ដោយ ថា កិត្យា
2017-02-05

(ពីឆ្វេង) តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លោក រៀល ខេមរិន្ទ្រ លោក យឹម សុវណ្ណ លោក ហូរ វ៉ាន់ លោក ឡុង រី លោក យ៉ែម បុញ្ញឫទ្ធិ។
Photo: RFA
អ្នកច្បាប់យល់ថា អាជ្ញាធររដ្ឋាភិបាលគួរតែចេញមុខស្រាវជ្រាវចំពោះអ្នកលួចថត និងអ្នកបញ្ចេញខ្សែអាត់សំឡេងសន្ទនារឿងអាស្រូវស្នេហាតាមទូរស័ព្ទ ដែលគេសង្ស័យថាជាសំឡេងតំណាងរាស្ត្របក្សប្រឆាំងមួយចំនួនជាមួយស្រីក្មេង និងភរិយាអ្នកដទៃ។ រីឯមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលច្រានចោលចំពោះការយល់ឃើញរបស់អ្នកច្បាប់ និងបញ្ជាក់ថា មិនចាប់អារម្មណ៍ចំពោះរឿងខ្សែអាត់សំឡេងនោះទៅវិញ។
ខណៈការបោះឆ្នោតជិតចូលមកដល់ និងស្ថានការណ៍នយោបាយកំពុងឡើងកម្តៅផងនោះ ពេលនេះក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងលេចធ្លោមួយចំនួន ត្រូវបានជនអនាមិកបកអាក្រាតរឿងជីវិតឯកជន ឬរឿងអាស្រូវស្នេហាលួចលាក់ក្រៅផ្ទះជាបន្តបន្ទាប់។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា អាជ្ញាធររដ្ឋាភិបាលគួរតែមានវិធានការផ្លូវច្បាប់ ស្វែងរកអ្នកលួចថត និងបញ្ចេញខ្សែអាត់សំឡេងដែលគ្មានការអនុញ្ញាត ព្រោះទង្វើបែបនេះចាត់ចូលក្នុងបទល្មើសព្រហ្មទណ្ឌ៖ «តាមពិត ការលួចថតសំឡេងគេដោយអត់មានច្បាប់អនុញ្ញាត វាជាបទល្មើសព្រហ្មទណ្ឌ ហើយកាលណាជាបទល្មើសព្រហ្មទណ្ឌ អាជ្ញាធរគួរតែ មិនមែនគួរតែទេ គឺមានកាតព្វកិច្ចដើម្បីស៊ើបអង្កេត និងបង្ក្រាបកុំឲ្យមានរឿងនេះកើតឡើង។ ម្យ៉ាងទៀត រឿងនេះដ្បិតមិនមែនជាបទល្មើសធ្ងន់ធ្ងរ វាអាចជាបទត្រឹមមជ្ឈិមអ៊ីចឹងមែន ក៏ប៉ុន្តែវាអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទូទៅណាស់។ ចឹងទៅ ប្រជាពលរដ្ឋភ័យខ្លាចដូចជាភាពសន្តិសុខរបស់គេ មានអ្នកតាមដានគ្រប់វិនាទី។ ដល់ចឹងទៅ ស្ថាប័នអនុវត្តច្បាប់គួរតែពិនិត្យមើលរឿងនេះ មិនមែនមានន័យថា ទាល់តែគេប្តឹងបានយើងស៊ើបអង្កេត គឺមិនមែនទេ»។
ការលើកឡើងអំពីផ្លូវច្បាប់នេះ ខណៈដែលចំនួនតំណាងរាស្ត្របក្សប្រឆាំងពាក់ព័ន្ធនឹងរឿងរ៉ាវអាស្រូវស្នេហា បានកើនឡើងកាន់តែច្រើន បន្ទាប់ពីគណនីហ្វេសប៊ុក (facebook) ឈ្មោះ "សីហា" បានបន្តទម្លាយខ្សែអាត់សំឡេងសន្ទនារឿងស្នេហាសន្ទនាសម្ងាត់តាមរយៈទូរស័ព្ទដ៏អាសអាភាសជាបន្តបន្ទាប់ ដែលសំឡេងទាំងនោះគឺសង្ស័យថា ជាសំឡេងរបស់តំណាងរាស្ត្របក្សប្រឆាំង រួមទាំងគេបង្ហោះរូបថតតំណាងរាស្ត្រទាំងនោះមួយចំនួនផង។
ក្នុងចំណោមតំណាងរាស្ត្រដែលកំពុងរងការវាយប្រហារពីអ្នកលេងហ្វេសប៊ុក មិនបញ្ជាក់អត្តសញ្ញាណពិតដោយប្រើឈ្មោះ សីហា នោះ បានបង្ហោះលាតត្រដាង និងចោទប្រកាន់ពីជីវិតពិតឯកជន ឬរឿងអាស្រូវស្នេហាមន្ត្រីបក្សប្រឆាំងទាំងនោះ រួមមានលោក រៀល ខេមរិន្ទ្រ លោក យ៉ែម បុញ្ញឫទ្ធិ លោក ឡុង រី លោក ហូរ វ៉ាន់ លោក ចាន់ ចេង អ្នកស្រី ពត ពៅ លោក យឹម សុវណ្ណ និងលោក អេង ឆៃអ៊ាង ជាដើម ក្រៅពីនេះក៏មានការទម្លាយរឿងទំនាស់បែងចែកអំណាចផ្ទៃក្នុងបក្សផងដែរ។
ទោះជាយ៉ាងនេះក្ដី គ្មានការស៊ើបអង្កេតផ្លូវការពីអាជ្ញាធររដ្ឋាភិបាលទេ ជុំវិញថា តើខ្សែអាត់សំឡេងទាំងនោះទទួលបានតាមវិធីណានោះ?
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃទី៥ ខែកុម្ភៈ ព្រោះទូរស័ព្ទលោកបានបិទ។
រីឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា លោកមិនចាប់អារម្មណ៍ចំពោះរឿងអាស្រូវស្នេហាដែលបែកធ្លាយនោះឡើយ ព្រោះលោកជាប់រវល់នឹងកិច្ចការផ្សេងទៀត។ លោក ផៃ ស៊ីផាន ក៏បានច្រានចោលចំពោះសម្ដីអ្នកច្បាប់ដែលថា រដ្ឋាភិបាលមានតួនាទីស៊ើបអង្កេត និងមានវិធានការច្បាប់ចំពោះរឿងនេះ៖ «ការលើកឡើងនេះ វាមិនសមស្របទេ ព្រោះរឿងនេះជារឿងឯកជន ហើយឯកជនផ្ទាល់ខ្លួនទេ ដែលតតាំងដល់ការបែក»។
លោក ផៃ ស៊ីផាន បន្ថែមដែរថា ប្រសិនបើតំណាងរាស្ត្របក្សប្រឆាំងយល់ថាប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួននោះ អាចដាក់ពាក្យបណ្ដឹង ព្រោះទាំងអស់គ្នាទទួលបានកិច្ចការពារនៅក្នុងភាពជាឯកជន ឬក៏កិត្តិយស។ ចំពោះបញ្ហានេះ លោក ផៃ ស៊ីផាន ថាលោកមិនមានបទពិសោធន៍តតាំងរឿងក្តីដូច្នេះឡើយ ហើយលោកថាហាក់ដូចជាពិបាកនិយាយអំពីបញ្ហានេះ ព្រោះជាអ្នកទីបី។
ដោយឡែកខាងគណបក្សសង្គ្រោះជាតិ ហាក់បានប្រើគោលការណ៍មិនឆ្លើយតបទៅនឹងការវាយប្រហារចោទប្រកាន់ពីរឿងផ្ទាល់ខ្លួន ដោយមកទល់ពេលនេះ គ្មានតំណាងរាស្ត្រណាម្នាក់បញ្ចេញប្រតិកម្មនៅឡើយ។ អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងរឿងនេះបានទេ នៅថ្ងៃទី៥ កុម្ភៈ។
