Wednesday, 19 April 2017

កម្ពុជា​ខ្ចី​លុយបរទេសជាង ​៨ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ​២៣​ឆ្នាំ


ដោយ៖ ឆេង ណាតា | ថ្ងៃទី 19 មេសា 2017
wmc


ភ្នំពេញ ៖ ក្នុងរយៈពេល ២៣ឆ្នាំ កម្ពុជាបានជំពាក់បំណុលបរទេសជាង ៨ ពាន់លានដុល្លារ។ តែយ៉ាងមិញអ្នកនាំពាក្យ គណបក្សកាន់អំណាចលើកឡើងថា បំណុលនេះ មានចំនួនតិចតួចនៅឡើយ ហើយវាមិនមានហានិភ័យចំពោះប្រទេស កម្ពុជានោះទេ។

ដុល្លារអាមេរិក។
ដុល្លារអាមេរិក។


បំណុល ៨,៣ពាន់លានដុល្លារ គឺចាប់តាំងពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៦ កន្លងទៅនេះ។ នេះបើយោងរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលចេញផ្សាយកាលពីថ្ងៃចន្ទ័។

របាយការណ៍បញ្ជាក់បន្ថែមថា បំណុលនេះគិតមកត្រឹមឆមាសទី ២ឆ្នាំ ២០១៧ គឺជាប្រភេទបំណុលទ្វេភាគីនិង បំណុលពហុភាគី។

កម្ចីពីប្រទេសចិនមានចំនួនរហូតដល់ ៣,៦ពាន់លានដុល្លារ ខណៈដែលកម្ចីពីប្រទេសជប៉ុនចំនួន ៨៩៩លានដុល្លារ កូរ៉េខាងត្បូងចំនួន ៥១០លានដុល្លារ។ ក្រៅពីនោះមានកម្ចីពីប្រទេសបារាំងចំនួន ១២៤ លានដុល្លារ ៨៦,៦ លានដុល្លារខ្ចីពីប្រទេសថៃ ៧៥លានដុល្លារខ្ចីពីប្រទេសឥណ្ឌា ៤៤,៥ លានដុល្លារខ្ចីពីវៀតណាម និង ៧,៨ លានដុល្លារជាបំណុលរបស់ប្រទេសម៉ាឡេស៊ី។



ដោយឡែកសំរាប់បំណុលជាពហុភាគី កម្ពុជាបានខ្ចីលុយពីធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២ពាន់លានដុល្លារអាមេរិក ខ្ចីពីធនាគារពិភពលោកចំនួន ៧៩៤លានដុល្លារ ខ្ចីពីមូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍វិស័យកសិកម្មចំនួន៨៧លានដុល្លារ។

ក្រៅពីនោះកម្ពុជាខ្ចី ពីមូលនិធិអង្គការអូប៉ិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ ចំនួន ៧០លានដុល្លារ និងខ្ចី ១០,៦លានដុល្លារពីមូលនិធិអភិវឌ្ឍន៍ ណរឌិក។ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថាបំណុលសាធារណៈរបស់កម្ពុជាស្មើនឹង ២២,៥ភាគរយ នៃផលិតផលដុលសរុបឬ GDP។

ឡូហ្គូក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
ឡូហ្គូក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ


បំណុលនេះនៅទាបជាងកម្រិតហានិភ័យនៃកម្ចីដែលស្មើនឹង ៤០ ភាគរយនៃ GDP។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះ អាងក្នុងរបាយការណ៍នេះថា «បំណុលសាធារណៈកម្ពុជានៅមានលំនឹងនិងមានហានិភ័យទាប។»

ទាក់ទិនបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា បំណុលដែល កម្ពុជា ជំពាក់ជាង ៨ ពាន់ដុល្លារនេះ មិនច្រើននោះទេ បើប្រៀបធៀបនឹង ផលទុនជាតិសរុប។ យ៉ាងណាមិញលោកបញ្ជាក់ថា បំណុលនេះនឹងមិនផ្តល់ហានិភ័យដល់កម្ពុជានោះទេ។

«អញ្ចឹងបើនិយាយយ៉ាងដូច្នេះ គឺថាវាអត់មានច្រើនប៉ុន្មានទេ ហើយបំណុលនេះ ជាលទ្ធិភាពដែលរាជរដ្ឋាភិបាលអាច រ៉ាប់រង ទទួលបានក្នុងការសងទៅកាន់ម្ចាស់ដើមវិញ»។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងបន្ត បំណុលដែលរដ្ឋាភិបាលបានខ្ចីនេះ គឺយកមកអភិវឌ្ឍប្រទេស តាមរយៈការកសាង ហេដ្ឋារចនាសម្ព័ន្ធ។

ស្របនឹងនេះដែរ អ្នកជំនាញសេដ្ឋកិច្ចធ្លាប់ និយាយថា ករណីបំណុលត្រឹមនេះ គឺកម្ពុជាមិនទាន់ជួបហានិភ័យខ្ពស់នៅឡើយ ទេ។

យោងតាមរបាយការណ៍រួមគ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដែលចេញផ្សាយកាលពីដើមខែមេសានេះ ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗជំពាក់បំណុលបរទេសតិចជាងប្រជាពលរដ្ឋម្នាក់ៗក្នុងតំបន់និងក្នុងប្រទេសអ្នកមាន។

ប្រជាពលរដ្ឋកម្ពុជាម្នាក់ ជំពាក់បំណុលបរទេសចំនួន ៣៧៥ ដុល្លារអាមេរិក ខណៈដែលពលរដ្ឋនៃប្រទេសឡាវ ជំពាក់បំណុលបរទេសចំនួន ១១៤៣ ដុល្លារ និងប្រជាពលរដ្ឋវៀតណាមជាប់បំណុលបរទេសចំនួន ១២៣៨ ដុល្លារអាមេរិក និងប្រជាពលរដ្ឋថៃស្ពាយបំណុលបរទេសម្នាក់ៗចំនួន ២៤៧៥ ដុល្លារ៕

No comments: