Friday, 26 May 2017
សាលាដំបូងខេត្តរតនគិរីទទួលពាក្យបណ្ដឹងប្រឆាំងអ្នកកាសែត ខេមបូឌា ដេលី
ដោយ រដ្ឋា វិសាល
2017-05-26
ផែនទីខេត្តរតនគិរី។
Photo: RFA
មន្ត្រីការិយាល័យកិច្ចការអយ្យការសាលាដំបូងខេត្តរតនគិរី បានទទួលពាក្យបណ្ដឹងប្រឆាំងអ្នកយកព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរនាក់ ក្នុងបទចោទញុះញង់ និងរំលោភសិទ្ធិរក្សាការសម្ងាត់អ្នកបោះឆ្នោត ខណៈដែលមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតសម្របសម្រួលបញ្ចប់រឿងនេះក្នុងការដោះស្រាយបណ្ដឹងទាក់ទិនវិវាទក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
អនុលេខាធិការដ្ឋានទទួលបន្ទុកការិយាល័យកិច្ចការអយ្យការសាលាដំបូងខេត្តរតនគិរី លោក ប្រាក់ សឿន បញ្ជាក់ថា ពាក្យបណ្ដឹងប្រឆាំងអ្នកកាសែតកំពុងឋិតក្នុងចំណាត់ការរបស់ព្រះរាជអាជ្ញាសាលាដំបូង ក៏ប៉ុន្តែការសម្រេចបែបណានោះនៅមិនទាន់ដឹងនៅឡើយ។ លោកថា ពាក្យប្ដឹងនេះទើបដាក់ជូនព្រះរាជអាជ្ញានៅរសៀលថ្ងៃទី២៦ ខែឧសភា៖ «ការិយាល័យអយ្យការបានទទួលបណ្ដឹងហើយ តែដាក់ឆ្លងព្រះរាជអាជ្ញាអ៊ីចឹងណា!»។
កាលពីថ្ងៃទី២២ ខែឧសភា ប្រជាពលរដ្ឋរស់នៅភូមិគងយុ និងភូមិគងធំ រួមទាំងមេឃុំប៉ាតេ បានដាក់ពាក្យប្ដឹងអ្នកយកព័ត៌មានកាសែត ២នាក់ គឺលោក អូន ភាព និងជនជាតិកាណាដា គឺលោក ស៊ុមបឺរ ភីតធ័រ (Zsombor Peter) បន្ទាប់ពីអ្នកទាំងពីរចូលមកក្នុងភូមិ ហើយសួរអ្នកភូមិ និងមន្ត្រីឃុំដែលដើមបណ្ដឹងចាត់ទុកថា មានចេតនាញុះញង់ផ្នែកនយោបាយ។ ពាក្យប្ដឹងនោះធ្វើឡើងពីរច្បាប់មួយច្បាប់ដាក់ជូនគណៈកម្មការរៀបចំការបោះឆ្នោតឃុំប៉ាតេ និងមួយច្បាប់ទៀតដាក់ជូនការិយាល័យអយ្យការសាលាដំបូងខេត្ត។
អ្នកយកព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី លោក អូន ភាព សុំមិនអធិប្បាយជុំវិញរឿងចោទប្រកាន់នេះទេ នៅថ្ងៃទី២៦ ខែឧសភា។ លោកបានណែនាំអាស៊ីសេរី អោយសុំការអធិប្បាយពីនាយកអង្គភាពវិញ។ ចំណែកអគ្គនាយក លោក ឌូក្លាស ស្ទីល (Douglas Steel) បដិសេធមិនអធិប្បាយ ដោយសារលោកមិនទាន់ឃើញបណ្ដឹងនោះនៅឡើយ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំប៉ាតេ លោក ស្រូយ ឃន បានបើកកិច្ចប្រជុំដោះស្រាយករណីប្ដឹងអ្នកកាសែតនេះនៅចំពោះមុខដើមចោទទាំងបី ប៉ុន្តែអវត្តមានចុងចោទ កាលពីថ្ងៃទី២៤ ខែឧសភា បន្ទាប់ពីពាក្យបណ្ដឹងដូចគ្នានេះបានបញ្ជូនមកគណៈកម្មការរៀបចំការបោះឆ្នោតឃុំប៉ាតេ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា។
ដើមបណ្ដឹងមួយរូប គឺលោក សេវ បន បញ្ជាក់ថា ដើមចោទទាំងបីនាក់ យល់ព្រមឈប់ប្ដឹងអ្នកកាសែតទាំងពីរវិញ បន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតបានសម្រេចសម្រួលបញ្ហានេះ ព្រោះចុងចោទមិនមានវត្តមាន ហើយអ្នកភូមិមិនចង់បន្តប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។ លោកថា ការសម្រេចមិនបន្តរឿងក្ដីនេះនឹងធ្វើឡើងដូចគ្នា ប្រសិនមន្ត្រីអយ្យការចាត់ការរឿងក្ដីនេះ ក៏ប៉ុន្តែលោកអះអាងថា នឹងមិនលើកលែងទៀតទេ ប្រសិនអ្នកកាសែតធ្វើសកម្មភាពខុសឆ្គងជាថ្មីទៀត។
យ៉ាងណាក៏ដោយ កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី២៤ ខែឧសភា បានដកស្រង់សំណេររបស់អគ្គនាយកកាសែត ឌឹ ខេមបូឌា ដេលី លោក ឌូក្លាស ស្ទីល នៅក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក របស់លោកថា បណ្ដឹងប្រឆាំងអ្នកកាសែត ឌឹ ខេមបូឌា ដេលី ធ្វើឡើងមិនសមហេតុផល។ លោកចោទសួរថា អ្នកកាសែតសួរសំណួរពីបញ្ហានយោបាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត តើនេះវាមិនមែនជាផ្នែកមួយនៃការងាររបស់អ្នកកាសែតទេឬ?
ចំណែករដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែឧសភា បានបង្ហោះឯកសារនៃពាក្យបណ្ដឹងរបស់ពលរដ្ឋ និងមន្ត្រីឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងលិខិតឆ្លងដែនរបស់អ្នកកាសែត ឌឹ ខេមបូឌា ដេលី លោក ស៊ុមបឺរ ភីតធ័រ លើហ្វេសប៊ុក របស់លោក ដោយភ្ជាប់សារខ្លីថា "សូមអ្នកកាសែតទាំងអស់រៀនច្បាប់បោះឆ្នោត និងក្រមសីលធម៌ក្នុងពេលបោះឆ្នោតអោយបានខ្ជាប់ខ្ជួន ចៀសវាងការចោទប្រកាន់នានា"៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment