Wednesday, 26 April 2017

កម្ពុជា-​វៀតណាម សន្យា​សម្រួល​ការ​រស់​នៅ​របស់អណិកជន​នៃ​ប្រទេស​មួយ ​លើ​ទឹក​ដី​ប្រទេស​មួយ​ទៀត


ដោយ អ៊ឹម រចនា 26/04/2017 26/04/2017
rfi
media
នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន និង​លោក ង្វៀន សួនហ៊្វុក (NGUYEN XUAN PHUC) នាយក​រដ្ឋមន្រ្តី វៀតណាម។
SPM Page



លោក​នាយក​រដ្ឋ​មន្ដ្រី​វៀតណាម ង្វៀន សួនហ៊្វុក បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ បន្ទាប់​ពី​បានបំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ​។ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​វៀតណាម​និង​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​​ចំនួន​៤​សំខាន់​ៗ និង​បាន​ព្រមព្រៀង​គ្នា​លើ​បញ្ហាសំខាន់​ដទៃ​ទៀត​មាន​ជា​អាថិ៍៖ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដើម​ បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម និង​អន្តោប្រវេសន៍​។ បញ្ហា​អន្តោប្រវេសន៍ ដែលកម្ពុជា-​វៀតណាម សន្យា​សម្រួល​ការ​រស់​នៅ​របស់អណិកជន​នៃ​ប្រទេស​មួយ ​លើ​ទឹក​ដី​ប្រទេស​មួយ​ទៀត។​ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ប្រទេស​ទាំង​ពីរ ចុះ​ថ្ងៃ​ទី​២៥​មេសា​ម្សិលមិញ​។



ជុំ​វិញ​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម ភាគី​ទាំង​ពីរ​បាន​កត់​សម្គាល់​ពី​ការ​កំណត់​ព្រំដែន​គោក​ដែល​សម្រេច​បាន​ប្រមាណ​៨៤ភាគរយ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។ ការងារ​ខណ្ឌសីមា​ព្រំដែន​ដែល​សម្រេច​បាន​៨៤​ភាគរយ​នេះ កម្ពុជា​និង​វៀតណាម​គ្រោង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ផ្លូវ​ច្បាប់​ដើម្បី​ទទួល​ស្គាល់​នា​ពេល​ខាង​មុខ​។ នៅ​ឆ្នាំ​២០១៧​នេះ​ទៀត​សោត កម្ពុជា​និង​វៀតណាម តាំង​ចិត្ត​បញ្ចប់​ការងារ​ដាំ​បង្គោល​តម្រុយ​អចិន្ត្រៃយ៍ និង​បង្គោល​បំពេញ​បន្ថែម​។ ចំណែក​បញ្ហា​ព្រំដែន​ដែល​នៅ​សេស​សល់ ភាគី​ទាំង​ពីរ​នឹង​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង​ថែម​ទៀត ក្នុង​បំណង​បញ្ចប់​ការងារ​ខណ្ឌ​សីមា​ព្រំដែន​គោក និង​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​។

នៅ​ក្នុង​បញ្ហា​អន្តោប្រវេសន៍​។ កម្ពុជា​និង​វៀតណាម សន្យា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អនិកជន​របស់​ប្រទេស​មួយ អាច​រស់​នៅ​លើ​ទឹក​ដី​ប្រទេស​មួយ​ទៀត ស្រប​តាម​ច្បាប់​របស់​ប្រទេស​នោះ​។ ហើយ​ភាគី​វៀតណាម​សង្ឃឹម​ថា កម្ពុជា​នឹង​ធានា​សិទ្ធិ​ស្រប​ច្បាប់​របស់​អនិកជន​វៀតណាម​នៅ​កម្ពុជា ដោយ​ស្មើ​ភាព ដូច​ជន​បរទេស​ដទៃទៀត ដែល​រស់​នៅ​កម្ពុជា​ស្របតាម​​ច្បាប់​។

ដោយ​ឡែក នៅ​លើ​ឆាក​អន្ដរជាតិ​។ កម្ពុជា​និង​វៀតណាម​បាន​ឯកភាព​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​​មក​ក្នុង​វេទិកា​ពហុភាគី​។ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​វិញ​ ប្រទេស​ជិត​ខាង​ទាំង​ពីរ មាន​ការ​យល់​ឃើញ​ស្រប​គ្នា​ថា បញ្ហា​នេះ គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិវិធី អត់​ធ្មត់ ជៀសវាង​ការ​គម្រាម​កំហែង និង​ប្រើ​ប្រាស់​កម្លាំង​។ សម្រាប់​កម្ពុជា​និង​វៀតណាម ការ​ថែ​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង មាន​សារៈ​សំខាន់​ណាស់​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​ ចុះ​ថ្ងៃ​ទី​២៥​មេសា ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​វៀតណាម ង្វៀន សួនហ្វ៊ុក នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២៤ដល់​ថ្ងៃ​ទី​២៦​មេសា​នេះ​​៕

1 comment:

Anonymous said...

Oy Srok Khmer Touv Yuon Ter Madang Touv Ah Kwack Euy !!

Kmean Neak Na Hean Tveu Ey Kdor Ah Chor Kbot Cheat Kwack Ter !!