ដោយ វ៉ាន វណ្ណដេត
2017-08-31

ប្រធានស្ដីទីគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែងក្នុងពិធីជួបជុំអ្នកគាំទ្រនៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខែត្រតាកែវ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth
ប្រធានស្ដីទីគណបក្សអំណាចខ្មែរ ស្នើអ្នកគាំទ្រនៅខែត្រតាកែវ ទៅចូលរួមសមាជវិសាមញ្ញជ្រើសរើសប្រធានបក្សថ្មី នៅថ្ងៃទី៧ ខែកញ្ញា។ ការផ្លាស់ប្ដូរថ្ងៃធ្វើសមាជពីថ្ងៃទី១០ ខែកញ្ញា មកថ្ងៃទី៧ វិញ ដោយសារក្រសួងមហាផ្ទៃ ឲ្យគណបក្សនេះពន្លឿនការជ្រើសរើសប្រធានថ្មី និងផ្លាស់ប្ដូររូបសញ្ញាគណបក្ស ព្រោះរូបសញ្ញាបក្សនេះ អាចធ្វើឲ្យពលរដ្ឋច្រឡំជាមួយរូបរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រធានស្ដីទីគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ អ្នកគាំទ្រនៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខែត្រតាកែវ នៅរសៀលថ្ងៃទី៣០ សីហា ថា ការចាប់ខ្លួនអតីតប្រធានគណបក្សនេះ គឺលោក សួន សេរីរដ្ឋា គឺជាចេតនាដែលគេចង់ធ្វើបាបគណបក្សអំណាចខ្មែរ។ លោកថា របៀបដឹកនាំថ្មីនៃគណបក្សអំណាចខ្មែរ នឹងមិនមានគោលការណ៍លាបពណ៌ ឬវាយប្រហារគណបក្សណាមួយនោះទេ។ ប៉ុន្តែការរិះគន់ដើម្បីស្ថាបនានៅតែធ្វើឡើងដូចមុនដោយគ្មានការភ័យខ្លាច។
លោក សួង សុភ័ណ្ឌ៖ «ធ្លាប់ជាក់ស្ដែង! ខ្ញុំធ្លាប់នៅគណបក្សចាស់របស់ខ្ញុំ (បក្សសង្គ្រោះជាតិ) ហើយនឹងធ្លាប់ស្ដាប់ថ្នាក់ដឹកនាំចាស់ៗមួយចំនួននៅក្នុងគណបក្សនយោបាយផ្សេង ភាគច្រើនគឺលាបពណ៌គ្នា វាយប្រហារគ្នា រឿងខ្លះមិនពិត ក៏ធ្វើឲ្យទៅជាពិត។ ប៉ុន្តែដំណោះស្រាយដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋដែលត្រូវដោះស្រាយឲ្យពលរដ្ឋ គេហៅថា មានទុក្ខ ផ្ដល់ដំណោះស្រាយមួយឲ្យប្រជាពលរដ្ឋលែងមានទុក្ខ បែរទៅជាមិនខំប្រឹងគិតគូរ មិនខំប្រឹងដោះស្រាយទេ គិតតែពីខំប្រឹងលាបពណ៌គ្នា ទម្លាក់កំហុសដាក់គ្នា»។
លោក សួង សុភ័ណ្ឌ បានស្នើឲ្យអ្នកគាំទ្រនៅខែត្រតាកែវ ទៅចូលរួមសមាជវិសាមញ្ញរបស់គណបក្ស ដើម្បីទប់ស្កាត់ការរំលាយគណបក្សជ្រើសរើសប្រធានថ្មី ប្ដូរលក្ខខណ្ឌមួយចំនួនរបស់គណបក្ស និងអាចឈានដល់ការផ្លាស់ប្ដូររូបសញ្ញាគណបក្ស។
កាលពីថ្ងៃទី២៨ ខែសីហា លោក សួង សុភ័ណ្ឌ បានធ្វើសន្និសីទកាសែតដោយប្រកាសថា ដើម្បីរក្សាបក្សនេះឲ្យនៅគង់វង្សកុំឲ្យប៉ះពាល់ដោយសារតែច្បាប់ថ្មី សមាជិកគណបក្សនឹងធ្វើសមាជមួយដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មីជំនួសលោក សួន សេរីរដ្ឋា ដែលកំពុងជាប់បទឧក្រិដ្ឋនៅតុលាការ ហើយសមាជនេះនឹងធ្វើនៅថ្ងៃទី១០ ខែកញ្ញា តែក្រោយមកត្រូវលើកមកធ្វើនៅថ្ងៃទី៧ ខែកញ្ញា វិញ ដោយសារប្រធានស្ដីទីបក្សនេះ បញ្ជាក់ថា ក្រសួងមហាផ្ទៃ បានតឿនឲ្យមានការផ្លាស់ប្ដូរឲ្យបានលឿន។
អតីតប្រធាន និងជាស្ថាបនិកគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀលពីបទចោទថា បានប្រមាថកងទ័ព។ តាមច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មថ្មី គណបក្សនេះប្រឈមនឹងការរំលាយពេលដែលប្រធានបក្សក្លាយជាទណ្ឌិត។
ក្រោយការចាប់ខ្លួនលោក សួន សេរីរដ្ឋា លោក សួង សុភ័ណ្ឌ អះអាងថា កំណើនអ្នកគាំទ្របក្សនេះមានការកើនឡើងដោយសារការល្បីល្បាញនៃការចាប់ខ្លួនអតីតប្រធានបក្ស និងប្រជាប្រិយភាពរបស់លោកដែលធ្លាប់ជួយពលរដ្ឋរងគ្រោះពីមុន។ សម្រាប់គោលនយោបាយថ្មីនៃគណបក្សនេះ លោក សួង សុភ័ណ្ឌ អះអាងថា នឹងអស្ចារ្យជាងមុនក្នុងនោះមានកម្មវិធីបង្រៀនពលរដ្ឋឲ្យដាំបន្លែធម្មជាតិ គណបក្សនឹងផ្ដល់រថយន្តសង្គ្រោះបន្ទាន់ និងការដាក់លេខទូរស័ព្ទរបស់គណបក្សជាប់ផ្ទាំងស្លាកបក្សថ្មី ដែលនឹងបោះនៅទីសាធារណៈដើម្បីអាចឲ្យពលរដ្ឋរងគ្រោះទំនាក់ទំនង។
ទោះជាយ៉ាងណា លោក សួង សុភ័ណ្ឌ មិនទាន់ច្បាស់ថា តើគណបក្សអំណាចខ្មែរ នឹងចូលរួមបោះឆ្នោតឆ្នាំ២០១៨ ឬយ៉ាងណានោះទេ គឺរង់ចាំមើលពីឯករាជភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សិន។ តម្លាភាពនោះ គឺជាការបើកការិយាល័យសាធារណៈរបស់ គ.ជ.ប និងការអនុញ្ញាតឲ្យសង្គមស៊ីវិលប្រើសិទ្ធិឃ្លាំមើលការបោះឆ្នោត៕
1 comment:
សួង សុភ័ណ្,
You need to think twice before you decide what you have been doing for the sake of Cambodia and Cambodian/Khmer people as a whole. Don't think you are only one who is the best. We know you are a very good guy and you were a hero. We know that you took something very seriously with Mr. Kem Sokha and ran away from CNRP. Please be smart and stay cautious. We already know that Ty Sovantha has gone wrong and went crazy because of Mr. Kem Sokha's daughter. We don't appreciate a daughter of Mr. Sokha over what Mr. Sokha's daughter did in the first place. Ty Sovantha has gone way beyond to make it difficult for CNRP supporters and leaders. Ty Sovantha is disgusted with what she had done.
Khmer Yeurng
Post a Comment