លោកមេធាវី សុក សំអឿន យល់ថា ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការស្រាវជ្រាវករណីខ្សែអាត់សំឡេងនេះទេ ហើយទុកឲ្យមានបញ្ហាបែបនេះតទៅទៀតនោះ នឹងបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរបាត់បង់ជំនឿលើប្រព័ន្ធគ្រប់គ្រងរដ្ឋ ហើយប្រជាពលរដ្ឋរស់នៅក្នុងសភាពភ័យខ្លាច៖ «ធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាយល់ថា ខ្លួនអត់មានសុវត្ថិភាព ហើយដូច្នេះ ទី១ ធ្វើឲ្យប្រជាពលរដ្ឋគិតថា មន្ត្រីអនុវត្តច្បាប់លម្អៀង ថាបើរឿងប្រព័ន្ធនយោបាយប្រឆាំង អត់ស៊ើបអង្កេតទេ ធ្វើមិនដឹងអ៊ីចឹងទៅ។ ទី២ ប្រជាពលរដ្ឋអាចគិតថា ស្ថាប័នអនុវត្តច្បាប់ ឬក៏រដ្ឋាភិបាលបច្ចុប្បន្ននេះ អសមត្ថភាពក្នុងការអនុវត្តច្បាប់ និងការពារសិទ្ធិសេរីភាពរបស់គេ»។
មានច្បាប់ជាតិយ៉ាងហោចណាស់ចំនួន៣ ដែលហាមឃាត់ការលបថតសំឡេងសន្ទនាតាមទូរស័ព្ទរបស់អ្នកដទៃ។ ទី១ គឺរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេស។ មាត្រា៤០ មិនត្រឹមតែការពារពលរដ្ឋកម្ពុជា គ្រប់រូបពីការលបថតសំឡេងនិយាយសន្ទនារបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាការពារអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍របស់គាត់ទៀតផង។
រីឯច្បាប់ស្ដីពីទូរគមនាគមន៍បញ្ជាក់យ៉ាងច្បាស់ថា ទាំងអ្នកលបថតសំឡេងគេ ទាំងអ្នកយកសំឡេងលបថតនោះទៅផ្សព្វផ្សាយ ត្រូវមានទោសស្មើគ្នា។ មាត្រា៩៧ ចែងថា ការលបស្តាប់ ឬការលបថតការសន្ទនាដោយការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ដោយបុគ្គលដែលពុំមែនជាភាគីនៃការសន្ទនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងទទួលពិន័យជាប្រាក់ពី ១សែនរៀលទៅ ២លានរៀល។ បញ្ញត្តិកថាខណ្ឌទី១ ខាងលើនេះ មិនត្រូវយកមកអនុវត្តទេក្នុងករណីដែលការស្តាប់ ឬការថតការសន្ទនានោះ ធ្វើឡើងដោយមានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ឬដោយមានការអនុញ្ញាតពីអាជ្ញាធរធម្មានុរូប។
ចំណែកអ្នកយកសំឡេងលបថតនោះទៅផ្សព្វផ្សាយ ក៏មានទោសជាប់ពន្ធនាគារដែរ។ មាត្រា៩៧ នៃច្បាប់ស្ដីពីទូរគមនាគមន៍ដដែលចែងថា ត្រូវផ្ដន្ទាទោសដូចគ្នាចំពោះការផ្សព្វផ្សាយខ្លឹមសារនៃការសន្ទនា ដោយពុំបានទទួលសិទ្ធិស្របច្បាប់ពីភាគីនៃការសន្ទនា ឬពីអាជ្ញាធរធម្មានុរូប ឬពីបទដ្ឋានគតិយុត្តិជាធរមាន។
រីឯក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៣០១ ក៏ផ្ដន្ទាទោសអ្នកដែលលបថតសំឡេងសន្ទនារបស់គេឲ្យជាប់ពន្ធនាគារដែរ៕
1 comment:
Why don't you suggest government to investigate who behind the fall accusations of lee dukthor son or crock kill hu men etc. .
Post a Comment