Thursday, 27 April 2017

សមាជិក​សភា​អាស៊ាន​អំពាវនាវ​ឲ្យ​មេ​ដឹកនាំ​អាស៊ាន​ដោះស្រាយ​បញ្ហា​ប្រឈម​បន្ទាន់​បំផុត


ដោយ ទីន ហ្សាការីយ៉ា
2017-04-26
rfa
ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា នា​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។
ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា នា​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។
 Photo courtesy of APHR


សមាជិក​សភា​អាស៊ាន (APHR) បាន​អំពាវនាវ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ឲ្យ​មេ​ដឹកនាំ​រដ្ឋ និង​រដ្ឋាភិបាល​អាស៊ាន​ទាំងអស់ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​ជា​បន្ទាន់​មួយ ពិសេស​បញ្ហា​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​កំពុង​តែ​បំផ្លាញ​សិទ្ធិ​មនុស្ស និង​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ។



សមាជិក​សភា​អាស៊ាន​មួយ​ក្រុម​ដែល​ធ្វើ​ការ​ដើម្បី​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មេ​ដឹកនាំ​អាស៊ាន​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នោះ ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​មួយ ដើម្បី​ពង្រឹង​យន្តការ​ថ្នាក់​តំបន់​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដ៏​សមស្រប​មួយ។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ មេសា ដែល​គេ​រៀបចំ​ឡើង​នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines)។

សមាជិក​សភា​ទាំងនេះ​ព្រមាន​ថា បើ​សិន​ជា​មេ​ដឹកនាំ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ គឺ​ជា​ការ​បរាជ័យ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​រយៈពេល​វែង ដែល​គេ​នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប​លើក​ទី​៥០ នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ។

លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជា​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ មេសា ថា ការ​សឹករិចរិល​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គំរាម​កំហែង​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិវឌ្ឍន៍​ដំណើរការ​សមាហរណកម្ម​អាស៊ាន និង​កាន់​តែ​ធ្វើ​ឲ្យ​ប្លុក​ទន់​ខ្សោយ​នៅ​ក្នុង​តំបន់ ដែល​ផ្ទុយ​ពី​ការ​អះអាង​របស់​មេ​ដឹកនាំ​អាស៊ាន​ដែល​ថា​យក​ប្រជាជន​ជា​ធំ​នោះ។

លោក​បាន​សង្កត់​ធ្ងន់​ថា «យើង​កំពុង​មើល​ឃើញ​និន្នាការ​ក្នុង​តំបន់​មាន​បញ្ហា​ជាច្រើន ដូចជា​សង្គម​ស៊ីវិល និង​សំឡេង​ជំទាស់ រួម​ទាំង​អ្នក​តំណាងរាស្ត្រ​កំពុង​ត្រូវ​បាន​យាយី និង​ចាប់​ដាក់​ពន្ធនាគារ សហគមន៍​ដែល​បាត់បង់​ឱកាស​ស្ថិត​នៅ​ក្រោម​ការ​វាយ​លុក​ពី​កម្លាំង​សន្តិសុខ និង​ក្រុម​សាសនា​ជ្រុល​និយម កំពុង​ត្រូវ​បាន​ប្រើ​សម្រាប់​គោល​បំណង​នយោបាយ​ដ៏​អាក្រក់។ ហើយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ គឺ​ជា​ទីកន្លែង​ដែល​យក​បញ្ហា​ទាំងនេះ​មក​ពិភាក្សា ដេញដោល​គ្នា រហូត​ដល់​ទី​បញ្ចប់ ត្រូវ​ឆ្លើយតប​ក្នុង​កម្រិត​តំបន់​រួម​មួយ»។

រីឯ​អនុប្រធាន​សមាជិក​សភា​អាស៊ាន ​(APHR) អ្នកស្រី មូរ សុខហួរ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​តំណាងរាស្ត្រ​ជាប់​ឆ្នោត អ្នកស្រី​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​បញ្ចូល​យន្តការ​ពិគ្រោះ​យោបល់​គ្នា​ឲ្យ​រឹងមាំ​នៅ​ថ្នាក់​តំបន់ ដែល​បាន​ចូលរួម​សំឡេង​ទាំងអស់ រួម​ទាំង​ស្ត្រី យុវជន និង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​មាន​ឱកាស​ប្រតិបត្តិការ​ដោយ​សេរី​នៅ​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល។

ក្រៅ​ពី​នេះ​ទៀត ក្រុម​សមាជិក​សភា​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ចំនួន​នៃ​ការ​អភិវឌ្ឍ​ថ្នាក់​តំបន់ ក្នុង​នោះ​រួម​មាន ការ​បង្កើន​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សមាគម និង​ការ​រឹតត្បិត​ក្នុង​ការ​ជួប​ប្រជុំ ការ​គំរាម​កំហែង​ដល់​សង្គម​ស៊ីវិល និង​ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ជាដើម។

ឆ្លើយតប​នឹង​ការ​ព្រួយ​បារម្ភ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន យល់ស្រប​ចំពោះ​ការ​អំពាវនាវ​នេះ ប៉ុន្តែ​លោក​អះអាង​ថា ការ​អនុវត្ត​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គ្មាន​ធ្លាក់​ចុះ​ទេ។ រីឯ​ការ​រំលោក​សិទ្ធិ​មនុស្ស​វិញ លោក​លើក​ឡើង​ថា ប្រទេស​ណា​ក៏​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ៖ «ការ​បាញ់​សម្លាប់​មាន​ដូច​តែ​គ្នា​ទេ មាន​ទាំង​ខ្មែរ ទាំង​អាមេរិក ហើយ​ហ្វីលីពីន ហ្នឹង​មាន​ច្រើន​ជាង​គេ​ផង»។

ទោះ​បី​ជា​បែប​នេះ​ក្ដី ក្រុម​សមាជិក​សភា​អាស៊ាន​នេះ ក៏​ធ្លាប់​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​កាល​ពី​ចុង​ខែ​មីនា រក​ឃើញ​ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ និង​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ។

របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ដែល​ចេញ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២០ មីនា ដោយ​ដាក់​ចំណង​ជើង​ថា «ការ​វាយ​ប្រហារ​សមាជិក​សភា និង​ការ​គំរាម​កំហែង​ស្ថាប័ន​កម្ពុជា គឺ​ជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ របាយការណ៍​នេះ​ចេញ​បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) មួយ​ក្រុម ដែល​រួម​មាន​សមាជិក​សភា​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​សមាជិក​សភា​ហ្វីលីពីន ផង បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​មួយ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​នេះ​ចងក្រង និង​វិភាគ​លើ​រលក​វាយ​ប្រហារ​សមាជិក​សភា រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​នីតិវិធី​ជុំវិញ​អភ័យ​ឯកសិទ្ធិ​សភា និង​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ។

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) គឺ​ជា​កម្លាំង​អន្តរាគមន៍​សិទ្ធិ​មនុស្ស​មួយ​នៃ​សមាជិក និង​អតីត​សមាជិក​សភា ដែល​ប្រើប្រាស់​តួនាទី​របស់​ខ្លួន និង​តាម​មធ្យោបាយ​កែលំអ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​រើសអើង ដើម្បី​លើក​កម្ពស់​សេរីភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ទូទាំង​តំបន់។

អ្នកស្រី មូរ សុខហួរ ជំរុញ​រដ្ឋាភិបាល​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ដើម្បី​ការពារ​ប្រជាជន​អាស៊ាន​ទាំងអស់ ជាពិសេស​ក្រុម​ដែល​ងាយ​រងគ្រោះ​បំផុត ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ថា យន្តការ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ការពារ​សិទ្ធិ​មនុស្ស គឺ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល និង​មាន​ការ​កំណត់​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ឯករាជ្យ។ ហើយ​តុលាការ ត្រូវ​តែ​ជា​ប្រព័ន្ធ​មួយ​ដែល​ឯករាជ្យ និង​ជា​ស្ថាប័ន​មួយ​ដែល​ជា​ទី​ជឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។

ចំពោះ​អនុប្រធាន​សមាជិក​សភា​អាស៊ាន លោក អ៊ីវ៉ា ស៊ុនដារី (Eva Sundari) និង​ជា​សមាជិក​សភា​ឥណ្ឌូនេស៊ី បញ្ជាក់​ថា អាស៊ាន​ចាំបាច់​ត្រូវ​មាន​សហគមន៍​មួយ​ក្នុង​តំបន់​ដែល​ឈរ​លើ​មូលដ្ឋាន​យក​ប្រជាពលរដ្ឋ​ជា​ធំ។ ហើយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ នេះ ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​មេ​ដឹកនាំ​អាស៊ាន ដើម្បី​បញ្ជាក់​ជំហរ​ឲ្យ​កាន់​តែ​ច្បាស់​ថា តើ​ពួក​គេ​ត្រូវ​ឈរ​នៅ​ទីតាំង​ណា?៕

No comments: