ដោយ ថា កិត្យា
2017-04-19

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ (ស្ដាំ) និងតំណាងរាស្ត្រ លោក ឡុង រី ផ្ដល់បទសម្ភាសន៍នៅខាងមុខពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth
អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា មន្ត្រី និងសកម្មជនបក្សរបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស សង្ឃឹមថា ពួកគាត់នឹងទទួលបានយុត្តិធម៌ក្រោយការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨។ រីឯបក្សកាន់អំណាចតបថា ករណីមន្ត្រីបក្សប្រឆាំងជាប់ឃុំ គឺដោយសារពួកគេធ្វើខុសនឹងច្បាប់ ហើយសូមកុំសង្ឃឹមរឿងឈ្នះឆ្នោតច្រើនពេក។
ថ្លែងនៅពីមុខផ្លូវចូលពន្ធនាគារព្រៃស បន្ទាប់ពីបានចូលសួរសុខទុក្ខសកម្មជន និងមន្ត្រីបក្សប្រមាណ ១៦នាក់ នៅព្រឹកថ្ងៃទី១៩ ខែមេសា អ្នកស្រី មូរ សុខហួរ បានពាំនាំសម្ដីរបស់សកម្មជន និងមន្ត្រីរបស់ខ្លួនដែលអ្នកខ្លះជាប់ឃុំឃាំងជាង ២ឆ្នាំរួចទៅហើយនោះថា ពួកគេនៅតែមានស្មារតីរឹងមាំ និងអាចស៊ូទ្រាំជាប់ក្នុងគុកបាន ប៉ុន្តែស្នើឲ្យថ្នាក់ដឹកនាំបក្ស និងមន្ត្រីទាំងអស់ចេះសាមគ្គីគ្នា ដើម្បីឈានទៅរកការជោគជ័យ ឬការផ្លាស់ប្ដូរជាវិជ្ជមានមួយតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨៖ «»។
ទោះយ៉ាងណាក្តី អ្នកស្រី មូរ សុខហួរ អះអាងថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាវប្បធម៌សន្ទនាជាមួយគណបក្សកាន់អំណាចជានិច្ច ដើម្បីឈានទៅរកដំណោះស្រាយផ្សេងៗ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានភ្លើងខៀវណាមួយពីបក្សកាន់អំណាចឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការដែលមន្ត្រី និងសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ និយាយថា កុំយកខ្លួនពួកគាត់ធ្វើជាថ្នូរនយោបាយនោះ មានន័យថា ពួកគាត់យល់ថា ករណីរបស់ពួកគាត់គឺជារឿងផ្លូវច្បាប់ មិនមែនជារឿងនយោបាយ ដូច្នេះមិនអាចអោយគណបក្សទាំងពីរអង្គុយចរចាដោះស្រាយសំណុំរឿងនេះបានទេ។
ទន្ទឹមគ្នានេះ លោក សុខ ឥសាន ចំអកថា មន្ត្រី និងសកម្មជនបក្សប្រឆាំង កំពុងតែសង្ឃឹម និងចម្លងវប្បធម៌ពីលោក សម រង្ស៊ី ដែលទន្ទេញរត់មាត់ថា នឹងឈ្នះឆ្នោត ហើយមានការផ្លាស់ប្ដូរតាំងពីជាង ២០ឆ្នាំមុនមក ប៉ុន្តែទីបំផុតទៅមិនអាចទៅរួចឡើយ៖ «»។
ជនជាប់ឃុំទាំង ១៦នាក់ របស់គណបក្សប្រឆាំងនោះរួមមាន អតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ សមាជិករដ្ឋសភា លោក អ៊ុំ សំអាន អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា និន្នាការនៃការផ្លាស់ប្ដូរក្នុងពេលបច្ចុប្បន្ននេះ គឺមានភាគរយច្រើន ដោយសារពលរដ្ឋចង់ឲ្យកម្ពុជា មានដំណើរកាអភិវឌ្ឍប្រកបដោយភាពវិជ្ជមានច្រើនជាងនេះ ដូច្នេះប្រសិនបើមានការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌នោះ គឺគណបក្សប្រឆាំងមានសង្ឃឹមឈ្នះឆ្នោតច្រើន៖ «»។
ការឃុំឃាំងសកម្មជនបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល ត្រូវបានសហគមន៍អន្តរជាតិមើលឃើញថា ជាការធ្វើទុក្ខបុកម្នេញដែលមានចេតនានយោបាយ ហើយកន្លងទៅតែងទាមទារឲ្យមានការដោះលែង៕
No comments:
Post a Comment