
ដោយ អ៊ឹម រចនា ចុះផ្សាយនៅថ្ងៃ 17/04/2017
យុវជនមិនសូវចាប់អារម្មណ៍ ថ្ងៃ១៧មេសា ខួបនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម ១៧មេសា ថ្ងៃឡើងកាន់អំណាចរបស់ខ្មែរក្រហម
១៧មេសា១៩៧៥-១៧មេសា២០១៧។ ថ្ងៃទី១៧មេសានេះ គឺជាខួបលើកទី៤២នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ អ្នកប្រវត្តិសាស្ត្រនិងអ្នកនយោបាយបានចាត់ទុកថ្ងៃទី១៧មេសានេះថា ជាថ្ងៃដ៏សំខាន់ ដែលខ្មែរត្រូវរៀនសូត្រនិងចងចាំទុក។ ប៉ុន្តែជាការកត់សម្គាល់ យុវជនខ្មែរជំនាន់ថ្មី ហាក់មិនបានចាប់អារម្មណ៍ និង ផ្ដល់តម្លៃអ្វីខ្លាំង ចំពោះថ្ងៃជាប្រវត្តិសាស្ត្រនេះទេ។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលពួកទាហានខ្មែរក្រហមបានទទួលជ័យជំនះលើរដ្ឋាភិបាលរបស់សេនាប្រមុខលន់ ណុល ដោយបានចូលកាន់កាប់រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមួយចំនួនបានសម្ដែងការអបអរសាទរចំពោះការផ្ដួលរំលំនេះដោយគិតថា សង្គ្រាមបានចប់សព្វគ្រប់ ហើយមេដឹកនាំថ្មីនឹងនាំមកនូវសន្តិភាព សុវត្ថិភាព និងការកសាងប្រទេស។ ប៉ុន្តែផ្ទុយស្រឡះ កងទ័ពខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជនទាំងអស់ដោយបង្ខំ ទៅតំបន់ជនបទដាច់ស្រយាល។
ក្រោយថ្ងៃ១៧មេសា១៩៧៥ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរបបថ្មីមួយទៀត ជារបបកុម្មុយនីស្ត សម្លាប់រង្គាល ដឹកនាំដោយពួកខ្មែរក្រហម។ ចំណងគ្រួសារ របៀបរបបរស់នៅ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនត្រូវបានបំផ្លាញទាំងស្រុង។ ក្រោមមនោគមវិជ្ជារបស់ពួកខ្មែរក្រហមរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាពលរដ្ឋខ្មែរ៧លាននកា់ត្រូវរស់នៅរងទុក្ខវេទនាដូចធ្លាក់នរកទាំងរស់ ហើយក្នុងចំណោមនោះ មានជិត២លាននាក់ត្រូវស្លាប់បាត់បង់ជីវិត។
សម្រាប់អ្នកប្រវត្តិសាស្ត្រ ថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ គឺជារបត់ដ៏សំខាន់មួយ ដែលធ្វើឲ្យប្រជាជនកម្ពុជាទាំងអស់ក្លាយទៅជាជនរងគ្រោះ។ ប្រជាជនខ្មែរត្រូវកាន់ទុក្ខ ចងចាំ និងរៀនសូត្រអំពីឫសគល់ ដើមកំណើត នៃថ្ងៃដ៏សំខាន់នេះ។
ប៉ុន្តែជាការកត់សម្គាល់ បើទោះបីជាអ្នកប្រវត្តិសាស្ត្រនិងអ្នកនយោបាយ ចាត់ទុកថ្ងៃ១៧មេសាឆ្នាំ១៩៧៥ថា ជាមេរៀនដ៏សំខាន់ ដែលខ្មែរត្រូវរៀនសូត្រក៏ដោយ ក៏គេសង្កេតឃើញថា យុវជនខ្មែរជំនាន់ក្រោយ ហាក់មិនបានដឹង ឬមិនបានចាប់អារម្មណ៍ ផ្ដល់តម្លៃសោះតែម្ដង ចំពោះថ្ងៃជាប្រវត្តិសាស្ត្រនេះ។
មានមូលហេតុសំខាន់យ៉ាងហោចណាស់ពីរ ដែលអាចពន្យល់ពីការណ៍នេះបាន។ ទី១៖ ការអប់រំអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាក្នុងកម្មវិធីសិក្សានៅមានកម្រិត ខណៈយុវជនខ្លួនឯងផ្ទាល់ ភាគច្រើនមិនទាន់បានស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរឲ្យបានស៊ីជម្រៅនៅឡើយ។ ទី២៖ យុវជនមួយចំនួនយល់ឃើញថា របបខ្មែរក្រហមគឺជារឿងឈឺចាប់ ដែលមិនគួរឲ្យរំឭក។ ម្យ៉ាង យុវជនសម័យថ្មីនេះ ផ្ដល់ភាពសំខាន់ដល់អនាគតច្រើនជាងអតីតកាល។ នេះជាហេតុដែលធ្វើឲ្យពួកគេមិនសូវចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ស្វែងយល់ពីប្រវត្តិសាស្ត្ររបបខ្មែរក្រហមប៉ុន្មានទេ។
ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ការមិនស្វែងយល់ពីអតីតកាលឲ្យបានស៊ីជម្រៅ មិនអាចឲ្យយុវជនដើរទៅរកអនាគតដ៏ប្រសើរទេ។ ក្នុងន័យនេះ អ្នកជំនាញណែនាំឲ្យយុវជន ងាកមកយកចិត្តទុកដាក់សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្មែរ ជាពិសេសអំពីកំណើតរបបខ្មែរក្រហម១៧មេសា និងរបបខ្មែរក្រហមនេះទាំងមូល។
គឺការសិក្សានេះហើយ ដែលនឹងឈានទៅបញ្ជៀសកុំឲ្យប្រវត្តិសាស្ត្រនេះ កើតឡើងច្រំដែលលើដែនដីកម្ពុជាទៀត។ គឺ ការសិក្សាដដែលនេះហើយ ដែលនឹងជួយផ្សះផ្សារស្មារតីរបស់ប្រជាជនខ្មែរ ទាំងអ្នកដែលធ្លាប់ឆ្លងកាត់របបខ្មៅងងឹតនេះក៏ដោយ និងមិនបានឆ្លងកាត់ក៏ដោយ ឲ្យយល់ពីសច្ចភាពពិតប្រាកដនៃរបបនេះ។
ជាការពិតហើយថា ការសិក្សាពីរបបខ្មែរក្រហមគឺជាការងារដ៏ទូលំទូលាយ និងមិនមែនជារឿងងាយស្រួលឡើយ។ តើហេតុអ្វីបានជាមានរបបខ្មែរក្រហម? តើការដួលរំលំនៃរបបសេនាប្រមុខលន់ណុល គឺជាកំណើតនៃរបបខ្មែរក្រហម ឬមែនទែនទៅ ចលនាខ្មែរក្រហមមានកំណើតយូរលង់មុននេះមកហើយ? តើហេតុអ្វីបានជារបបនេះកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង? តើការកាប់សម្លាប់ខ្មែរគ្នាឯង ផ្អែកលើគំនិតជាតិនិយមដែរឬទេ? នេះគឺជាសំណួរចាំបាច់ទាំងឡាយដែលយុវជនគួរស្វែងរកចម្លើយឲ្យបាន បើមិនបានទាំងស្រុង ក៏គួរតែបានមួយផ្នែកដែរ៕
2 comments:
This is a freeking nightmare that some of our Khmers do not want to look back. It was so DUMB revolution of Sihanouk. Toul Sleng was my high school since 1963-69 turned into execution chamber. Today it is the place that makes money for Ong Ho's slave.
This is all about all brainless politicians of Cambodia. If this country still run by ignorant suckers, Cambodia will not exist on the world map forever the same as Champa.
@ 10:45PM,
Kem Sokha said Toul Sleng was staged by the Vietnamese to legitimize the occupation. He doubted the Khmer Rouges were that stupid to leave such evidences behind. It must be staged by the Vietnamese.
So, you must be a Yuon then for contradicting with Kem Sokha.
Post a Comment