Friday, 28 April 2017
សាលាដំបូងខេត្តមណ្ឌលគិរីសម្រេចមិនចាត់ការបណ្ដឹងរឿងឈូសឆាយព្រៃសហគមន៍
ដោយ រដ្ឋា វិសាល
2017-04-27
សហគមន៍នាំមន្ត្រីអាដហុក (ADHOC) ចុះពិនិត្យកន្លែងកាប់ឆ្ការព្រៃហ៊ុមព័ទ្ធយកដីក្នុងព្រៃសហគមន៍ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ Photo ADHOC
Photo ADHOC
មន្ត្រីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាតម្កល់រឿងមិនចាត់ការលើបណ្ដឹងតំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ដែលបានប្ដឹងមន្ត្រីបម្រើការនៅរដ្ឋសភា និងមន្ត្រីនគរបាលប៉ុស្តិ៍ ថាឃុបឃិតគ្នាឈូសឆាយតំបន់ព្រៃឈើដែលក្រសួងកសិកម្ម ចុះបញ្ជីជាព្រៃការពារសហគមន៍យកដីជាកម្មសិទ្ធិ។
តំណាងជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាដែត ឃុំស្រែអំពូម គ្រោងដាក់ពាក្យបណ្ដឹងទៅអគ្គរាជអាជ្ញាសាលាឧទ្ធរណ៍ ប្រឆាំងទាស់ដីកាសម្រេចរបស់មន្ត្រីអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីឲ្យសាលាក្តីនេះចាត់ការជាថ្មីទៅលើរឿងបណ្ដឹងរបស់ពលរដ្ឋ។
កាលពីថ្ងៃទី២៣ ខែមេសា តំណាងសហគមន៍បានជួបពិភាក្សាគ្នា បន្ទាប់ពីពួកគាត់ទទួលបានលិខិតជូនដំណឹងរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ទាក់ទិនពាក្យប្ដឹងរបស់តំណាងសហគមន៍ ៤នាក់ ដែលបានប្ដឹងឈ្មោះ ឡេង គឹមឈាង ជាមន្ត្រីបម្រើការនៅរដ្ឋសភា និងឈ្មោះ រ៉ា បូរិទ្ធ ជានាយនគរបាលប៉ុស្តិ៍ឃុំស្រែអំពូម ពីបទកាប់រានឈូសឆាយព្រៃ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ។
លិខិតជូនដំណឹងនេះឲ្យដឹងថា ព្រះរាជអាជ្ញាលោក ឡុង ហុងម៉េង សម្រេចតម្កល់រឿងឥតចាត់ការតាមដីកាចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
តំណាងសហគមន៍ភូមិពូរ៉ាដែត មួយរូប គឺលោក សុខ ថេត មន្ទិលសង្ស័យការសម្រេចរបស់មន្ត្រីអយ្យការ ថាមិនមានយុត្តិធម៌ និងលម្អៀងទៅមន្ត្រីមានអំណាច។ លោកថា តំណាងសហគមន៍គ្រោងប្រមូលមតិគ្នាដាក់បណ្ដឹងទាស់ទៅសាលាឧទ្ធរណ៍ សុំឲ្យមានការស៊ើបអង្កេតប័ណ្ណកម្មសិទ្ធិចុងចោទដែលចេញលើដីព្រៃការពារសហគមន៍៖ «មានពាក្យគំរាមច្រើនដែរ គេថាចង់ធ្វើដល់ណា ដីហ្នឹងក៏គេយកដែរ។ គេមានខ្នងបក្សពួក។ ខ្ញុំចង់ប្ដឹងបន្ត ព្រោះប្ដឹងដល់តុលាការហើយមិនចាត់ចែង»។
ព្រៃការពារសហគមន៍ភូមិពូរ៉ាដែត មានទំហំ ១.៣២៣ហិកតារ ចុះបញ្ជីទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសមានការទទួលស្គាល់ពីក្រសួងកសិកម្ម តាំងពីឆ្នាំ២០០៩។ រហូតមកទល់ខែកក្កដា ឆ្នាំ២០១៦ សហគមន៍បានរកឃើញឈ្មោះ ឡេង គឹមឈាង យកគ្រឿងចក្រមកឈូសព្រៃសហគមន៍ជាង ២០ហិកតារដោយសំអាងថា ដីនោះខ្លួនបានទិញពីប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា បញ្ជាក់នៅថ្ងៃទី២៧ ខែមេសា ថា ដីកាសម្រេចរបស់មន្ត្រីអយ្យការ គឺសំអាងទៅលើលិខិតសម្គាល់កម្មសិទ្ធិផ្លូវការរបស់ភាគីចុងចោទ ដែលចេញដោយក្រសួងជំនាញ។ លើសពីនោះទៀត សមាជិកសហគមន៍ភាគច្រើន និងមន្ត្រីមូលដ្ឋាន បានព្រមព្រៀងគ្នាទទួលយកដី និងសំណងរដ្ឋប្បវេណីពីចុងចោទ ដែលបានឈូសឆាយព្រៃលើសទំហំដីនៅក្នុងលិខិតសម្គាល់ដីកម្មសិទ្ធិចុងចោទរួចហើយ៖ «គាត់អាចមានសិទ្ធិប្ដឹងទៅសាលាឧទ្ធរណ៍ទៀត។ នេះជាសេចក្តីសម្រេចរបស់តំណាងអយ្យការព្រះរាជអាជ្ញាសាលាដំបូង។ លិខិតណាដែលចេញដោយអាជ្ញាធរ យើងសន្មតថាត្រឹមត្រូវ លើកលែងមានលិខិត ឬការសម្រេចបដិសេធប័ណ្ណហ្នឹងចោល»។
ទាក់ទិនករណីនេះ អ្នកសម្របសម្រួលអង្គការអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា ដីដែលមានប័ណ្ណកម្មសិទ្ធិមិនមែនជាប្រភេទដីដាំដុះ ឬកាន់កាប់ជាក់ស្តែងទេ គឺជាតំបន់ព្រៃឈើ ហេតុនេះការចេញប័ណ្ណកម្មសិទ្ធិទៅលើដីព្រៃឈើដែលសហគមន៍ការពារ គឺជារឿងខុសច្បាប់។ លោកថា មន្ត្រីអយ្យការគួរចាត់ការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃប័ណ្ណកម្មសិទ្ធិ និងការឈូសឆាយព្រៃឈើដែលសហគមន៍បានប្ដឹងតវ៉ានោះ៖ «អ៊ីចឹងយើងស្នើឲ្យមន្ត្រីរដ្ឋាភិបាលស៊ើបអង្កេតប័ណ្ណសម្គាល់សិទ្ធិហ្នឹង តើចេញត្រឹមត្រូវ ឬមិនត្រឹមត្រូវ»។
ការអង្កេតរបស់មន្ត្រីសមាគមអាដហុកខេត្តមណ្ឌលគិរី រកឃើញថា ប័ណ្ណកម្មសិទ្ធិទាំងបីប្លង់ដែលចុងចោទយកជាសំអាង ដើម្បីឈូសឆាយដីធ្វើឡើងនៅអំឡុងឆ្នាំ២០១២ ក្នុងគោលនយោបាយស្បែកខ្លាកាត់ឆ្វៀលដីប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង។ ម្ចាស់កម្មសិទ្ធិឈ្មោះ យន់ លី មាស សារិន និងឈ្មោះ ហ៊ោ ហូត។ ដីទាំងបីប្លង់មានទំហំជាង ១១ហិកតារជាប្រភេទដីព្រៃឈើ ឋិតក្នុងបរិវេណព្រៃការពារសហគមន៍។ លើសពីនោះទៀត អ្នកទិញដីបានឈូសឆាយព្រៃពង្រីកយកដីរហូតដល់ជាង ២០ហិកតារ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment