Friday, 26 May 2017

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប្រឈម​នឹង​បញ្ហា​៣​សំខាន់!


ដោយ អ៊ឹម រចនា ចុះផ្សាយ​នៅ​ថ្ងៃ 22/05/2017
rfi

​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប្រឈម​នឹង​បញ្ហា​៣​សំខាន់! 

​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប្រឈម​នឹង​បញ្ហា​៣​សំខាន់!
ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា RFI/Siv Channa
ថតកម្មវិធីនេះទុក
 

នៅ​សល់​តែ​ពីរ​សប្ដាហ៍​ទៀត​ទេ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់នឹង​ឈាន​ចូល​មក​ដល់ហើយ​។​​​ ទន្ទឹម​គ្នា​នេះ គេ​កត់​សម្គាល់​​ឃើញ​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា​នេះ ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​៣​សំខាន់​ៗ​ ដែល​មែន​ទែន​ទៅ តែង​តែ​កើត​មាន​ជា​ទៀត​ទាត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ ប្រសិន​បើ​បញ្ហា​ទាំង​នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​ដាច់​ស្រឡះ​ទេ​នោះ វា​នឹងធ្វើ​ឲ្យ​ស្រអាប់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គ្មាន​ទី​បញ្ចប់​​។

ខណៈ​ការ​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់កាន់​តែ​ខិត​ជិត​​ចូល​មក​ដល់ បញ្ហា​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​ក្នុង​ឆាក​នយោបាយ​ខ្មែរ​។ ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន មាន​​រឿង​យ៉ាង​ហោច​ណាស់​៣ ដែល​គេ​មើល​ឃើញ​ថា ជា​បញ្ហា​ក្ដៅ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​។ ជា​បញ្ហា​ដែល​មែន​ទែន​ទៅ តែង​តែ​កើត​មាន​ជា​ទៀង​ទាត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជា​រៀង​រាល់​លើក​នៅ​កម្ពុជា​។



បញ្ហា​ទី​១៖ ជា​បញ្ហា​ដែល​ក្ដៅជាង​គេ​នា​ពេល​នេះ នោះ​គឺ​ទឹក​ខ្មៅជ្រលក់​ដៃ​បញ្ជាក់​ពី​ការ​បោះ​ឆ្នោត​រួច​។ រហូត​មក​ទល់​ពេល​នេះ ភាព​សង្ស័យ​ចំពោះ​ទឹក​ខ្មៅ​ដែល​ទិញ​ពី​ឥណ្ឌា ថា​តើ​លុប​ជ្រះ​ឬ​មិន​ជ្រះ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​បំភ្លឺ​ឲ្យ​ជ្រះ​ស្រឡះ​នៅ​ឡើយ​។ សម្រាប់ គជប ទឹក​ខ្មៅ​នេះ​លុប​មិន​ជ្រះ​ទេ​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​យល់​ថា ទឹក​ខ្មៅ​នេះ​លុប​ជ្រះ ហើយ​អាច​​នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​បន្លំ​បោះ​ឆ្នោត​បាន​ច្រើន​ដង​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ គជប នៅ​តែ​អះអាង​យ៉ាង​ច្បាស់​លាស់​ថា ការ​បន្លំ​បោះ​ឆ្នោត​ច្រើន​ដង​ព្រោះ​តែ​ទឹក​ខ្មៅ​លុប​ជ្រះ ទំនង​ជា​ពិបាក​កើត​ឡើង​ណាស់ ដោយ​សារ​តែ គជប មាន​យន្តការ​ដល់​ទៅ​៥​ឯ​ណោះ ដើម្បី​បង្ការ​ការ​បោះ​ឆ្នោត​ច្រើន​ដង​។

បញ្ហា​ទី​២៖ គឺ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ថ្មី ដែល​ត្រូវ​បាន​​រៀបចំតាម​ប្រព័ន្ធ​កុំព្យូទ័រទំនើប​។ តាំង​ពី​ដំបូង ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ ត្រូវ​បាន​មតិ​គ្រប់​មជ្ឈដ្ឋានសម្ដែង​ការ​ស្វាគមន៍ ដោយ​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដ៏​ត្រឹម​ត្រូវ​និង​យុត្តិធម៌​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ទំនើប​យ៉ាង​ណា​ក៏​ដោយ ក៏​វាមិន​អាច​ចៀស​ផុត​ពី​ការ​រិះ​គន់​បាន​ដែរ​​។ គណបក្ស​ប្រឆាំង ទទួល​ស្គាល់​ថា បញ្ជី​ឈ្មោះ​ថ្មីមាន​កម្រិត​ល្អៀង​តិច​តួច ប៉ុន្តែ​នៅ​មិន​ទាន់​ស្វាគមន៍​ទាំង​ស្រុង​ឡើយ ព្រោះ​កន្លង​មក បក្ស​ប្រឆាំង​បានប្ដឹង​​តវ៉ា​ជំទាស់ សុំ​ឲ្យ​លុប​ចោល​ឈ្មោះ​បុគ្គល​មួយ​ចំនួន​ដែល​ពួក​គេ​សង្ស័យ​ថា​ជា​ជន​បរទេស​។ ការ​បើក​សវនាការ​ជា​អសាធារណៈ ដើម្បី​ជំនុំ​ជម្រះ​លើ​ពាក្យ​បណ្ដឹង​អស់​ទាំង​នេះ ក៏​បាន​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ពី​សំណាក់​សាធារណជន និង អ្នក​ធ្វើ​ការ​​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​​ផង​ដែរ​។

បញ្ហា​ទី​៣៖ គឺ​ចរន្ត​នៃ​ការ​ផ្ដាច់​ខ្លួន​របស់​សកម្មជន​​នយោបាយ​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ។ ជា​ការ​ពិត សកម្មជន​ដែល​បោះ​បង់​គណបក្ស​របស់​ខ្លួន​ទៅ​ចូល​រួម​ជាមួយ​បក្ស​ផ្សេង តែង​តែ​មាន​លេស​រាប់​រយ​ជំពូក​ដើម្បី​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​។ ប៉ុន្តែ​គណបក្ស​ដែល​ត្រូវ​សកម្មជន​បោះ​បង់​ចោល បានចោទ​​គណបក្ស​ម្ខាង​ទៀត​ថា​បាន​ប្រើ​ប្រាស់​ល្បិច​កល ឬ​មធ្យោបាយ​ទុច្ចរិត​ដើម្បី​អូស​ទាញ​សមាជិក​របស់​ខ្លួន​។

ដូច​បាន​លើក​ឡើង​ពី​ខាង​ដើម​ហើយ​ថា បញ្ហា​ទាំង​៣​នេះ រាប់​ចាប់​តាំង​ពីទឹក​ខ្មៅ​ជ្រលក់​ដៃ​បញ្ជាក់​ពី​ការ​បោះ​ឆ្នោត​រួច ការ​តវ៉ា​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ចរន្ត​ផ្ដាច់​ខ្លួន​របស់សកម្មជន តែង​តែ​កើត​មាន​រាល់​ពេល​មាន​ការ​បោះ​ឆ្នោត​នៅ​ស្រុក​ខ្មែរ​​។ យ៉ាង​ណា​ក៏​ដោយ នេះ​​មិន​មែន​មាន​ន័យ​ថា បញ្ហា​ទាំង​​អស់​បាន​​ក្លាយ​ជារឿង​សាមញ្ញ ដែល​មិន​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាមដានទេ​​។ តិច​ឬ​ច្រើន បញ្ហា​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ទម្លាប់​ដដែល​ៗ​របស់​​អ្នក​នយោបាយ​ខ្មែរ ក៏​ដូច​ជា​​ទម្លាប់​មិន​ទុក​ចិត្ត​គ្នា​​រវាង​បក្ស​​នយោបាយ​​និង​​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​។

ជា​ការ​ពិត​ហើយ​ថា បញ្ហា​ដែល​កើត​ឡើង​ដដែល​ៗ​នៅ​មុន​ពេល​បោះ​ឆ្នោត​ដូច្នេះ ថ្វី​ត្បិត​តែ​មិន​អាច​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ជាប់​គាំង​ក៏​ពិត​មែន ប៉ុន្តែ​ចង់​ឬ​មិន​ចង់ វា​នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ ពិបាក​ចៀស​ផុត​ពី​ភាព​ល្អក់​កករ​។ ការ​បោះ​ឆ្នោត​​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ពិត​ប្រាកដ ទាល់​តែ​ការ​បោះ​ឆ្នោត​នោះ​មាន​តម្លា​ភាព​និង​គ្មាន​បញ្ហា​។ ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​បញ្ហា​ដូច​ដែល​លើក​ឡើង​នេះ​ មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​ដាច់​ស្រឡះ​ទេ​ នោះ​វា​នឹងធ្វើ​ឲ្យ​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​ស្រអាប់​គ្មាន​ទី​បញ្ចប់​ឡើយ​៕

1 comment:

Anonymous said...

Kanapak Sampheung Yuon who wore Khmer cloth and danced with her leg up or aka Kanapak Srey Yuon Leuk Choeung .