Friday, 26 May 2017
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ប្រឈមនឹងបញ្ហា៣សំខាន់!
ដោយ អ៊ឹម រចនា ចុះផ្សាយនៅថ្ងៃ 22/05/2017
rfi
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ប្រឈមនឹងបញ្ហា៣សំខាន់!
ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា RFI/Siv Channa
ថតកម្មវិធីនេះទុក
នៅសល់តែពីរសប្ដាហ៍ទៀតទេ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងឈានចូលមកដល់ហើយ។ ទន្ទឹមគ្នានេះ គេកត់សម្គាល់ឃើញថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនានេះ ត្រូវប្រឈមមុខនឹងបញ្ហា៣សំខាន់ៗ ដែលមែនទែនទៅ តែងតែកើតមានជាទៀតទាត់នៅក្នុងការបោះឆ្នោតនៅកម្ពុជា។ ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយឲ្យដាច់ស្រឡះទេនោះ វានឹងធ្វើឲ្យស្រអាប់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ្មានទីបញ្ចប់។
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតចូលមកដល់ បញ្ហាមួយចំនួនបានកើតឡើងនៅក្នុងឆាកនយោបាយខ្មែរ។ ក្នុងចំណោមបញ្ហាជាច្រើន មានរឿងយ៉ាងហោចណាស់៣ ដែលគេមើលឃើញថា ជាបញ្ហាក្ដៅសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ។ ជាបញ្ហាដែលមែនទែនទៅ តែងតែកើតមានជាទៀងទាត់នៅក្នុងការបោះឆ្នោតជារៀងរាល់លើកនៅកម្ពុជា។
បញ្ហាទី១៖ ជាបញ្ហាដែលក្ដៅជាងគេនាពេលនេះ នោះគឺទឹកខ្មៅជ្រលក់ដៃបញ្ជាក់ពីការបោះឆ្នោតរួច។ រហូតមកទល់ពេលនេះ ភាពសង្ស័យចំពោះទឹកខ្មៅដែលទិញពីឥណ្ឌា ថាតើលុបជ្រះឬមិនជ្រះ នៅតែមិនទាន់ត្រូវបានបំភ្លឺឲ្យជ្រះស្រឡះនៅឡើយ។ សម្រាប់ គជប ទឹកខ្មៅនេះលុបមិនជ្រះទេ។ ប៉ុន្តែអង្គការសង្គមស៊ីវិលនិងបក្សប្រឆាំងយល់ថា ទឹកខ្មៅនេះលុបជ្រះ ហើយអាចនឹងបើកផ្លូវឲ្យមានការបន្លំបោះឆ្នោតបានច្រើនដង។ ទោះយ៉ាងនេះក៏ដោយ គជប នៅតែអះអាងយ៉ាងច្បាស់លាស់ថា ការបន្លំបោះឆ្នោតច្រើនដងព្រោះតែទឹកខ្មៅលុបជ្រះ ទំនងជាពិបាកកើតឡើងណាស់ ដោយសារតែ គជប មានយន្តការដល់ទៅ៥ឯណោះ ដើម្បីបង្ការការបោះឆ្នោតច្រើនដង។
បញ្ហាទី២៖ គឺបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលត្រូវបានរៀបចំតាមប្រព័ន្ធកុំព្យូទ័រទំនើប។ តាំងពីដំបូង ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ត្រូវបានមតិគ្រប់មជ្ឈដ្ឋានសម្ដែងការស្វាគមន៍ ដោយសង្ឃឹមថា កម្ពុជានឹងមានបញ្ជីឈ្មោះបោះឆ្នោតដ៏ត្រឹមត្រូវនិងយុត្តិធម៌មួយសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ប៉ុន្តែបើទោះបីជា បញ្ជីឈ្មោះបោះឆ្នោតថ្មី ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធកុំព្យូទ័រទំនើបយ៉ាងណាក៏ដោយ ក៏វាមិនអាចចៀសផុតពីការរិះគន់បានដែរ។ គណបក្សប្រឆាំង ទទួលស្គាល់ថា បញ្ជីឈ្មោះថ្មីមានកម្រិតល្អៀងតិចតួច ប៉ុន្តែនៅមិនទាន់ស្វាគមន៍ទាំងស្រុងឡើយ ព្រោះកន្លងមក បក្សប្រឆាំងបានប្ដឹងតវ៉ាជំទាស់ សុំឲ្យលុបចោលឈ្មោះបុគ្គលមួយចំនួនដែលពួកគេសង្ស័យថាជាជនបរទេស។ ការបើកសវនាការជាអសាធារណៈ ដើម្បីជំនុំជម្រះលើពាក្យបណ្ដឹងអស់ទាំងនេះ ក៏បានបង្កើតឲ្យមានការសង្ស័យពីសំណាក់សាធារណជន និង អ្នកធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតផងដែរ។
បញ្ហាទី៣៖ គឺចរន្តនៃការផ្ដាច់ខ្លួនរបស់សកម្មជននយោបាយពីបក្សមួយទៅបក្សមួយ។ ជាការពិត សកម្មជនដែលបោះបង់គណបក្សរបស់ខ្លួនទៅចូលរួមជាមួយបក្សផ្សេង តែងតែមានលេសរាប់រយជំពូកដើម្បីពន្យល់ពីការសម្រេចចិត្តរបស់ខ្លួន។ ប៉ុន្តែគណបក្សដែលត្រូវសកម្មជនបោះបង់ចោល បានចោទគណបក្សម្ខាងទៀតថាបានប្រើប្រាស់ល្បិចកល ឬមធ្យោបាយទុច្ចរិតដើម្បីអូសទាញសមាជិករបស់ខ្លួន។
ដូចបានលើកឡើងពីខាងដើមហើយថា បញ្ហាទាំង៣នេះ រាប់ចាប់តាំងពីទឹកខ្មៅជ្រលក់ដៃបញ្ជាក់ពីការបោះឆ្នោតរួច ការតវ៉ាលើបញ្ជីឈ្មោះអ្នកបោះឆ្នោត និងចរន្តផ្ដាច់ខ្លួនរបស់សកម្មជន តែងតែកើតមានរាល់ពេលមានការបោះឆ្នោតនៅស្រុកខ្មែរ។ យ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា បញ្ហាទាំងអស់បានក្លាយជារឿងសាមញ្ញ ដែលមិនគួរឲ្យយកចិត្តទុកដាក់តាមដានទេ។ តិចឬច្រើន បញ្ហាទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីទម្លាប់ដដែលៗរបស់អ្នកនយោបាយខ្មែរ ក៏ដូចជាទម្លាប់មិនទុកចិត្តគ្នារវាងបក្សនយោបាយនិងស្ថាប័នរៀបចំការបោះឆ្នោត។
ជាការពិតហើយថា បញ្ហាដែលកើតឡើងដដែលៗនៅមុនពេលបោះឆ្នោតដូច្នេះ ថ្វីត្បិតតែមិនអាចធ្វើឲ្យការបោះឆ្នោតជាប់គាំងក៏ពិតមែន ប៉ុន្តែចង់ឬមិនចង់ វានឹងធ្វើឲ្យការបោះឆ្នោតនោះ ពិបាកចៀសផុតពីភាពល្អក់កករ។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ ទាល់តែការបោះឆ្នោតនោះមានតម្លាភាពនិងគ្មានបញ្ហា។ ផ្ទុយទៅវិញ ប្រសិនបើបញ្ហាដូចដែលលើកឡើងនេះ មិនត្រូវបានដោះស្រាយឲ្យដាច់ស្រឡះទេ នោះវានឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែស្រអាប់គ្មានទីបញ្ចប់ឡើយ៕
Subscribe to:
Post Comments (Atom)
1 comment:
Kanapak Sampheung Yuon who wore Khmer cloth and danced with her leg up or aka Kanapak Srey Yuon Leuk Choeung .
Post a Comment