Friday, 1 September 2017

ប្រធាន​ស្ដីទី​បក្ស​អំណាច​ខ្មែរ​កៀរគរ​អ្នក​គាំទ្រ​នៅ​ខែត្រ​តាកែវ​ឲ្យ​ចូលរួម​សមាជ​ជ្រើសរើស​ប្រធាន​បក្ស​​ថ្មី


ដោយ វ៉ាន វណ្ណដេត
2017-08-31

ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែង​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​នៅ​ភូមិ​ត្រពាំងចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខែត្រ​តាកែវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth
ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែង​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​នៅ​ភូមិ​ត្រពាំងចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខែត្រ​តាកែវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth
 RFA/Van Vanndeth



ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ ស្នើ​អ្នក​គាំទ្រ​នៅ​ខែត្រ​តាកែវ ទៅ​ចូលរួម​សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ ការ​ផ្លាស់ប្ដូរ​ថ្ងៃ​ធ្វើ​សមាជ​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ថ្ងៃ​ទី​៧ វិញ ដោយសារ​ក្រសួង​មហាផ្ទៃ ឲ្យ​គណបក្ស​នេះ​ពន្លឿន​ការ​ជ្រើសរើស​ប្រធាន​ថ្មី និង​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស ព្រោះ​រូប​សញ្ញា​បក្ស​នេះ អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ច្រឡំ​ជាមួយ​រូប​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។



ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ អ្នក​គាំទ្រ​នៅ​ភូមិ​ត្រពាំងចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខែត្រ​តាកែវ នៅ​រសៀល​ថ្ងៃ​ទី​៣០ សីហា ថា ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​នេះ គឺ​លោក សួន សេរីរដ្ឋា គឺ​ជា​ចេតនា​ដែល​គេ​ចង់​ធ្វើ​បាប​គណបក្ស​អំណាច​ខ្មែរ។ លោក​ថា របៀប​ដឹក​នាំ​ថ្មី​នៃ​គណបក្ស​អំណាច​ខ្មែរ នឹង​មិន​មាន​គោលការណ៍​លាប​ពណ៌ ឬ​វាយ​ប្រហារ​គណបក្ស​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​ការ​រិះគន់​ដើម្បី​ស្ថាបនា​នៅ​តែ​ធ្វើ​ឡើង​ដូច​មុន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

លោក សួង សុភ័ណ្ឌ៖ «ធ្លាប់​ជាក់ស្ដែង! ខ្ញុំ​ធ្លាប់​នៅ​គណបក្ស​ចាស់​របស់​ខ្ញុំ (បក្ស​សង្គ្រោះ​ជាតិ) ហើយ​នឹង​ធ្លាប់​ស្ដាប់​ថ្នាក់ដឹកនាំ​ចាស់ៗ​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​នយោបាយ​ផ្សេង ភាគ​ច្រើន​គឺ​លាប​ពណ៌​គ្នា វាយ​ប្រហារ​គ្នា រឿង​ខ្លះ​មិន​ពិត ក៏​ធ្វើ​ឲ្យ​ទៅ​ជា​ពិត។ ប៉ុន្តែ​ដំណោះស្រាយ​ដែល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ គេ​ហៅ​ថា មាន​ទុក្ខ ផ្ដល់​ដំណោះស្រាយ​មួយ​ឲ្យ​ប្រជាពលរដ្ឋ​លែង​មាន​ទុក្ខ បែរ​ទៅ​ជា​មិន​ខំប្រឹង​គិតគូរ មិន​ខំប្រឹង​ដោះស្រាយ​ទេ គិតតែ​ពី​ខំប្រឹង​លាប​ពណ៌​គ្នា ទម្លាក់​កំហុស​ដាក់​គ្នា»។

លោក សួង សុភ័ណ្ឌ បាន​ស្នើ​ឲ្យ​អ្នក​គាំទ្រ​នៅ​ខែត្រ​តាកែវ ទៅ​ចូល​រួម​សមាជ​វិសាមញ្ញ​របស់​គណបក្ស ដើម្បី​ទប់ស្កាត់​ការ​រំលាយ​គណបក្ស​ជ្រើសរើស​ប្រធាន​ថ្មី ប្ដូរ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​គណបក្ស និង​អាច​ឈាន​ដល់​ការ​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា លោក សួង សុភ័ណ្ឌ បាន​ធ្វើ​សន្និសីទ​កាសែត​ដោយ​ប្រកាស​ថា ដើម្បី​រក្សា​បក្ស​នេះ​ឲ្យ​នៅ​គង់វង្ស​កុំ​ឲ្យ​ប៉ះពាល់​ដោយសារ​តែ​ច្បាប់​ថ្មី សមាជិក​គណបក្ស​នឹង​ធ្វើ​សមាជ​មួយ​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ជំនួស​លោក សួន សេរីរដ្ឋា ដែល​កំពុង​ជាប់​បទឧក្រិដ្ឋ​នៅ​តុលាការ ហើយ​សមាជ​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា តែ​ក្រោយ​មក​ត្រូវ​លើក​មក​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា វិញ ដោយសារ​ប្រធាន​ស្ដីទី​បក្ស​នេះ បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​តឿន​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឲ្យ​បាន​លឿន។

អតីត​ប្រធាន និង​ជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល​ពី​បទ​ចោទ​ថា បាន​ប្រមាថ​កងទ័ព។ តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ថ្មី គណបក្ស​នេះ​ប្រឈម​នឹង​ការ​រំលាយ​ពេល​ដែល​ប្រធាន​បក្ស​ក្លាយ​ជា​ទណ្ឌិត។

​ក្រោយ​ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា លោក សួង សុភ័ណ្ឌ អះអាង​ថា កំណើន​អ្នក​គាំទ្រ​បក្ស​នេះ​មាន​ការ​កើន​ឡើង​ដោយសារ​ការ​ល្បីល្បាញ​នៃ​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​បក្ស និង​ប្រជាប្រិយភាព​របស់​លោក​ដែល​ធ្លាប់​ជួយ​ពលរដ្ឋ​រង​គ្រោះ​ពី​មុន។ សម្រាប់​គោលនយោបាយ​ថ្មី​នៃ​គណបក្ស​នេះ លោក សួង សុភ័ណ្ឌ អះអាង​ថា នឹង​អស្ចារ្យ​ជាង​មុន​ក្នុង​នោះ​មាន​កម្មវិធី​បង្រៀន​ពលរដ្ឋ​ឲ្យ​ដាំ​បន្លែ​ធម្មជាតិ គណបក្ស​នឹង​ផ្ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ការ​ដាក់​លេខ​ទូរស័ព្ទ​របស់​គណបក្ស​ជាប់​ផ្ទាំង​ស្លាក​បក្ស​ថ្មី ដែល​នឹង​បោះ​នៅ​ទី​សាធារណៈ​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ទំនាក់ទំនង។

​ទោះ​ជា​យ៉ាង​ណា លោក សួង សុភ័ណ្ឌ មិន​ទាន់​ច្បាស់​ថា តើ​គណបក្ស​អំណាច​ខ្មែរ នឹង​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ឬ​យ៉ាង​ណា​នោះ​ទេ គឺ​រង់ចាំ​មើល​ពី​ឯករាជភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សិន។ តម្លាភាព​នោះ គឺ​ជា​ការ​បើក​ការិយាល័យ​សាធារណៈ​របស់ គ.ជ.ប និង​ការ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ប្រើ​សិទ្ធិ​ឃ្លាំមើល​ការ​បោះ​ឆ្នោត៕

1 comment:

Anonymous said...

សួង សុភ័ណ្,

You need to think twice before you decide what you have been doing for the sake of Cambodia and Cambodian/Khmer people as a whole. Don't think you are only one who is the best. We know you are a very good guy and you were a hero. We know that you took something very seriously with Mr. Kem Sokha and ran away from CNRP. Please be smart and stay cautious. We already know that Ty Sovantha has gone wrong and went crazy because of Mr. Kem Sokha's daughter. We don't appreciate a daughter of Mr. Sokha over what Mr. Sokha's daughter did in the first place. Ty Sovantha has gone way beyond to make it difficult for CNRP supporters and leaders. Ty Sovantha is disgusted with what she had done.

Khmer Yeurng