Friday, 26 May 2017
លោក ហ៊ុន សែន ព្រមានបក្សប្រឆាំងកុំចង់លរឿងធ្វើសង្គ្រាមព្រោះកូនលោកសុទ្ធតែជាទាហាន
ដោយ ឡេង ម៉ាលី
2017-05-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ដើរខាងមុខ) អញ្ជើញទៅទទួលសពទាហានមួកខៀវកម្ពុជា ៤រូបពលីជីវិតនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលត្រូវបានបញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។
RFA/Leng Maly
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបក្សប្រឆាំងនៅថ្ងៃទី២៥ ឧសភា ថា កុំចង់លរឿងសង្គ្រាម ព្រោះកូនលោកសុទ្ធតែជាទាហាន។ លោករំឭកថា សូម្បីព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិ ក៏បាក់ស្បាតហើយ។
សារអួតអំណាចកម្លាំងយោធាចំពោះសង្គ្រាម ដែលព្រមានទៅគណបក្សប្រឆាំង ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅចំពោះមុខក្រុមអ្នកកាន់សាសនាគ្រិស្តជាង ៤ពាន់នាក់ ក្នុងពិធីជួបសំណេះសំណាលនៅឯមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី២៥ ឧសភា៖ «នៅកំដរបាន អត់អីទេ! ហើយកូន ហ៊ុន សែន ទាំងអស់សុទ្ធតែជាទាហាន ហើយក៏ជាទាហានដែលចេញពី វេស្តផញ់ (West Point) ទៅទៀត។ សូមកុំជ្រួលជ្រើមនឹងសង្គ្រាម កំដរបាន! សម្ដេចក្រុមព្រះ (នរោត្ដម រណឫទ្ធិ) រាងចាលហើយ។ ខ្ញុំបានប្រាប់ ខេនណិត ខ្វីន (Kenneth Quin) ថា បើចង់សាកល្បងកម្លាំងយោធា សូមកុំ។ ព្រះករុណាបិតា ព្រះអង្គក៏មានបន្ទូលប្រាប់ខ្ញុំថា សម្ដេចក្រុមព្រះបានទៅទូលព្រះអង្គថា "ប៉ា ប៉ា! កម្លាំងទូលបង្គំខ្លាំងជាងកម្លាំងរបស់ ហ៊ុន សែន មានអាកណ្ដុរចេញពីរូង មានចង្រិតចេញពីរន្ធ។ ក៏ប៉ុន្តែសង្គ្រាមត្រឹមតែប៉ុន្មានដង្ហើមចង្រិតប៉ុណ្ណោះ ហ៊្វុនស៊ិនប៉ិច ខ្ទេចដល់ថ្ងៃនេះ។ សូមកុំសាកល្បងកម្លាំងឲ្យសោះ!»។
សារព្រមាននេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីលើកឡើងជាញឹកញាប់សំដៅទៅអ្នកដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលប្រើតែសម្ដី មិនមានទាហានម្នាក់ក្ដី។ ក៏ប៉ុន្តែលោក ហ៊ុន សែន ចាត់ទុកពាក្យសម្ដីរបស់អ្នកគាំទ្រសកម្មជនគណបក្សសង្គ្រោះជាតិ ថាអាចធ្វើឲ្យមានសង្គ្រាម ជាពិសេសការចោទលោកថាជាអាយ៉ងវៀតណាម ហើយថាកូនលោកជាកូនវៀតណាម និងការចង់កម្ទេចត្រកូល ហ៊ុន មុនគេ ជាដើម។ លោកថា អ្នកគាំទ្រ និងលោកផ្ទាល់ មិនសុខចិត្តនៅស្ងៀមឲ្យកម្ទេចទេ។
ទាក់ទងនឹងការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះពាក្យសម្ដីរបស់គណបក្សប្រឆាំង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា លោកមិនចង់ឆ្លើយតបអ្វីទេ ព្រោះវាជារឿងចាស់ដដែលៗ៖ «គាត់ចង់និយាយអីនិយាយតាមចិត្តគាត់ចង់ទៅចុះ។ ខ្ញុំគ្រាន់តែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋតាំងស្មារតីឲ្យបាននឹងន រួចហើយចូលទៅក្នុងការិយាល័យបោះឆ្នោត បោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧...»។
ទន្ទឹមគ្នានឹងការព្រមានពីសង្គ្រាម លោក ហ៊ុន សែន ក៏អំពាវនាវឲ្យគណបក្សនយោបាយប្រកួតប្រជែង និងស៊ីសងគ្នាតាមរយៈការបោះឆ្នោត ហើយឲ្យទទួលយកលទ្ធផលពីការបោះឆ្នោត។ លោកថា មានតែគណបក្សប្រជាជនកម្ពុជា ទេដែលអាចធានាសន្តិភាពបាន ហើយមានតែគណបក្សលោកទេដែលឈ្នះឆ្នោត។ ឆ្លើយតបនឹងការផ្ទេរអំណាច ក៏លោកថ្លែងផ្ទេរទៅឲ្យតែគណបក្សប្រជាជនដែរ៖ «គេចូលមកខំមិន (Comment) ថា ទេវតា ក៏គេផ្លាស់មួយឆ្នាំម្ដង។ ប៉ុន្តែខ្ញុំបកត្រឡប់ទៅវិញ មួយឆ្នាំម្ដង ក៏គេផ្ទេរឲ្យកូនទេវតាដូចគ្នាដែរ។ កុំសង្ឃឹមថា បានទៅអ្នកឯងទាំងអស់ទៅ។ មួយឆ្នាំម្ដង ក៏គង់តែកូនទេវតា»។
លោកបញ្ជាក់ថា លោកបញ្ជាឲ្យបង្ក្រាបអ្នកតវ៉ាលទ្ធផលបោះឆ្នោត ដោយមិនឲ្យមានការដុតឡានដូចនៅមុខវត្តស្ទឹងមានជ័យ កាលពីឆ្នាំ២០១៣ ឡើយ៖ «កុំលេងឲ្យសោះអារឿងស្ទឹងមានជ័យ។ មិនឲ្យត្រឡប់ដាច់ខាតហើយ ខ្ញុំបញ្ជាកម្លាំងរួចហើយ។ មិនទាន់ដឹងលទ្ធផលផង ដុតឡានអស់ប៉ុន្មានទៅនៅស្ទឹងមានជ័យ។ អត់ឲ្យកើតទេ បើវាទៅជាស្អីទៅៗ។ ខ្ញុំបញ្ចាកម្លាំងរួចហើយ ឲ្យដាក់ហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រមានដល់បដិវត្តន៍ពណ៌នៅកម្ពុជា ដែរ។
ទាក់ទងបញ្ហាអាវខ្មៅ តំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅបឹងកក់ រាជធានីភ្នំពេញ ដែលតែងនាំគ្នាស្លៀកពាក់ខ្មៅចេញតវ៉ា គឺលោកស្រី បូវ សោភា បញ្ជាក់ថា មិនពាក់ព័ន្ធបដិវត្តន៍ទេ ហើយលោកស្រីក៏ចង់បានសន្តិភាពដែរ៖ «ចង់បានសន្តិភាព ចង់បានសុខសេរីភាព ជាពិសេសចង់មានការរស់នៅស្រួលនៅក្នុងតំបន់បឹងកក់ បន្ទាប់ពីដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់ប្រទានកម្មឲ្យ គឺពួកខ្ញុំចង់បានដីហ្នឹង ដើម្បីរស់នៅស្រួល។ អត់មានចង់បានសង្គ្រាម ឬបដិវត្តន៍អ្វីដែលគាត់ចង់បានទេ ព្រោះខ្ញុំអាណិតកូនៗ ខ្ញុំណាស់ ប្រសិនបើមានសង្គ្រាម ឬការបះបោរអីឡើង អ្នកដែលវេទនាបំផុតនោះ គឺកូនខ្ញុំដែលជាសមាជិកនៅប្រទេសកម្ពុជាហ្នឹង នឹងត្រូវវេទនា។ អ៊ីចឹងអត់បានអីទាំងអស់ហ្នឹងទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកនៅតែបន្តវប្បធម៌សន្ទនានយោបាយ ប៉ុន្តែបន្តជាមួយតែអ្នកដែលសន្ទនាដោយស្មោះត្រង់ និងគោរពគ្នា។ លោកបន្ទោសការព្រាត់ប្រាសដៃគូពីវប្បធម៌សន្ទនាកន្លងទៅ ថាមកពីការមិនគោរពគ្នា ដែលលោកប្រៀបធៀបកាយវិការថា ចាប់ដៃជាន់ជើង៕
Subscribe to:
Post Comments (Atom)
2 comments:
Ah Kwack Hun Sen,
Can you say that to your master Yuon ??
China is now Mr. Hun Sen's master. Respect China or ... you will not get any help.
Post a Comment