Saturday, 9 September 2017

សមត្ថកិច្ច​រារាំង​យុវជន​មិន​ឲ្យ​ទៅ​ភូមិ​​រង​ផល​ប៉ះពាល់​ដោយ​ទំនប់​សេសាន​ក្រោម​ពីរ


ដោយ អ៊ុង សេរីវុទ្ធ
2017-09-08

សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា (ស្ដាំ) ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា (ស្ដាំ) ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
 RFA/Brach Chev



សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង រារាំង​យុវជន​ប្រមាណ​៣០នាក់ ពី​រាជធានី​ភ្នំពេញ មិន​ឲ្យ​ចូល​ទៅ​ឃុំ​ស្រែគរ នៃ​ស្រុក​សេសាន ដើម្បី​មើល​ស្ថានភាព​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោមពីរ។



សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី៨ កញ្ញា ថា ​សមត្ថកិច្ច​​លើកហេតុផល​ថា ការរារាំង​នេះ​គឺ​ដើម្បី​ការពារ​សុវត្ថិភាព និង​តម្រូវ​សុំ​ការ​អនុញ្ញាត​ជាដើម។

លោក​បន្ត​ថា ​ពួក​លោក​ព្យាយាម​ពន្យល់​សមត្ថកិច្ច​ពី​គោល​បំណង​ដែល​ក្រុម​យុវជន​របស់​លោក​ទៅ​ទីតាំង​នោះ​ថា ជា​ការ​ចង់​ស្វែងយល់​នៃ​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច និង​ទុក្ខ​កង្វល់​របស់​អ្នកភូមិ​ដែល​មិន​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ជា​ថ្នូរ​នឹង​ការ​ចាកចេញ៖ «តើហេតុអ្វី​បានអាជ្ញាធរព្យាយាមបិទបាំងកន្លែងនឹងម៉េះ​? មិន​ឲ្យយុវជន​និង​អ្នក​ផ្សេង​ចូល​ទៅ​ ទោះពួកគេ​ប្រាប់​ពី​មូលហេតុ​ចូលទៅមិនមែនបក្ស​នយោបាយ ឬញុះញង់ជាដើម»។

ក្រុម​យុវជនដែលមាន​បំណង​ទៅ​កាន់​ឃុំ​ស្រែ​គរ​នោះ​​មក​ពី​​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ភ្នំពេញ។ ពួកគេ​សម្រេច​ចិត្ត​ត្រឡប់​មក​កាន់​ខេត្ត​ក្រចេះ​វិញ​នៅ​ម៉ោង​ប្រមាណ ៤​រសៀល បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​នៅ​ចំណុច​បំបែក​ច្រប់ ក្នុង​ឃុំ​ក្បាលរមាស។ ពួកគេ​បាន​ចុះ​ពី​រថយន្ត​ក្រុង ធ្វើ​ដំណើរ​ថ្មើរ​ជើង​ប្រមាណ​២​គីឡូម៉ែត្រ​ទៀត ដើម្បី​ចូល​ភូមិ ប៉ុន្តែ​សមត្ថកិច្ច​បាន​បន្ត​ថែម​កម្លាំង និង​ឃាត់​ពួកគេ​ដដែល។

លោក ថុន រដ្ឋា អះអាង​ថា សមត្ថកិច្ច​តែង​រឹត​បន្តឹង​ការ​ចូល​ទៅ​សហគមន៍ ក្រោយ​ក្រុមហ៊ុន​សាកល្បង​បិទ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​កាល​ពី​ខែ​មុន និង​បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ឃុំ​ស្រែគរ ខណៈ​ពលរដ្ឋ​ឃុំ​ស្រែគរ ១២០​គ្រួសារ និង​ឃុំ​ក្បាលរមាស ៥៨​គ្រួសារ​មិន​ព្រម​ចាកចេញ៕

No comments: