្ត»។

លោក​ថា៖ «ការ​កាត់​ទោស​ខ្មែរ​ក្រហម​ដោយសារ​ខ្មែរ​ក្រហម​អាក្រក់​សម្លាប់​ខ្មែរ​គ្នា​ឯង។ អ៊ីចឹង​ខ្ញុំ​ការពារ​ការ​វិល​ត្រឡប់​របស់​ខ្មែរ​ក្រហម​អត់​មាន​អ្វី​ខុស​ទេ​ហើយ​ថ្ងៃ​នេះ​មាន​សន្តិភាព​ដោយសារ​អស់​របប​នេះ»៕

2 comments:

Anonymous said...

Ah Kwack Hun Sen,

How about amending the law condemning Khmer traitors such as you who had killed thousands of innocent Khmer people in order to prove to your master Yuon that you will be a forever faithful slave?

Chary

Anonymous said...

@ 9:26 am

Well accepted.