Wednesday, 26 April 2017

ទស្សនកិច្ច​ប្តូរ​វេន​រវាង​វៀតណាម និង​ចិន នៅ​កម្ពុជា ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ឬ​យ៉ាង​ណា?


ទស្សនកិច្ច​ប្តូរ​វេន​រវាង​វៀតណាម និង​ចិន នៅ​កម្ពុជា ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ឬ​យ៉ាង​ណា?
នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន និង​លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្រ្តី វៀតណាម។


ដោយ ញឹម សុផល ចុះផ្សាយ​នៅ​ថ្ងៃ 26/04/2017
rfi


ទស្សនកិច្ច​ប្តូរ​វេន​រវាង​វៀតណាម និង​ចិន នៅ​កម្ពុជា ផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ឬ​យ៉ាង​ណា? នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន និង​លោក ង្វៀន សួនហ៊្វុក នាយក​រដ្ឋមន្រ្តី វៀតណាម។
ថតកម្មវិធីនេះទុក
 

បន្ទាប់​ពី​ចិន ដល់​វេន​វៀតណាម។ ដំណើរ​ទស្សនកិច្ច​ឆ្លាស់​វេន​គ្នា​រវាង​ប្រទេស​ដែល​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​នៅ​ក្នុង​ជម្លោះ​ដែន​ទឹក​ទាំង​ពីរ ត្រូវ​បាន​កត់​ចំណាំ​ថា មាន​ស្ថានភាព​ញឹក​ញាប់​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​ជា​មិត្ត​កម្ពុជា​ដែរ​នោះ។ ទោះ​យ៉ាង​ណា​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វុក នៅ​កម្ពុជា​ពេល​នេះ វា​បាន​បង្ហាញ​នូវ​ចំណង​ទំនាក់​ទំនង​គ្នា​ជា​ធម្មតា ក្នុង​នាម​ប្រទេស​ជិត​ខាង។ ក៏​ប៉ុន្តែ​ទាក់​ទង​ទៅ​នឹង​ផល​ប្រយោជន៍​ផ្សេង ត្រូវ​គេ​ជឿ​ថា​មិន​ដូច​គ្នា​ទេ ក្នុង​នោះ​រួម​ទាំង​កម្ពុជា-ចិន ផង​ដែរ។

ជា​ការ​កត់​សម្គាល់ វៀតណាម និង​ចិន ដែល​សុទ្ធ​សឹង​ជា​ប្រទេស​កុំមុយនីស្ត ក្រហម​ឆ្អិន​ឆ្អៅ បាន​ប្រដាក់​គ្នា ចេញ ចូល​កម្ពុជា បន្ត​កន្ទុយ​គ្នា​តាម​រយៈ​ទស្សនកិច្ច​ផ្លូវការណ៍។ ដំណើរ​ទស្សនកិច្ច​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ទាំង​ពីរ​នៅ​លើ​ទឹក​ដី​កម្ពុជា ភាគ​ច្រើន​ដោយ​មន្ត្រី​ជាន់​ខ្ពស់ នៃ​រដ្ឋាភិបាល សមាជិក​ជាន់​ខ្ពស់​បក្ស​កុំមុយនីស្ត ថ្នាក់​ដឹក​នាំ​នៃ​អំណាច​នីតិបញ្ញតិ និង​មន្ត្រី​ជាន់​ខ្ពស់​យោធា​ផង​ដែរ។



ដោយ​ឡែក​កម្ពុជា​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​នេះ ក៏​ញឹក​ញាប់​ផង​ដែរ ក្រោម​អត្ថន័យ​ដូច​គ្នា គឺ​យោង​តាម​ការ​អញ្ជើញ​របស់​ថ្នាក់​ដឹក​នាំ​នេះ​ ថ្នាក់​ដឹក​នាំ​នោះ​ជា​ដើម។ ជាក់​ស្តែង នៅ​អំឡុង​ពេល​នេះ ប្រទេស​កម្ពុជា​កំពុង​តែ​ទទួល​ភ្ញៀវ ដ៏​សំខាន់​មួយ​រួប គឺ​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួនហ្វ៊ុក ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន ៣​ថ្ងៃ។

ជា​សំណួរ តើ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​វៀតណាម​ក្តី មេ​ដឹកនាំ​ជាន់​ខ្ពស់​ចិន​ក្តៅ នឹង​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ណា​ខ្លះ​ រវាង​កម្ពុជា-វៀតណាម និង​កម្ពុជា-ចិន? ជា​ការ​ពិត តាម​រយៈ​ដំណើរ​ទស្សនកិច្ច​មួយ​លើកៗ ប្រទេស​ដែល​រៀប​ចំ​ទទួល និង​ប្រទេស​ដែល​ជា​ភ្ញៀវ តែង​តែ​មាន​ផល​ប្រយោជន៍​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ គ្រាន់​តែ​ពេល​ខ្លះ​ជា​ផល​ប្រយោជន៍​ជាក់​ស្តែង និង​ខ្លះ​ជា​ផល​ប្រយោជន៍​ដោយ​ប្រយោល និង​មាន​អត្ថន័យ​ទៅ​អនាគត។

សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ៊្វុក នៅ​ពេល​នេះ អ្វី​ដែល​ជា​លទ្ធផល​ជាក់​ស្តែង​ឃើញ​ថា​ពិធីសារ​ចំនួន ៤ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​នោះ​មាន​ការ​សិក្សា​រួម​គ្នា​ស្តី​ពី​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត និង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ-ម៉ក់បៃ។ ពិធីសារ​ទី ២​គឺ គម្រោង​សាង​សង់​មជ្ឈមណ្ឌល​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រ​ចិត្ត និង​ផ្អែក​លើ​សហគមន៍​ដល់​អ្នក​ញៀន​គ្រឿង​ញៀន នៅ​ខេត្ត​ព្រះសីហនុ។ ទី​៣ ផ្តោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី លើ​វិស័យ​ជលផល។ និង​ទី​៤ គឺ​ជា​ពិធីសារ​ដែល​មាន​ចុះ​ហត្ថលេខា​គាំទ្រ​ដល់​ការ​សាង​សង់​មហា​វិថី​មិត្តភាព​ភ្នំពេញ-ហាណូយ នៅ​ទីក្រុង​ភ្នំពេញ។

ទោះ​យ៉ាង​ណា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ បង្ហាញ​ថា​ប្រទេស​វៀតណាម ក៏​ដូច​ចិន​ដែរ​ហាក់​មាន​ការ​ចាប់​អារម្មណ៍​កម្ពុជា​កាន់​តែ​ខ្លាំង​ទៅៗ។ នៅ​ចំពោះ​មុខ​កម្ពុជា ទាញ​បាន​ផល​ប្រយោជន៍​ត្រង់ៗ​ពី​ប្រទេស​ទាំង​ពីរ​វៀតណាម និង​ចិន។ ជាមួយ​វៀតណាម​នៅ​តែ​រក្សា​មិត្តភាព​ម៉ឺន​ឆ្នាំ ដែល​មក​ដល់​ឆ្នាំ​នេះ គឺ​ជា​ខួប​លើក​ទី ៥០ នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-វៀតណាម។ ដោយ​ឡែក​ជាមួយ​ចិន កម្ពុជា​បាន​នឹង​កំពង់​ក្លាយ​ជា​មិត្ត​ដែល​ចិន​យក​ចិត្ត​ទុក​ដាក់ និង​តម្លើង​កំរិត​ចំណង​មិត្តភាព ទៅ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។

បង្កើន​កំរិត​ទំនាក់​ទំនង​ក៏​ដោយ​សារ​កម្ពុជា​ទទួល​ស្គាល់​នយោបាយ​ចិន​មួយ និង​អព្យាក្រិត្យ​ភាព​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង រីឯ​ចិន​បាន​ចាយ​លុយ​មក​លើ​កម្ពុជា តាម​រយៈ​ជំនួយ​ឥត​សំណង កម្ចី​ហិរញ្ញប្បទាន​ដែល​មាន​ការ​ប្រាក់​ទាប។ ចំណុច​នេះ អាច​ថា​កម្ពុជា​ឆ្លាត​ក៏​ថា​បាន ដើម្បី​យក​មក​ស្តារ​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​ខ្លួន​បន្ទាប់​ពី​សង្គ្រាម បើ​ទោះ​ណា​ជា​មាន​ការ​រិះគន់​ដំណាល​គ្នា​ពី​ការ​ជំពាក់​បំណុល​បរទេស​កាន់​តែ​ច្រើន។

ម្យ៉ាង​ទៀត ប្រទេស​ចិន​ដែល​កាន់​លទ្ធិ​កុំមុយនីស្ត​ឆ្អិន​ឆ្អៅ​នោះ បាន​ព្យាយាម​លើក​មុខ​មាត់​កម្ពុជា ក៏​ប៉ុន្តែ​កម្ពុជា​អាច​ខាត​បង់​ខណៈ​កម្ពុជា ប្រកាន់​យក​របប​ដឹក​នាំ​បែប​ប្រជាធិបតេយ្យ ពោល​គឺ​មាន​ការ​ព្រួយ​បារម្ភ​ពី​ប្រជាធិបតេយ្យ​កម្ពុជា​ដើរ​ថយ​ក្រោយ។

បើ​និយាយ​រឿង​ផល​ចំណេញ​ដោយ​ឡែក​ផ្សេង​ទៀត ជាមួយ​វៀតណាម កម្ពុជា​ហាក់​មាន​ផល​ចំណេញ​តិច​ជាង ពោល​គឺ​ទិដ្ឋភាព​នយោបាយ​កម្ពុជា​នៅ​បន្ត​ធ្វើ​ឲ្យ​វៀតណាម​សប្បាយ​ចិត្ត​តាម​រយៈ​ការ​កសាង​ស្តូប​អនុស្សាវរីយ៍​រំលឹក​ដល់​យុទ្ធជន​វៀតណាម ដែល​បាន​បាត់​បង់​ជីវិត​បន្ទាប់​ពី​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​នៅ​គ្រប់​ខេត្ត-រាជធានី។ ចំណុច​នេះ​ក៏​មាន​ការ​លើក​ឡើង​ពី​អ្នក​ប្រវត្តិសាស្ត្រ និង​អ្នក​តាម​ដាន​នយោបាយ​ដែរ​ថា វៀតណាម មិន​បាន​ធ្វើ​ស្តូប​នៅ​ប្រទេស​របស់​ខ្លួន ដើម្បី​រំលឹក​ពី​គុណូបការៈ​ដល់​កម្ពុជា​ទេ ខណៈ​ដែល​កម្ពុជា​បាន​ជួយ​ដល់​វៀតណាម​កាល​ពី​សង្គ្រាម​វៀតណាម​ទសវត្ស​ឆ្នាំ ៦០។

ជុំវិញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​វិញ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ប្រទេស​ទាំង​ពីរ សុទ្ធ​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​បង្កើន​ឲ្យ​ដល់​ ៥​ពាន់​លាន​ដុល្លារ។ ក៏​ប៉ុន្តែ​ជាក់​ស្តែង ការ​នាំ​ចេញ​របស់ កម្ពុជា​សុទ្ធ​តែ​ទាប​ជាង​ការ​នាំ​ចូល​របស់​វៀតណាម និង​ចិន មក​កម្ពុជា​ច្រើន។ ផ្ទុយ​ទៅ​វិញ កម្ពុជា​បាន​ទាញ​យក​ប្រយោជន៍​ធំ​ជាង​នេះ នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។ ទីផ្សារ​អាមេរិក និង​អឺរ៉ុប បង្ក​លក្ខណៈ​ឲ្យ​កម្ពុជា​នាំ​ផលិត​ផល​កាត់ដេរ​របស់​ខ្លួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ និង​ជា​ផ្នែក​មួយ​នៃ​ជន្ទល់​សេដ្ឋកិច្ច​ជាតិ​ខ្មែរ​ផង​ដែរ៕

1 comment:

Anonymous said...

Oy Srok Khmer Touv Yuon Ter Madang Touv Ah Kwack Euy !!

Kmean Neak Na Hean Tveu Ey Kdor Ah Chor Kbot Cheat Kwack Ter !!