Thursday, 27 April 2017

មន្ត្រី​អាដហុក​៤​រូប​និង​គ.ជ.ប​១​រូប​កំពុង​ជាប់​ឃុំ​ជាប់​ជា​បេក្ខជន​ទទួល​ពាន​រង្វាន់​ពិភពលោក


ដោយ ចេង ម៉េងជូ
2017-04-26

(ពី​ស្ដាំ​ជួរ​មុខ) អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា (រូប​ក្រោយ) ពេល​នាំ​មក​កាន់​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
(ពី​ស្ដាំ​ជួរ​មុខ) អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា (រូប​ក្រោយ) ពេល​នាំ​មក​កាន់​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
 RFA/Cheu Sideth



ពាន​រង្វាន់​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពិភពលោក​មួយ​ឈ្មោះ​ថា ពាន​រង្វាន់​ម៉ាទីន អេណលស៍ (Martin Ennals) ដែល​មាន​គណៈកម្មការ​ផ្ដល់​ពាន​រង្វាន់​ជា​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​១០ ក្នុង​ពិភពលោក បាន​ជ្រើស​យក​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ជា​បេក្ខជន​ទទួល​ពាន​រង្វាន់​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០១៧ នេះ។



អ្នក​ទាំង​ប្រាំ​រួម​មាន អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក នី សុខា និង​លោក ណៃ វ៉ង់ដា ដែល​អ្នក​ទាំង​បួន​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្ដល់​ពាន​រង្វាន់​នេះ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ មេសា បញ្ជាក់​ថា ពាន​រង្វាន់​នេះ​ផ្ដល់​ជូន​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ពិភពលោក ដែល​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ជ្រាលជ្រៅ និង​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​មុខ​នឹង​ហានិភ័យ​ផ្ទាល់​ខ្លួន។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ក្រៅ​ពី​អ្នក​ទាំង​ប្រាំ​ដែល​ជា​បេក្ខជន​ជា​ជនជាតិ​ខ្មែរ ពាន​រង្វាន់​ម៉ាទីន អេណលស៍ (Martin Ennals) ក៏​បាន​ជ្រើស​យក​បេក្ខជន​ពីរ​រូប​ទៀត​មក​ពី​ប្រទេស​អែលសាល់វ៉ាឌ័រ (El Salvador) និង​ប្រទេស​អេហ្ស៊ីប (Egypt)។

ពិធី​ប្រគល់​ពាន​រង្វាន់​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស៕

No comments: