Thursday, 25 May 2017

លោក ហ៊ុន សែន ស្នើ​គ.ជ.ប​ពិនិត្យ​មើល​សារ​នយោបាយ​របស់​លោក កឹម សុខា


ដោយ ប្រាជ្ញ ចេវ
2017-05-25

លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ RFA
លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ RFA
Photo: RFA



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ គ.ជ.ប ឲ្យ​តម្រង់​ទិស​ពិនិត្យ​ពាក្យ​សម្ដី​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ដែល​និយាយ​ថា រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ និង​ទម្លាក់​ថ្លៃ​ភ្លើង​ព្រោះ​គណបក្ស​ប្រឆាំង​ទាមទារ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ គ.ជ.ប ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ពាក្យ​បណ្ដឹង ទើប គ.ជ.ប ប្រជុំ​ពិនិត្យ​មើល​ករណី​នេះ បើ​មិន​ដូច្នេះ​ទេ គ.ជ.ប មិន​ចាត់ការ​ឡើយ។

ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន យល់​ថា ពាក្យ​សម្ដី​របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ដែល​ថា​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ និង​ទម្លាក់​ថ្លៃ​ភ្លើង ព្រោះ​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​នោះ ជា​ការ​បញ្ឆេះ​កំហឹង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ការ​បញ្ឆេះ​កំហឹង​ហ្នឹង នឹង​កើត​ឡើង​ដោយ​របៀប​ណា​ទេ៖ «សូម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តម្រែតម្រង់​ទិស​ជាមួយ​នឹង​ការ​និយាយ​បែប​នេះ​ដែល​នាំ​ទៅ​ដល់​ការ​បញ្ឆេះ​កំហឹង»។



លោក ហ៊ុន សែន ថ្លែង​ដូចនេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គ្រិស្តបរិស័ទ ដើម្បី​សុខដុមនីយកម្ម​វិស័យ​គ្រិស្ដសាសនា​នៅ​កម្ពុជា នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ ថ្ងៃ​ទី​២៥ ឧសភា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​មិន​ដែល​បាន​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ធ្វើ​ឲ្យ​ប្រាក់​ខែ​កម្មករ​កើន​ឡើង និង​មិន​បាន​ចូលរួម​បង្កើត​ការងារ​ពលរដ្ឋ​ទេ។ ប៉ុន្តែ​ប្រធាន​គណបក្ស​ប្រឆាំង មាន​តែ​ដើរ​ប្រាប់​សហគមន៍​អន្តរជាតិ​ឲ្យ​កាត់​ជំនួយ​ពី​កម្ពុជា ប្រាប់​ឈ្មួញ​បរទេស​មិន​ឲ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា និង​ដឹកនាំ​ធ្វើ​បាតុកម្ម៖ «ក្មួយៗ​ត្រូវ​យល់​អ្វី​ដែល​ក្មួយ​ទទួល​បាន​នៅ​ពេល​នេះ គ្មាន​បាត​ដៃ​បក្ស​ប្រឆាំង​ទេ បក្ស​ប្រឆាំង​គ្មាន​អ្វី​ធ្វើ​ក្រៅ​ពី​បាតុកម្ម​ទេ»។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន ដែល​វាយ​បក​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បែប​នេះ ក្រោយ​មួយ​ថ្ងៃ​ដែល​លោក កឹម សុខា ប្រាប់​អ្នក​គាំទ្រ​ក្នុង​ការ​ជួបជុំ​មួយ​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​និយាយ​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ថា ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​ដល់ ១​លាន​រៀល​ក្នុង​មួយ​ខែ ការ​ទម្លាក់​ថ្លៃ​ភ្លើង​ឲ្យ​នៅ​ត្រឹម ៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ហើយ​នៅ​ពេល​នេះ ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ដូច​ទៅ​នឹង​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មែន។

លោក កឹម សុខា ថែម​អះអាង​ថា ការ​ផ្តល់​ថវិកា ៥០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ជាដើម គឺ​អាច​ធ្វើ​បាន​ពិត​ប្រាកដ ប្រសិន​បើ​បក្ស​នេះ​បាន​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល៖ «អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ពី​មុន​មក និង​ពេល​ឥឡូវ​នេះ សុទ្ធតែ​មាន​ការ​គិតគូរ​ត្រឹមត្រូវ»។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​ថា បើ​គ្រាន់​តែ​ជា​សម្ដី​របស់​លោក ហ៊ុន សែន គ.ជ.ប មិន​មាន​ចំណាត់ការ​បើក​ការ​ស៊ើប​អង្កេត​លើ​ខ្លឹមសារ​ពាក្យ​សម្ដី​របស់​លោក កឹម សុខា ទោះ​ស្ថិត​ក្នុង​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្ដី។ លោក​ថា គ.ជ.ប អាច​ពិនិត្យ​លើ​រឿង​នេះ លុះត្រា​តែ​មាន​គណបក្ស​នយោបាយ​ដាក់​ពាក្យ​ប្ដឹង​ទាស់​មក គ.ជ.ប៖ «បើ​សិន​មាន​បណ្ដឹង​ជា​លាយលក្ខណ៍​អក្សរ​មក គ.ជ.ប នឹង​ចាត់ការ»។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ដឹង​ថា គណបក្ស​នឹង​ប្ដឹង​ករណី​លោក កឹម សុខា ទៅ គ.ជ.ប ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​នេះ​ស្ថិត​ក្នុង​ការ​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ សុំ​មិន​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត ទៅ​បោះឆ្នោត​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ក្នុង​ចំណោម​យន្តការ​ទាំង ៧​ចំណុច​របស់​គណបក្ស​ប្រឆាំង​ដែល​ឃោសនា ក្នុង​នោះ​រួម​មាន ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ ១​លាន​រៀល​ក្នុង​មួយ​ខែ ដំឡើង​ប្រាក់​ខែ​កម្មករ​កម្មការិនី ១៦០​ដុល្លារ​ក្នុង​មួយ​ខែ និង​ការ​បញ្ចុះ​ថ្លៃ​ភ្លើង ៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ជាដើម ដែល​នេះ​ជា​របៀបវារៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា​នឹង​ធ្វើ បើ​គណបក្ស​ខ្លួន​ឈ្នះ​ឆ្នោត។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ កម្មករ​កម្មការិនី និង​ការ​បញ្ចុះ​ថ្លៃ​ភ្លើង គឺ​ជា​គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ពន្យល់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ជា​គោល​នយោបាយ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អនុវត្ត ក៏​ម្ចាស់​ឆ្នោត​មិន​ទទួល​បាន​ផល​ប្រយោជន៍​ដែរ។ ជាង​ទៅ​ទៀត លោក​ថា បើ​គណបក្ស​ប្រឆាំង​មិន​បាន​លើក​ឡើង​ករណី​នេះ មិន​ប្រាកដ​ថា​គណបក្ស​កាន់​អំណាច​យក​មក​អនុវត្ត​នោះ​ទេ៖ «បើ​សិន​ជា​គណបក្ស​កាន់​អំណាច​មិន​មាន​ការ​ជំរុញ​ពី​គណបក្ស​ប្រឆាំង​ទេ គណបក្ស​កាន់​អំណាច​ក៏​មិន​ខំ​ប្រឹង​ដែរ​បាទ»។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដែល​ជា​ពេល​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ដល់​ថ្ងៃ​បោះឆ្នោត គ.ជ.ប តាមដាន​ស្តាប់​សារ​នយោបាយ​អ្នក​នយោបាយ​គ្រប់​គណបក្ស ប៉ុន្តែ​បើ​គ្មាន​គណបក្ស​នយោបាយ​ណា​ប្ដឹង​ទាស់​ទៅ​នឹង​សម្ដី​របស់​អ្នក​នយោបាយ​ណា​មួយ​នោះ​ទេ គ.ជ.ប មិន​ចាត់ការ ឬ​បើក​ការ​ស៊ើប​អង្កេត​លើ​ពាក្យ​សម្ដី​របស់​អ្នក​នយោបាយ​ទាំងនោះ​ទេ៕

3 comments:

Anonymous said...

The devil Hun Sen,

Why didn't you ask the NEC to investigate your own words first Ah Roleuy Hun Sen?

Your traitorous acts compelled me to call you Ah Roleuy. It was spontaneous.

You should have been punished to at least "100 LIFE" in prison.

Khmer people have been wondering why did they create you to serve Yuon to make Cambodia

disappear.

Whishing you Ngorp Tai Horng in 2017 or 2018 !!

Anonymous said...

ពាក្យសំដី របស់ លោក កឹម សុខា ដូចគ្មាន ថាបង្កើតសង្រ្គាម ដូចដែកជោទេ មែនទេ ឬអាងតែដែកជោចង់ថាអ្វីក៍បាន តែអ្នកដ៍ទៃ គ្រាន់តែថាផ្តូ ក៍មិនបាន ដែរ នេះហើយ គួឲ្យ ហិ ហិ ហិ ហិ ហិ មែន ខ្មែរ អច្ឆ ស៊ី យក្ស ពិតៗវើយ

Anonymous said...



If the NEC has the ball they should check out Hun Sen’s political message:
“If the CPP loses the election, there will be civil war.”