Monday, 17 April 2017

យុវជន​មិន​សូវ​ចាប់​អារម្មណ៍ ថ្ងៃ១៧​មេសា​ ខួប​​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម

rfi
យុវជន​មិន​សូវ​ចាប់​អារម្មណ៍ ថ្ងៃ១៧​មេសា​ ខួប​​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម

ដោយ អ៊ឹម រចនា ចុះផ្សាយ​នៅ​ថ្ងៃ 17/04/2017


យុវជន​មិន​សូវ​ចាប់​អារម្មណ៍ ថ្ងៃ១៧​មេសា​ ខួប​​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម ១៧មេសា ថ្ងៃ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម

 

១៧​មេសា​១៩៧៥-១៧​មេសា​២០១៧។ ថ្ងៃ​ទី​១៧​មេសា​នេះ គឺ​ជា​ខួប​លើក​ទី​​៤២​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម​។ អ្នក​ប្រវត្តិសាស្ត្រ​និង​អ្នក​នយោបាយ​បាន​ចាត់​ទុក​ថ្ងៃ​ទី​១៧​មេសា​នេះ​ថា ជា​ថ្ងៃដ៏​សំខាន់ ដែល​ខ្មែរ​ត្រូវ​​រៀនសូត្រ​និង​ចង​ចាំ​ទុក​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ យុវជន​ខ្មែរ​ជំនាន់​ថ្មី ហាក់​មិន​បាន​ចាប់​អារម្មណ៍ និង ​ផ្ដល់​តម្លៃ​អ្វី​ខ្លាំង ​ចំពោះ​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ​ទេ​។

ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ថ្ងៃ​ដែល​ពួក​ទាហាន​ខ្មែរ​ក្រហម​បានទទួល​ជ័យ​ជំនះ​លើ​រដ្ឋាភិបាល​របស់​សេនាប្រមុខ​លន់ ណុល ដោយ​បាន​ចូល​កាន់​កាប់​រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន​បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ផ្ដួល​រំលំ​នេះ​ដោយ​គិត​ថា សង្គ្រាម​បាន​ចប់​សព្វ​គ្រប់ ហើយ​មេ​ដឹក​នាំ​ថ្មី​នឹង​នាំ​មក​នូវ​សន្តិភាព សុវត្ថិភាព និង​ការ​កសាង​ប្រទេស​។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ កង​ទ័ព​ខ្មែរ​ក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុងភ្នំពេញ​​និង​ទីប្រជុំជន​ទាំង​អស់ដោយ​បង្ខំ ទៅ​តំបន់ជនបទ​ដាច់​ស្រយាល​។



ក្រោយ​ថ្ងៃ​១៧​មេសា​១៩៧៥ កម្ពុជា​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​របប​ថ្មី​មួយ​ទៀត ជា​របប​កុម្មុយនីស្ត សម្លាប់​រង្គាល ដឹកនាំ​ដោយ​ពួក​ខ្មែរ​ក្រហម​។ ចំណង​គ្រួសារ របៀប​របប​រស់​នៅ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ប្រជាជន​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​។ ក្រោមមនោគម​វិជ្ជា​របស់​ពួក​ខ្មែរ​ក្រហម​​រយៈ​ពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ ប្រជាពលរដ្ឋ​ខ្មែរ​៧​លាន​នកា់​ត្រូវ​រស់​នៅ​រង​ទុក្ខ​វេទនា​ដូច​ធ្លាក់​នរក​ទាំង​រស់ ហើយ​ក្នុង​ចំណោម​នោះ មាន​ជិត​២​លាន​នាក់​ត្រូវ​ស្លាប់បាត់​បង់​ជីវិត។

សម្រាប់​អ្នក​ប្រវត្តិសាស្ត្រ ថ្ងៃ​ទី​១៧​មេសា​ឆ្នាំ​១៩៧៥ គឺ​ជា​របត់​ដ៏​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​អស់​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ។ ប្រជាជន​ខ្មែរ​ត្រូវ​កាន់​ទុក្ខ ចងចាំ និង​រៀនសូត្រ​អំពី​ឫសគល់ ដើម​កំណើត នៃ​ថ្ងៃ​ដ៏​សំខាន់​នេះ​។

ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ បើ​ទោះ​បី​ជា​អ្នក​ប្រវត្តិសាស្ត្រ​និង​អ្នក​នយោបាយ ចាត់​ទុក​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​ថា ជា​មេរៀន​ដ៏​សំខាន់ ដែល​ខ្មែរ​​ត្រូវ​រៀនសូត្រ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា យុវជន​​ខ្មែរ​ជំនាន់​ក្រោយ ហាក់​មិន​បាន​ដឹង ឬ​មិន​បាន​ចាប់​អារម្មណ៍ ផ្ដល់​តម្លៃ​​សោះ​តែ​ម្ដង ចំពោះ​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ​។

មាន​មូលហេតុ​សំខាន់​យ៉ាង​ហោច​ណាស់​ពីរ ដែល​អាច​ពន្យល់​ពី​ការណ៍​នេះ​បាន​។ ទី១៖ ការ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​សិក្សា​នៅមាន​កម្រិត ខណៈ​យុវជន​ខ្លួន​ឯង​ផ្ទាល់ ភាគ​ច្រើន​មិន​ទាន់​បាន​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ស៊ី​ជម្រៅ​នៅ​ឡើយ​។ ទី​២៖ យុវជន​មួយ​ចំនួន​យល់​ឃើញ​ថា របប​ខ្មែរ​ក្រហម​គឺ​ជា​រឿង​ឈឺ​ចាប់ ដែល​មិន​គួរ​ឲ្យ​រំឭក​។ ម្យ៉ាង យុវជន​សម័យ​ថ្មី​នេះ ផ្ដល់​ភាព​សំខាន់​ដល់​​អនាគត​ច្រើន​ជាង​អតីតកាល។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របប​ខ្មែរ​ក្រហម​ប៉ុន្មាន​ទេ​។

ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវ​ជ្រាវ​ប្រវត្តិសាស្ត្រ ការ​មិន​ស្វែង​យល់​ពីអតីតកាល​ឲ្យ​បាន​ស៊ី​ជម្រៅ មិន​អាច​ឲ្យ​យុវជន​ដើរ​ទៅ​រក​អនាគត​ដ៏​ប្រសើរ​ទេ​។ ក្នុង​ន័យ​នេះ អ្នក​ជំនាញ​ណែនាំ​ឲ្យ​យុវជន ងាក​មក​យក​ចិត្ត​ទុក​ដាក់​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ជា​ពិសេស​អំពី​កំណើត​របប​ខ្មែរ​ក្រហម​១៧​មេសា និង​របប​ខ្មែរ​ក្រហម​នេះ​ទាំង​មូល​។

គឺ​ការ​សិក្សា​នេះ​ហើយ ដែល​នឹង​ឈាន​ទៅ​បញ្ជៀស​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​នេះ កើត​ឡើង​ច្រំដែល​លើ​ដែនដី​កម្ពុជា​ទៀត។ គឺ ការ​សិក្សា​ដដែល​នេះ​ហើយ ដែល​នឹង​ជួយ​ផ្សះផ្សារ​ស្មារតី​របស់​ប្រជាជន​ខ្មែរ ទាំង​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មៅ​ងងឹត​នេះ​ក៏​ដោយ និង​មិន​បាន​ឆ្លង​កាត់​ក៏​ដោយ ឲ្យ​យល់​ពី​សច្ចភាពពិត​ប្រាកដ​​នៃ​របប​នេះ។

ជា​ការ​ពិត​ហើយ​ថា ការ​សិក្សា​ពី​របប​ខ្មែរ​ក្រហម​គឺ​ជា​ការងារ​ដ៏​ទូលំទូលាយ និង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។ តើ​ហេតុ​អ្វី​បាន​ជា​មាន​របប​ខ្មែរ​ក្រហម? តើ​ការ​ដួល​រំលំ​នៃ​របប​សេនា​ប្រមុខ​លន់ណុល គឺ​ជា​កំណើត​នៃ​របប​ខ្មែរ​ក្រហម ឬ​មែន​ទែន​ទៅ ចលនា​ខ្មែរ​ក្រហម​មាន​កំណើត​យូរ​លង់​មុន​នេះមក​ហើយ? តើ​ហេតុអ្វី​បាន​ជា​របប​នេះ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង? តើ​ការ​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯង ផ្អែក​លើ​គំនិត​ជាតិ​និយមដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ​ចាំ​បាច់​ទាំង​ឡាយ​ដែល​យុវជន​គួរ​ស្វែង​រក​ចម្លើយ​ឲ្យ​បាន បើ​មិន​បាន​ទាំង​ស្រុង ក៏​គួរ​តែ​បាន​មួយ​ផ្នែក​ដែរ​៕

2 comments:

Anonymous said...

This is a freeking nightmare that some of our Khmers do not want to look back. It was so DUMB revolution of Sihanouk. Toul Sleng was my high school since 1963-69 turned into execution chamber. Today it is the place that makes money for Ong Ho's slave.
This is all about all brainless politicians of Cambodia. If this country still run by ignorant suckers, Cambodia will not exist on the world map forever the same as Champa.

Anonymous said...

@ 10:45PM,
Kem Sokha said Toul Sleng was staged by the Vietnamese to legitimize the occupation. He doubted the Khmer Rouges were that stupid to leave such evidences behind. It must be staged by the Vietnamese.

So, you must be a Yuon then for contradicting with Kem Sokha.