Saturday 22 April 2017

គណបក្ស​ធំៗ​ពីរ​ត្រៀមខ្លួន​សម្រាប់​ឃោសនា​បោះឆ្នោត


ដោយ ប្រាជ្ញ ចេវ
2017-04-22

ក្បួន​ដង្ហែ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​ដំបូង នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១៣។
ក្បួន​ដង្ហែ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​ដំបូង នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១៣។
RFA



គណបក្ស​មាន​សំឡេង​នៅ​រដ្ឋសភា​ទាំងពីរ អះអាង​ថា បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​យុទ្ធនា​ការ​រក​សំឡេងឆ្នោត​ដែល​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ជាង​មួយ​ខែ​ទៀត។ បក្ស​ប្រឆាំង​ប្រកាស​ចំណាយ​លុយ​យ៉ាងតិច​១.៧​លាន​ដុល្លារ ក្នុង​យុទ្ធ​ការបោះឆ្នោត​ឃុំ សង្កាត់ ប៉ុន្តែ​បក្ស​កាន់អំណាច​មិនទាន់​បង្ហាញ​ខ្ទង់​ចំណាយ​នៅ​ឡើយ​ទេ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ទ្រព្យធន និង​អះអាង​មាន​សមាជិក​ជាង​២​នាក់ អះអាង​ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខាងមុខ មិន​មានការ​បង្ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​ណាមួយ គឺ​នឹង​មានតែ​បង្ហែ​ក្បួន​តាម​ឃុំ សង្កាត់ និង​ការ​ចុះ​ពន្យល់​ពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​តែ​ម្ដង ត្បិត​អី​គណបក្ស​នេះ គោរព​តាមច្បាប់​បោះឆ្នោត។



អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ការ​ធ្វើ​យុទ្ធនាការ​រយៈពេល​១៤​ថ្ងៃ​ផ្ដោត​សំខាន់​លើ​ការ​ចុះ​ជួប​ពលរដ្ឋ​ដល់​មូលដ្ឋាន​របស់​មន្ត្រី​គណបក្ស។ លោក​បន្ត​ថា ថ្ងៃ​សំខាន់​នៃ​យុទ្ធនាការ​នេះ​គឺ​ថ្ងៃ​ចាប់​ផ្តើម គណបក្ស​ឃោសនា​ដោយ​ភ្ជាប់​នឹង​ថ្ងៃ​រំលឹក​សម្លាប់​រង្គាល​ពល​រដ្ឋ​នៃ​របប​ខ្មែរក្រហម ចំណែក ថ្ងៃ​បញ្ចប់​ក៏​គណបក្ស ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដែរ​។ «»

លោក សុខ ឥសាន ឲ្យ​ដឹង​ដែរ​ថា គណបក្ស​ត្រៀមខ្លួន​ចូលរួម​វេទិកា​សាធារណៈ ជជែក​ដោយ​មាន​ការរៀបចំ​ពី​អង្គការ​អន្តរជាតិ​ណាមួយ។ លោក សុខ ឥសាន មិនទាន់​ឲ្យ​ថា គណបក្ស​នឹង​ត្រូវ​ចាយ​លុយ​អស់​ប៉ុន្មាន​នោះ​ទេ​ក្នុង​រយៈពេល​១៤​ថ្ងៃ​នោះ។

គណបក្ស​កាន់អំណាច​ដាក់​ចេញ​ពាក្យស្លោក​ចំនួន​៣៥ សម្រាប់​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ ដែល​សំដៅ​ដល់​ការ​អភិវឌ្ឍ ការ​រំលឹក​គុណ​នៃ​ជ័យជំនៈ​ថ្ងៃ​៧​មករា សន្តិភាព កិច្ចការពារ​ធនធាន​ធម្មជាតិ​ជាដើម។

ចំណែក អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ដែរ​ថា យ៉ាងហោចណាស់​គណបក្ស​ត្រូវ​ចំណាយ​លុយ​ជាង​១.៧​លាន​ដុល្លារ ក្នុង​យុទ្ធ​ការបោះឆ្នោត​ឃុំ សង្កាត់ ទូទាំង​ឃុំ សង្កាត់។ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា គណបក្ស​មាន​ផែនការ​ធំៗ​ពីរ គឺ ផ្សព្វផ្សាយ​គោល​នយោបាយ​អាទិភាព​ទាំង​ប្រាំ​ចំណុច និង​បណ្ដុះបណ្ដាល​ភ្ញាក់​ងារ​គណបក្ស​ជាង​បួន​ម៉ឺន​នាក់ ឲ្យ​យល់ដឹង​ពី​កិច្ចការ​បោះឆ្នោត និង​ការ​ឃ្លាំមើល​ក្នុង​ពេល​បោះឆ្នោត។«»

លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា យុទ្ធនាការ​របស់​គណ​បក្ស មាន​ទាំង​ការ​ហែ​ក្បួន ការឃោសនា​ដោយ​ចាក់​ផ្សាយ​សំឡេង និង​ការ​ចុះ​ដល់​មូលដ្ឋាន។ ប៉ុន្តែ លោក​មិនទាន់​ឲ្យ​ដឹង​ថា កា​រហែ​ក្បូន​ទ្រង់ទ្រាយ​បែប​ណា​នៅឡើយ​ទេ។

ច្បាប់បោះឆ្នោត​ថ្មី តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៤ មាន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា រហូតដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។

គណបក្ស​មាន​សំឡេងឆ្នោត​ទាំងពីរ​នេះ តែងតែ​អួតអាង​ថា នឹង​ឈ្នះ​ឆ្នោត​ដែល​គ្រប់គ្រង​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ច្រើន​លើស​លុប​រៀងៗ​ខ្លួន។ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា នឹង​ឈ្នះ​ឆ្នោត​ឃុំ​សង្កាត់។ ដោយឡែក លោក​នាយក​រដ្ឋមន្ត្រី ព្រមាន​នឹង​មាន​សង្គ្រាម​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត៕

No comments: