Thursday, 27 April 2017
ក្រសួងមហាផ្ទៃប្រតិកម្មនឹងCCHRដែលថាក្រសួងរឹតត្បិតមិនឲ្យចូលជួបអ្នកជាប់ឃុំ
ដោយ ម៉ម មុនីរតន៍
2017-04-26
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានហៅការហាមឃាត់ដោយអាជ្ញាធររដ្ឋ មិនឲ្យបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល បានចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅព្រៃស ថាជាការអនុវត្តរំលោភផ្ទុយពីច្បាប់ និងជាចរិតរឹតត្បិតសេរីភាពហួសហេតុ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ យល់ឃើញថា ការចេញរបាយការណ៍ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នេះ គឺជាការបំប៉ោងសភាពការណ៍ ជាពិសេសអួតខ្លួនថាជាអ្នកអនុវត្តច្បាប់ ប៉ុន្តែមិនយល់ពីច្បាប់ទៅវិញ។
ប្រតិកម្មរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ ស្របពេលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពិនិត្យឃើញថា ទាំងស្ថាប័នក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ចេញបម្រាមទាំងមិនមានសំអាងហេតុផ្លូវច្បាប់គ្រប់គ្រាន់ ដែលអាចឲ្យភាគីដែលពាក់ព័ន្ធជឿទុកចិត្តបាន។
ការបញ្ជាក់ជំហររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៦ មេសា ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកម្រាស់ ២ទំព័រ។
ការរិះគន់ទៅលើស្ថាប័នដែលអនុវត្តច្បាប់ទាំង២ គឺក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅពេលនេះ ក្រោយពេលស្ថាប័នមិនមែនរដ្ឋាភិបាលមួយនេះ សង្កេតឃើញថា ថ្មីៗនេះ ក្រសួងទាំងពីរបានចេញបម្រាមទាំងបំពានដែលខុសពីបញ្ញត្តិនៃច្បាប់ មិនអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិល និងបក្សប្រឆាំង បានជួបអ្នកជាប់ឃុំនៅពន្ធនាគារព្រៃស។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានស្រង់យកខ្លឹមសារនៃច្បាប់ធ្វើជាសំអាងហេតុ ក្នុងការដាក់បន្ទុកដែរថា មាត្រា៥៥ នៃច្បាប់ស្ដីពីពន្ធនាគារកំណត់ថា ជនជាប់ឃុំត្រូវអនុញ្ញាតឲ្យក្រុមគ្រួសារ ឬញាតិមិត្តបានសួរសុខទុក្ខតាមការកំណត់ លើកលែងតែមានការហាមឃាត់ពីតុលាការ។ បន្ថែមពីលើនេះ ច្បាប់ជាអន្តរជាតិដែលបញ្ញត្តិដោយអង្គការសហប្រជាជាតិ សម្រាប់គ្រប់គ្រងអ្នកទោស ដែលអនុម័តដោយមហាសន្និបាតកាលពីឆ្នាំ១៩៥៥ ចែងថា អ្នកទោសត្រូវអនុញ្ញាតឲ្យទាក់ទងជាមួយគ្រួសារ និងមិត្តភ័ក្ដិតាមការកំណត់ជាទៀងទាត់។
ប្រតិកម្មនឹងការរិះគន់នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ យល់ឃើញថា របាយការណ៍ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅពេលនេះ មិនខុសអីធ្វើឡើងដើម្បីផ្គាប់ផ្គុនម្ចាស់ជំនួយប៉ុណ្ណោះ។ លោកបន្តថា មានអ្នកជាប់ឃុំច្រើនណាស់ដែលសង្គមស៊ីវិលទាំងនេះត្រូវសួរសុខទុក្ខ ប៉ុន្តែបែរជាលើកហេតុផលអ្នកជាប់ឃុំប៉ុន្មាននាក់នេះ ដើម្បីទម្លាក់កំហុសមកលើស្ថាប័នអនុវត្តច្បាប់របស់រដ្ឋាភិបាលទៅវិញ។ លោកបន្តថា «នៅក្នុងច្បាប់នៃការសួរសុខទុក្ខទណ្ឌិតនេះ អ្នកដែលរងនូវដីការបស់តុលាការ ហើយស្ថិតក្រោមការឃុំឃាំងដោយពន្ធនាគារ គឺអនុញ្ញាតបានតែក្រុមគ្រួសារ និងមេធាវីទេ។ ចុះសង្គមស៊ីវិលហ្នឹង គាត់ត្រូវជាបងប្អូន ឬយ៉ាងម៉េច បានជាគាត់គិតតែរើសអើងតែប៉ុន្មាននាក់ហ្នឹង ចុះអ្នកដទៃទៀត មិនមែនជាប្រជាពលរដ្ឋខ្មែរទេ?»។
ទាក់ទិនរឿងនេះ អនុប្រធានគណបក្សប្រឆាំង អ្នកស្រី មូរ សុខហួរ រំពឹងថា បម្រាមរបស់ក្រសួងមហាផ្ទៃ នេះ ទំនងនឹងមិនមែនជាឧបសគ្គទេ។ អ្នកស្រីធ្លាប់អះអាងថា បើទោះជាបែបណា ភាគីទាំងពីរអាចនឹងរកច្រកចេញបាន។
ឆ្លើយតបការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ នេះ នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឌុច ពិសិដ្ឋ បដិសេធថា មូលហេតុដែលសង្គមស៊ីវិលតែងចូលជួបអ្នកជាប់ទាំង ៥នាក់ និងសកម្មជនដទៃទៀត ដោយសារពួកគេគឺជាអ្នកតស៊ូមតិដើម្បីលើកកម្ពស់ឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា «អ្នកជាប់ឃុំដែលយើងទៅសួរសុខទុក្ខហ្នឹង គឺពួកគាត់ធ្វើការលើកកម្ពស់សិទ្ធិមនុស្ស។ ដូច្នេះយើងឃើញថា គាត់គឺជាអ្នកដែលការពារសិទ្ធិមនុស្ស ដែលយើងត្រូវតែយកចិត្តទុកដាក់»។
យ៉ាងណា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថា ការបិទសិទ្ធិមិនឲ្យបក្សប្រឆាំង និងសង្គមស៊ីវិលបានជួបអ្នកជាប់ឃុំ ធ្វើកិច្ចការដើម្បីយុត្តិធម៌សង្គមនេះ គឺជាផ្នែកមួយហ៊ុមព័ទ្ធសិទ្ធិសេរីភាពក្នុងដំណាក់កាលចុងក្រោយកាន់តែធ្ងន់ធ្ងរនៅកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី១០ មេសា សំណើសុំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស សូមជួបអ្នកការពារសិទ្ធិមនុស្សកំពុងជាប់ឃុំ ៤នាក់របស់សមាគមអាដហុក និងលោក នី ចរិយា ត្រូវបដិសេធ។ ក្រោយមកទៀត កាលពីថ្ងៃទី១៩ មេសា ក្រសួងមហាផ្ទៃ បានប្រកាសថា គណបក្សសង្គ្រោះជាតិ នឹងត្រូវហាមឃាត់មិនឲ្យជួបសមាជិករបស់ខ្លួនតទៅទៀត ព្រោះតែមានភាពមិនស្មោះត្រង់ ដែលបក្សប្រឆាំងនាំនាយករងវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ចូលពន្ធនាគារ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment