Tuesday, 7 February 2017

អ្នក​វិភាគ​ថា​កម្ពុជា​ត្រូវ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ជាង​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ


ដោយ សាន សែល
2017-02-05

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូប​ទី​៦ ពី​ឆ្វេង) ចូលរួម​ពិសា​បាយ​សាមគ្គី​ជាមួយ​សមាគម​ខ្មែរ-ចិន កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូប​ទី​៦ ពី​ឆ្វេង) ចូលរួម​ពិសា​បាយ​សាមគ្គី​ជាមួយ​សមាគម​ខ្មែរ-ចិន កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen facebook page
 Photo courtesy of PM Hun Sen facebook page



អ្នក​វិភាគ​លើក​ឡើង​ថា ការ​ប្រកាស​ជា​ចំហ​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ ប៉ះពាល់​ដល់​សីលធម៌​នយោបាយ ហើយ​កម្ពុជា គួរ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស យុត្តិធម៌​សង្គម ដើម្បី​រក្សា​តុល្យភាព​នយោបាយ​ការ​បរទេស។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ឲ្យ​លើក​ទង់ជាតិ​តៃវ៉ាន់ និង​ទីបេ នៅ​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្កត់​ធ្ងន់​ថា លោក​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន ដោយ​ការ​ចាប់​ដៃ​ជាន់​ជើង​នោះ​ទេ ខណៈ​ចិន កំពុង​ដើរ​តួនាទី​ផ្នែក​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​នយោបាយ​មិន​លូក​ដៃ​កិច្ចការ​ផ្ទៃ​ក្នុង​នៅ​កម្ពុជា។



លោក​នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​ចំនួន ៣២​ឆ្នាំ​តាំង​ពី​ឆ្នាំ​១៩៨៥ ថ្លែង​ក្នុង​ជំនួប​អាហារ​ជាមួយ​សហគមន៍​ចិន កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ នៅ​រាជធានី​ភ្នំពេញ​ថា តៃវ៉ាន់ និង​ទីបេ ដែល​មិន​ព្រម​ស្ថិត​ក្រោម​អំណាច​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង គឺ​ជា​ខេត្ត​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​ចិន ការ​ប៉ុនប៉ង​លើក​ទង់ជាតិ ឬ​បើក​ការិយាល័យ​នយោបាយ​ការទូត​ពី​សំណាក់​តៃវ៉ាន់ និង​ទីបេ នៅ​កម្ពុជា គឺ​ត្រូវ​បាន​ហាមឃាត់ ពីព្រោះ​លោក​ថា ការ​អនុញ្ញាត​ឲ្យ​វត្តមាន​ទាំងនេះ ស្មើ​នឹង​ការ​រំលោភ​អធិបតេយ្យភាព​របស់​ចិន វា​ដូច​ការ​បំបែក​ខេត្ត​ពី​ប្រទេស​ចិន៖ «»។

ក៏ប៉ុន្តែ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល ប្រាប់​អាស៊ីសេរី​ថា ករណី​អធិបតេយ្យភាព​ទឹកដី​កម្ពុជា និង​ចិន មិន​ដូច​គ្នា​នោះ​ទេ។ តៃវ៉ាន់ និង​ទីបេ ជា​ដែនដី​មាន​ច្បាប់ និង​ទង់ជាតិ​ផ្ទាល់​ខ្លួន តែ​ត្រូវ​ទីក្រុង​ប៉េកាំង ចាប់​បង្ខំ​ដោយ​ឲ្យ​ស្ថិត​ក្រោម​អំណាច​ត្រួតត្រា​របស់​ខ្លួន ចំណែក​ទឹកដី​កម្ពុជា គឺ​មាន​ឯកភាព​ជាតិ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ច្បាប់​តែ​មួយ។ លោក​ពន្យល់​ថា ការ​ប្រកាស​ជា​សាធារណៈ​បែប​នេះ គឺ​ខ្វះ​សីលធម៌​នយោបាយ៖ «»។

ទោះ​បី​ជា​យ៉ាង​ណា លោក ហ៊ុន សែន គាំទ្រ​ការ​អនុវត្ត​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ ដើម្បី​បើក​ទ្វារ​ឲ្យ​ចិន​តៃវ៉ាន់ និង​ចិន​ហុងកុង អាច​មក​រក​ស៊ី​វិនិយោគ​នៅ​កម្ពុជា បាន។

ចិន កំពុង​ជា​ប្រភព​វិនិយោគិន​បរទេស និង​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​នៅ​កម្ពុជា។

ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ចិន និង​កម្ពុជា កំពុង​ឈាន​ដល់​កម្រិត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ស្រប​ពេល​រដ្ឋាភិបាល​ចិន កំពុង​ឈាន​មុខ​គេ​បន្ត​ផ្តល់​ជំនួយ​ប្រាក់​កម្ចី​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់ អគារ​រដ្ឋបាល យោធា រហូត​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​សម្រាប់​កម្ពុជា។

នៅ​ឆ្នាំ​២០១៧ លោក ហ៊ុន សែន ចង់​សម្រេច​ផែនការ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន ក្នុង​តម្លៃ ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក ចាន់ វិបុល មើល​ឃើញ​ថា លំហូរ​ប្រាក់​របស់​ចិន ចូល​មក​កម្ពុជា ពិត​ជា​បាន​ធ្វើ​សេដ្ឋកិច្ច ពិសេស​វិស័យ​អចលនទ្រព្យ​រីក​ចម្រើន​លឿន ក៏ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ចិន កំពុង​ធ្វើ​អបគមន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយ​ប្រាក់​វិនិយោគ​របស់​ចិន កំពុង​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​កើន​ឡើង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ធ្លាក់​ចុះ​យុត្តិធម៌​សង្គម ហើយ​ក៏​បាន​ពាំនាំ​ជនជាតិ​ចិន ពី​ស្រុក​ចិន មក​ជាមួយ៖ «»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាស​ពី​គោល​នយោបាយ​បរទេស​អព្យាក្រឹត​របស់​រដ្ឋាភិបាល​លោក។ លោក ហ៊ុន សែន ជា​អ្នក​គាំទ្រ​ចិន ខ្លាំងក្លា​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន។

ផែនការ​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ ផែនការ​ផ្លូវ​សូត្រ​សមុទ្រ និង​ផែនការ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដែល​ទីក្រុង​ប៉េកាំង កំពុង​អនុវត្ត​ដើម្បី​ពង្រីក​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​របស់​ចិន លើ​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​លោក ហ៊ុន សែន។

លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា សហការ​ខ្លាំង​ជាង​មុន​ជាមួយ​វិទ្យាស្ថាន​ខុងជឺ នៅ​កម្ពុជា។

ចំពោះ​ទំនាក់ទំនង​ការ​បរទេស​កម្ពុជា ជាមួយ​ចិន នេះ លោក ចាន់ វិបុល កត់​សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​រំកិល​ទៅ​ចិន កាន់​តែ​ខ្លាំង តែ​នៅ​មិន​ច្បាស់លាស់៖ «»។

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស យុត្តិធម៌​សង្គម និង​សីលធម៌​នយោបាយ ដើម្បី​រក្សា​តុល្យភាព​គោល​នយោបាយ​ការ​បរទេស។

ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​អធិកអធម​នៅ​កម្ពុជា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ ប្រធានាធិបតី​ចិន លោក ស៊ី ជីងពីង (Xi Jinping) បាន​ប្រកាស​លុប​បំណុល ៩០​លាន​ដុល្លារ ហើយ​សន្យា​ឲ្យ​ខ្ចី​ថែម ៦០​លាន​ដុល្លារ​ទៀត រួម​ទាំង​ជំនួយ​យោធា ១៥​លាន​ដុល្លារ​ផ្សេង​ទៀត។

បន្ទាប់​ពី​នេះ កម្ពុជា និង​ចិន បាន​បើក​លំហាត់​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​រយៈពេល ៩​ថ្ងៃ ឈ្មោះ «លំហាត់​នាគ​មាស» ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ហៅ​ថា​ជា «ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត»។

ក៏ប៉ុន្តែ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ឈ្មោះ «ឆ្មាំ​អង្គរ» រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ពន្យារ​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់ ក្រោម​ហេតុផល​តម្រូវការ​កម្លាំង​យោធា​រក្សា​សន្តិសុខ សម្រាប់​ការ​រៀបចំ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់៕

No comments: