Saturday 22 April 2017

សហជីព​គ្រោង​ហែ​ក្បួន​ជាង​៣​ពាន់​នាក់​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ


ដោយ ខែ សុណង
2017-04-22

ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA


សហព័ន្ធ​សហជីព និង​សមាគម​ក្នុង​វិស័យ​ការងារ ដែល​មាន​ផ្នែក​កាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គ្រោង​ហែ​ក្បួន​ជាង​៣​ពាន់​នាក់ ដើម្បី​ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១ ឧសភា។ ក្រុម​ការងារ​នេះ កំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​សាលា​រាជធានី​ជុំវិញ​ការ​ជូន​ដំណឹង​នៃ​ការ​ជួបជុំ​ហែ​ក្បួន​នេះ។

សហព័ន្ធ​សហជីព ​និង​សមាគម​ក្នុង​វិស័យ​ការងារ​ប្រកាន់​ជំហរ​ថា នឹង​ហែ​ក្បួន​ជាង​៣​ពាន់​នាក់ ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា។



ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ មេសា ថា ក្រៅ​អំពី​ការ​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ វា​ក៏​ជា​ឱកាស​រំលឹក​និង​គោរព​ដល់​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​លះបង់​តស៊ូ​មតិ​ក្នុង​វិស័យ​ការងារ​ហើយ​បាន​លាចាក​លោក​ទៅ។ លោក អាត់ ធន់ បញ្ជាក់​ថា ក្រុម​ការងារ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ថា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​ជួបជុំ ​និង​ហែ​ក្បួន​មាន​ឧបសគ្គ​ច្រើន​លោក​សង្ឃឹម​ថា សាលា​រាជធានី​នឹង​យល់​ពី​បញ្ហា​នេះ៖ «យើង​មាន​ដំណឹង​ធ្វើ​នេះ​គឺ​យើង​គ្រោង​ការ​ហែ​ទៅ​រដ្ឋសភា​ហ្នឹង ទោះ​បី​ថា​ឲ្យ​មិន​ឲ្យ​វា​ជា​រឿង​របស់​សាលា​ក្រុង។ យើង​យោង​ទៅ​លើ​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​គឺ​យើង​មាន​សិទ្ធិ លើកលែង​តែ​វា​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​និង​សន្តិសុខ​ជាតិ​បាន​គេ​ហាម​មិន​ឲ្យ​ធ្វើ​បាន»។

លោក​ថា ក្រុម​ការងារ​បាន​ដាក់​សេចក្ដី​ជូន​ដំណឹង​តាំង​ពី​ថ្ងៃ​ទី​១០ មេសា ទៅ​សាលា​រាជធានី​ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឆ្លើយ​នៅ​ឡើយ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង លោក ម៉េត មាសភក្ដី ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ មេសា ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា ខួប​លើក​ទី​១៣១ ឆ្នាំ​២០១៧ រៀបចំ​ឡើង​ក្រោម​ប្រធានបទ បញ្ហា​ប្រឈម​របស់​កម្មករ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព។ ក្នុង​ពិធី​នេះ សហព័ន្ធ​មក​ពី​កាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នឹង​ជួបជុំ​គ្នា​ជាង​៣​ពាន់​នាក់ នៅ​សួនច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ីឌីស៊ី (CDC) នៅ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១ ឧសភា ថ្លែង​សារ​អំពី​ទុក្ខ​លំបាក​របស់​កម្មករ បន្ទាប់​មក​ហែ​ក្បួន លើក​បដា តាម​ដង​វិថី​មាត់​ទន្លេ​រួច​ឆ្ពោះ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ឲ្យ​ដោះស្រាយ​បញ្ហា​នានា។

លោក អាត់ ធន់ ចង់​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​អំពី​ការ​រំលោភ ឬ​ការ​អនុវត្ត​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​កម្មករ និង​សហជីព ស្នើ​ឲ្យ​រដ្ឋសភា​ពិនិត្យ​មើល​ច្បាប់​និង​បទដ្ឋាន​ផ្សេងៗ​ទៀត ដែល​ប៉ះពាល់​ប្រយោជន៍​កម្មករ រក​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​ពួកគេ រួម​ទាំង​ពង្រឹង​សន្តិសុខ​សង្គម និង​ការ​រៀបចំ​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ជា​ដើម៕

No comments: