Monday, 4 September 2017

លោក ហ៊ុន សែន ព្រមាន​រំលាយ​បក្ស​ប្រឆាំង​បើ​សមាជិក​បក្ស​ចេញ​មុខ​គាំទ្រ​លោក កឹម សុខា


ដោយ ម៉ម មុនីរតន៍
2017-09-03

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
 Photo courtesy of PM Hun Sen's Facebook Page



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង​បន្ត​ទៀត ក្រោយ​ពី​ចាប់​ខ្លួន​លោក កឹម សុខា ប្រសិន​បើ​រក​ឃើញ​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធសភា​របស់​បក្ស​នេះ​ចេញ​មុខ​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​កម្លាំង​នគរបាល។ ស្រប​ពេល​នេះ​ដែរ លោក ហ៊ុន សែន ក៏​អំពាវនាវ​ស្វែង​រក​ជន​បរទេស​បន្ថែម​ទៀត​ដែរ ដែល​លោក​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​គម្រោង​ក្បត់​ជាតិ តាម​រយៈ​បដិវត្ត​ពណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល។



ប្រើ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​អនុវត្ត​ច្បាប់​ឲ្យ​ដល់​ទី​បញ្ចប់ ចំពោះ​វាសនា​បក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​មាន​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​បន្ត​ទៀត។

ការ​ថ្លែង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ជួប​ជាមួយ​កម្មករ​រោងចក្រ​រាប់​ពាន់​នាក់ នៅ​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា។ លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា មូលហេតុ​ដែល​លោក​លើក​ដូច្នេះ ព្រោះ​តែ​មេ​បក្ស​ប្រឆាំង​មាន​ភស្តុតាង​ដាក់​បន្ទុក​រួច​ទៅ​ហើយ អំពី​គម្រោង​ក្បត់​ជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ​ដោយ​កង​កម្លាំង​នគរបាល ក្រោម​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ថា នេះ​ជា​បទល្មើស​ជាក់ស្ដែង មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​ដីកា ឬ​ហេតុផល​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ឡើយ៖ «យប់​មិញ​នេះ​យើង​ត្រូវ​ចាប់​លោក កឹម សុខា ទាំង​យប់ អំពី​ទោស​ក្បត់​ជាតិ​តែម្ដង។ ហេតុ​អី​បាន​យើង​ត្រូវ​ចាប់? បើ​សិន​មិន​មាន​រឿង​ធ្ងន់ធ្ងរ យើង​មិន​ចាំបាច់​ចាប់​ធ្វើ​អី​ទេ។ តែ​រឿង​នេះ​វា​ធ្ងន់​ពេក​ហើយ​វា​ឈាន​បណ្ដើរៗ​ហើយ»។

លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ជា​ញឹកញាប់​ថា នឹង​ចាត់វិធានការ​វ៉ៃ​ខ្នោះ​ដៃ​ជន​ណា​ក៏​ដោយ មិន​ថា​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​ទេ ប្រសិន​​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ហើយ ត្រូវ​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ការពារ​សុខ​សន្តិភាព។ ប៉ុន្តែ អ្នក​ច្បាប់​ធ្លាប់​បកស្រាយ​ថា ការ​ចោទ​ប្រកាន់​ជន​ណា​មួយ​ពី​បទល្មើស​ជាក់ស្ដែង​ទៅ​បាន លុះ​ត្រា​កំពុង​ធ្វើ​សកម្មភាព​ភ្លាមៗ ឬ​សកម្មភាព​ដេញ​ប្រផាប់​ចាប់​ប្រភីង​នៅ​នឹង​កន្លែង​តែម្ដង។

ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា ៣៨ ថ្មី កំណត់​ថា ការ​បញ្ចប់​ជីវិត​នយោបាយ​បក្ស​ណា​មួយ​ទៅ​បាន គឺ​គណបក្ស​នយោបាយ​នោះ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​ដទៃ​ទៀត​របស់​ប្រទេស​កម្ពុជា ទើប​ក្រសួង​មហាផ្ទៃ អាច​ចាត់​វិធានការ​តាម​ដំណាក់កាល គឺ​សម្រេច​សកម្មភាព​បណ្ដោះអាសន្ន បក្ស​នយោបាយ​នោះ ក្នុង​រយៈពេល​មួយ​ជា​កំណត់។ បន្ទាប់​មក ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​នយោបាយ​នោះ ក្នុង​ករណី​មាន​កំហុស​ធ្ងន់ធ្ងរ។

ជុំវិញ​ការ​ចាប់​ខ្លួន​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​នេះ លោក ហ៊ុន សែន ថ្លែង​ថា បទល្មើស​ជា​ច្រើន​សំណុំរឿង​ក្នុង​ពេល​កន្លង​ទៅ បូក​រួម​ទាំង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ផង គឺ​ដាក់​បន្ទុក​ឲ្យ​លោក កឹម សុខា ទទួល​ទាំង​អស់​ដោយ​ចោទ​ថា លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ។

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​កម្លាំង​នគរបាល​ព័ន្ធ​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ និង​ពុំ​មាន​ដីកា​ថែម​ទៀត នៅ​គេហដ្ឋាន​របស់​លោក​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ។

បើ​ទោះ​ជា​បែប​ណា រឿងរ៉ាវ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ ដោយ​យោង​លើ​អង្គហេតុ​ខ្លះៗ​តាម​រយៈ​ខ្សែ​អាត់​វីដេអូ របស់​លោក កឹម សុខា ដែល​ថ្លែង​ជា​សាធារណៈ​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ដើម​ឆ្នាំ​២០១៤។ មេ​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក​បាន​រៀន​ពី​របៀប​ផ្លាស់ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​ជាមួយ​នឹង​សហរដ្ឋអាមេរិក តាំង​ពី​អាណត្តិ​ទី១។ ប៉ុន្តែ​អ្វី​ដែល​លោក​សាប​ព្រោះ​វប្បធម៌​តាម​បែប​​ប្រទេស​លោក​ខាង​លិច​នោះ ពុំ​មាន​អ្វី​ក្រៅ​ពី​គោលការណ៍​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ៖ «ប្រជាពលរដ្ឋ​លោក​បាន​ក្រោក​នេះ មិន​មែន​ទើប​តែ​ក្រោក​ថ្ងៃ​ហ្នឹង​នេះ​ទេ ដោយសារ​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​យើង​ខ្ញុំ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ជន​រួម​ជាតិ​ថា ហេតុ​ម៉េច​បាន​ជា​ដល់​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ងើប​ឡើង​កុះករ លែង​ខ្លាច​ហើយ​ហ៊ាន និង​យល់»។

ក្រៅ​ពី​ការ​ចាប់​ខ្លួន​​លោក កឹម សុខា ហើយ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​ប្រទេស​បាត​ដៃ​ទី​៣ ដែល​លោក​អះអាង​ថា កំពុង​រក​មុខ​ជា​យូរ​មក​ហើយ ដែល​នាំ​ឲ្យ​កម្ពុជា ជួប​គ្រោះ​អាក្រក់​តាំង​ពី​ក្នុង​សម័យ​លោក​សេនា​ប្រមុខ លន់ នល់។ ជាង​នេះ​ទៀត ការ​ចាប់​ដៃគូ​ជាមួយ​លោក កឹម សុខា លើក​នេះ​ ក៏​មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​កាល​ពី​ជាង ៣០​ឆ្នាំ​មុន​នោះ​ដែរ ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា រក​បាន​សន្តិភាព​មក​ដោយ​លំបាក​នេះ ត្រូវ​​រលាយ​ទៅ​វិញ ព្រោះ​​តែ​សម្ពន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​លោក កឹម សុខា នេះ៖ «មិន​ត្រូវ​បរទេស​ណា​មក​ត្រូវ​លូកលាន់​កិច្ចការ​របស់​កម្ពុជា ជា​ពិសេស​អ្នក​ដែល​បាត​ដៃ​ទី​៣ ដែល​ធ្លាប់​ប្រើ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ»។

បើ​ទោះ​ជា​បែប​ណា ក្នុង​ពេល​កន្លង​ទៅ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នេះ។

ស្រប​ពេល​លោក កឹម សុខា ត្រូវ​ចាប់​ខ្លួន និង​ព្រមាន​ពី​ជីវិត​នយោបាយ​ចុង​ក្រោយ​របស់​បក្ស​ប្រឆាំង លោក ហ៊ុន សែន បាន​អះអាង​ថា ទោះ​ជា​យ៉ាង​ណា​ដំណើរការ​ចុះ​ឈ្មោះ និង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ នៅ​តែ​ដំណើរការ​ជា​ធម្មតា​ដូច​ការ​គ្រោង​ទុក៕

2 comments:

Anonymous said...

Who really is Khmer traitor?

In the 1980s, the government of Penn Sovann fiercely defied Yuon's orders and protected Cambodia's interest.

Hun Sen colluded with Yuon to topple Penn Sovann.

That was an act of treason.

Therefore, Ah Kouk Hun Sen should arrest himself.

Ah Runteas Banh Hun Sen Euy !! Khmer people have had enough of you Ah Choy Marai !!


93 Years Old Woman

Anonymous said...

Pkay Meas Pram Phot Lek Hun Sen. But barely know how to read Khmer, let alone other language. What an asshole leader.