Thursday, 25 May 2017
លោក ហ៊ុន សែន ស្នើគ.ជ.បពិនិត្យមើលសារនយោបាយរបស់លោក កឹម សុខា
ដោយ ប្រាជ្ញ ចេវ
2017-05-25
លោកនាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ RFA
Photo: RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ គ.ជ.ប ឲ្យតម្រង់ទិសពិនិត្យពាក្យសម្ដីរបស់ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដែលនិយាយថា រដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងទម្លាក់ថ្លៃភ្លើងព្រោះគណបក្សប្រឆាំងទាមទារ។ ប៉ុន្តែអ្នកនាំពាក្យ គ.ជ.ប ស្នើឲ្យគណបក្សប្រជាជនកម្ពុជា ដាក់ពាក្យបណ្ដឹង ទើប គ.ជ.ប ប្រជុំពិនិត្យមើលករណីនេះ បើមិនដូច្នេះទេ គ.ជ.ប មិនចាត់ការឡើយ។
ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន យល់ថា ពាក្យសម្ដីរបស់ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដែលថារដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងទម្លាក់ថ្លៃភ្លើង ព្រោះការទាមទាររបស់គណបក្សប្រឆាំងនោះ ជាការបញ្ឆេះកំហឹងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ប៉ុន្តែលោកមិនបញ្ជាក់ថា ការបញ្ឆេះកំហឹងហ្នឹង នឹងកើតឡើងដោយរបៀបណាទេ៖ «សូមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តម្រែតម្រង់ទិសជាមួយនឹងការនិយាយបែបនេះដែលនាំទៅដល់ការបញ្ឆេះកំហឹង»។
លោក ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធីជួបសំណេះសំណាលជាមួយគ្រិស្តបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យគ្រិស្ដសាសនានៅកម្ពុជា នាមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី២៥ ឧសភា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងលើកឡើងថា គណបក្សប្រឆាំងមិនដែលបានរួមចំណែកក្នុងកិច្ចប្រជុំធ្វើឲ្យប្រាក់ខែកម្មករកើនឡើង និងមិនបានចូលរួមបង្កើតការងារពលរដ្ឋទេ។ ប៉ុន្តែប្រធានគណបក្សប្រឆាំង មានតែដើរប្រាប់សហគមន៍អន្តរជាតិឲ្យកាត់ជំនួយពីកម្ពុជា ប្រាប់ឈ្មួញបរទេសមិនឲ្យមកបណ្ដាក់ទុននៅកម្ពុជា និងដឹកនាំធ្វើបាតុកម្ម៖ «ក្មួយៗត្រូវយល់អ្វីដែលក្មួយទទួលបាននៅពេលនេះ គ្មានបាតដៃបក្សប្រឆាំងទេ បក្សប្រឆាំងគ្មានអ្វីធ្វើក្រៅពីបាតុកម្មទេ»។
ប្រតិកម្មរបស់លោក ហ៊ុន សែន ដែលវាយបកទៅប្រធានគណបក្សសង្គ្រោះជាតិ បែបនេះ ក្រោយមួយថ្ងៃដែលលោក កឹម សុខា ប្រាប់អ្នកគាំទ្រក្នុងការជួបជុំមួយអំឡុងពេលធ្វើយុទ្ធនាការឃោសនានៅក្នុងខេត្តបាត់ដំបង និងនិយាយក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរី នៅយប់ថ្ងៃទី២៤ ខែឧសភា ថា ការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការដល់ ១លានរៀលក្នុងមួយខែ ការទម្លាក់ថ្លៃភ្លើងឲ្យនៅត្រឹម ៦០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយនៅពេលនេះ ការអនុវត្តរបស់រដ្ឋាភិបាលដូចទៅនឹងគោលនយោបាយរបស់គណបក្សប្រឆាំងមែន។
លោក កឹម សុខា ថែមអះអាងថា ការផ្តល់ថវិកា ៥០ម៉ឺនដុល្លារសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ជាដើម គឺអាចធ្វើបានពិតប្រាកដ ប្រសិនបើបក្សនេះបានជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល៖ «អ្វីដែលគណបក្សសង្គ្រោះជាតិ លើកឡើងពីមុនមក និងពេលឥឡូវនេះ សុទ្ធតែមានការគិតគូរត្រឹមត្រូវ»។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ថា បើគ្រាន់តែជាសម្ដីរបស់លោក ហ៊ុន សែន គ.ជ.ប មិនមានចំណាត់ការបើកការស៊ើបអង្កេតលើខ្លឹមសារពាក្យសម្ដីរបស់លោក កឹម សុខា ទោះស្ថិតក្នុងថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតក្ដី។ លោកថា គ.ជ.ប អាចពិនិត្យលើរឿងនេះ លុះត្រាតែមានគណបក្សនយោបាយដាក់ពាក្យប្ដឹងទាស់មក គ.ជ.ប៖ «បើសិនមានបណ្ដឹងជាលាយលក្ខណ៍អក្សរមក គ.ជ.ប នឹងចាត់ការ»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា លោកមិនទាន់ដឹងថា គណបក្សនឹងប្ដឹងករណីលោក កឹម សុខា ទៅ គ.ជ.ប ឬយ៉ាងណានោះទេ ព្រោះនេះស្ថិតក្នុងការសម្រេចរបស់គណៈអចិន្ត្រៃយ៍របស់គណបក្ស។
រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សុំមិនឆ្លើយតបចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន។ ប៉ុន្តែលោកស្នើឲ្យពលរដ្ឋមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
កាលពីការបោះឆ្នោតឆ្នាំ២០១៣ ក្នុងចំណោមយន្តការទាំង ៧ចំណុចរបស់គណបក្សប្រឆាំងដែលឃោសនា ក្នុងនោះរួមមាន ដំឡើងប្រាក់ខែមន្ត្រីរាជការ ១លានរៀលក្នុងមួយខែ ដំឡើងប្រាក់ខែកម្មករកម្មការិនី ១៦០ដុល្លារក្នុងមួយខែ និងការបញ្ចុះថ្លៃភ្លើង ៦០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ជាដើម ដែលនេះជារបៀបវារៈដែលគណបក្សសង្គ្រោះជាតិ អះអាងថានឹងធ្វើ បើគណបក្សខ្លួនឈ្នះឆ្នោត។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ការដំឡើងប្រាក់ខែមន្ត្រីរាជការ កម្មករកម្មការិនី និងការបញ្ចុះថ្លៃភ្លើង គឺជាគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ លោកពន្យល់ថា បើគណបក្សសង្គ្រោះជាតិ លើកជាគោលនយោបាយ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មិនអនុវត្ត ក៏ម្ចាស់ឆ្នោតមិនទទួលបានផលប្រយោជន៍ដែរ។ ជាងទៅទៀត លោកថា បើគណបក្សប្រឆាំងមិនបានលើកឡើងករណីនេះ មិនប្រាកដថាគណបក្សកាន់អំណាចយកមកអនុវត្តនោះទេ៖ «បើសិនជាគណបក្សកាន់អំណាចមិនមានការជំរុញពីគណបក្សប្រឆាំងទេ គណបក្សកាន់អំណាចក៏មិនខំប្រឹងដែរបាទ»។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែឧសភា ដែលជាពេលគណបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប តាមដានស្តាប់សារនយោបាយអ្នកនយោបាយគ្រប់គណបក្ស ប៉ុន្តែបើគ្មានគណបក្សនយោបាយណាប្ដឹងទាស់ទៅនឹងសម្ដីរបស់អ្នកនយោបាយណាមួយនោះទេ គ.ជ.ប មិនចាត់ការ ឬបើកការស៊ើបអង្កេតលើពាក្យសម្ដីរបស់អ្នកនយោបាយទាំងនោះទេ៕
Subscribe to:
Post Comments (Atom)
3 comments:
The devil Hun Sen,
Why didn't you ask the NEC to investigate your own words first Ah Roleuy Hun Sen?
Your traitorous acts compelled me to call you Ah Roleuy. It was spontaneous.
You should have been punished to at least "100 LIFE" in prison.
Khmer people have been wondering why did they create you to serve Yuon to make Cambodia
disappear.
Whishing you Ngorp Tai Horng in 2017 or 2018 !!
ពាក្យសំដី របស់ លោក កឹម សុខា ដូចគ្មាន ថាបង្កើតសង្រ្គាម ដូចដែកជោទេ មែនទេ ឬអាងតែដែកជោចង់ថាអ្វីក៍បាន តែអ្នកដ៍ទៃ គ្រាន់តែថាផ្តូ ក៍មិនបាន ដែរ នេះហើយ គួឲ្យ ហិ ហិ ហិ ហិ ហិ មែន ខ្មែរ អច្ឆ ស៊ី យក្ស ពិតៗវើយ
If the NEC has the ball they should check out Hun Sen’s political message:
“If the CPP loses the election, there will be civil war.”
Post a Comment