ដោយ ប្រាជ្ញ ចេវ
2017-09-08

ពលរដ្ឋមានបញ្ហាដីធ្លីអង្គុយលើកម្ទេចផ្ទះបាក់បែក ក្រោយសមត្ថកិច្ចវាយកម្ទេច ស្ថិតនៅទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។
RFA/Brach Chev
ក្រុមសមត្ថកិច្ចវាយកម្ទេចផ្ទះពលរដ្ឋ ៣គ្រួសារស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បណ្ដេញពួកគេចេញពីដីដើម្បីយកដីនោះប្រគល់ទៅភាគីម្ខាងទៀតដែលឈ្នះក្តី។ ការអនុវត្តសាលាដីការបស់តុលាការកំពូលនៅថ្ងៃទី៨ ខែកញ្ញា នេះ បង្កការភ្ញាក់ផ្អើលពីសំណាក់ក្រុមពលរដ្ឋរហូតដល់អភិបាលខេត្តកណ្ដាល ចេញមកអន្តរាគមន៍។
ពលរដ្ឋមានបញ្ហាដីធ្លីម្នាក់ គឺកញ្ញា ថន អ៊ីញ ប្រាប់ថា ឪពុកម្ដាយកញ្ញាមករស់នៅលើដីនេះ តាំងពីឆ្នាំ១៩៨៧ ហើយអាជ្ញាមូលដ្ឋានក៏បានចេញលិខិតបញ្ជាក់ទទួលស្គាល់ដែរ ប៉ុន្តែនៅពេលឪពុកម្តាយកញ្ញាសុំធ្វើប្លង់កម្មសិទ្ធិមន្ត្រីសុរិយោដីស្រុកមិនធ្វើឲ្យទេ ដោយលើកហេតុផលថា ដីមានជម្លោះ។ កញ្ញា ថន អ៊ីញ បន្តថា នៅពេលភាគីជម្លោះម្ខាងទៀតដែលមានងារជាជំទាវ ឈ្មោះ ម៉ី កល្យាណ បែរជាក្រុមមន្ត្រីធ្វើប្លង់កម្មសិទ្ធិឲ្យទៅវិញ។
កញ្ញាបន្តថា ភាគីជម្លោះម្ខាងទៀតដែលចោទប្រកាន់ថា គ្រួសារកញ្ញារស់នៅដីរបស់គេនោះ មិនដែលបង្ហាញមុខ ឬចុះមកដល់ដីមានជម្លោះម្តងណាឡើយ។
ផ្ទះពលរដ្ឋ ត្រូវសមត្ថកិច្ច វាយកម្ទេច នៅខេត្តកណ្ដាល ៦២២ពលរដ្ឋរើអីវ៉ាន់ក្រោយសមត្ថកិច្ចវាយកម្ទេចផ្ទះរបស់ខ្លួនស្ថិតនៅទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ RFA/Brach Chev RFA/Brach Chev
ជម្លោះដីធ្លីរវាងក្រុមពលរដ្ឋបីគ្រួសារនៅតាមបណ្ដោយផ្លូវជាតិលេខ២១ នៅស្រុកស្អាង ខេត្តកណ្តាល នេះ ក្រុមពលរដ្ឋឲ្យដឹងថា ភាគីជម្លោះឈ្មោះ ប៉ាវ ម៉ាច ប៉ុន្តែ ប្រគល់សិទ្ធិទៅអ្នកស្រី ម៉ី កល្យាណ ដែលមានងារជាជំទាវ ចេញមុខប្តឹងទៅតុលាការ ដោយចោទប្រកាន់ថា ពួកគេមករស់នៅលើដីរបស់ខ្លួន។ ដីមានជម្លោះនេះពលរដ្ឋពីរគ្រួសារថា ពួកគេរស់នៅលើដីចំណីផ្លូវ និងមួយគ្រួសារទៀតជាប្រភេទដីឡូត៍។ ពួកគេមានជម្លោះដីធ្លីកាលពីឆ្នាំ២០០៤ និងផ្ទុះឡើងខ្លាំងកាលពីអំឡុងដីឡើងថ្លៃ កាលពីឆ្នាំ២០០៧។
ពលរដ្ឋម្នាក់ទៀត លោកស្រី សាយ គីមអូន ឲ្យដឹងថា ដីផ្ទះលោកស្រីជាប្រភេទដីចំណីផ្លូវ។ គ្រួសារលោកស្រីមករស់នៅលើដីនេះតាំងពីឆ្នាំ១៩៩៦ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ លោកស្រីចោទប្រកាន់ថា ការអនុវត្តសាលក្រមនៅពេលនេះ ជារឿងអយុត្តិធម៌ និងស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំជួយផ្ដល់យុត្តិធម៌ដល់ពួកគេ។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីភាគី អ្នកស្រី ម៉ី កល្យាណ បានទេ នៅថ្ងៃទី០៨ ខែកញ្ញា ។ យ៉ាងណាក៏ដោយចុះ ភ្លាមៗនោះដែរ សាលាដំបូងខេត្តកណ្ដាល ចេញសេចក្ដីថ្លែងការណ៍ការពារការអនុវត្តសាលដីការបស់តុលាការនេះទេ ដោយលើកឡើងថា ពលរដ្ឋបីគ្រួសារ មានឈ្មោះ ប៉ុន ថន អ៊ុង អ៊ីម និងឈ្មោះ សែ គឹមអូន ជាអ្នកសុំដីភាគីឈ្នះក្តីរស់នៅ ហើយមិនព្រមចាកចេញ។
នៅពេលមានករណីវាយកម្ទេចផ្ទះពលរដ្ឋដូចនេះ អភិបាលខេត្តកណ្ដាល ម៉ៅ ភិរុណ បានចុះទៅដល់កន្លែងជម្លោះ និងសន្យាពិនិត្យលើសំណុំរឿងនេះឡើងវិញ៕
No comments:
Post a Comment