ដោយ យ៉ង ចាន់តារា
2017-09-03

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមអ្នកឃោសនា នាទីស្នាក់ការសង្កាត់ចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។ RFA/Cheu Sideth
សហគមន៍អន្តរជាតិថ្កោលទោសធ្ងន់ៗលើរដ្ឋាភិបាលកម្ពុជា ចំពោះការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា យ៉ាងតក់ក្រហល់ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ សហគមន៍អន្តរជាតិ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ ឱ្យមានសេរីភាពវិញ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងសកម្មជនដើម្បីធានាបាននូវបរិយាកាសនយោបាយល្អក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។
ក្រោយការចាប់ខ្លួនមេបក្សប្រឆាំងដ៏គួរឱ្យភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រនោះ សហគមន៍អន្តរជាតិបានចេញមុខរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ជាបន្តបន្ទាប់ ថាជាការវាយប្រហារសេរីភាពខាងនយោបាយ និងជាការរំលោភបំពានច្បាប់ធ្ងន់ធ្ងរ។
ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី (Malaysia) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែងនៅក្នុងសារអេឡិចត្រូនិក ឬអ៊ីម៉ែល នៅថ្ងៃទី៣ ខែកញ្ញា ថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នេះ គឺជាការបង្ក្រាបដល់កម្រិតប្រកាសអាសន្នថ្មីមួយទៀត ដោយគណបក្សកាន់អំណាច។
លោកបន្តថា ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់វាច្បាស់ណាស់ថា គ្មានអ្វីក្រៅពីរឿងប៉ុនប៉ងកម្ចាត់បក្សប្រឆាំងមុនពេលយុទ្ធនាការបោះឆ្នោតចាប់ផ្ដើមនោះទេ៖ "ជាច្រើនខែមកនេះ យើងសង្កេតឃើញថា បំណងកម្ចាត់បក្សប្រឆាំងរបស់រដ្ឋាភិបាលក្រុងភ្នំពេញ កាន់តែរីកធំឡើងជាលំដាប់ ប៉ុន្តែពេលនេះវាបានលេចចេញមកហើយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាខ្លាចអ្វីដែលនឹងកើតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវមួយ ហេតុដូច្នេះគាត់នឹងមិនផ្ដល់ឱកាសសម្រាប់ការប្រកួតប្រជែងសូម្បីតែបន្តិច។ ការចាប់ខ្លួនលោក កឹម សុខា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអភ័យឯកសិទ្ធិសភារបស់គាត់ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងជាការមាក់ងាយនីតិរដ្ឋ។ លោក កឹម សុខា គួរតែត្រូវបានដោះលែងភ្លាមៗ និងដោយឥតលក្ខខណ្ឌ។ ប្រសិនបើសហគមន៍អន្តរជាតិ ជាពិសេសម្ចាស់ជំនួយធំៗ មិនហើបមាត់ និងបញ្ចេញប្រតិកម្មរបស់ខ្លួនទេនោះ មានន័យថា ពួកគេកំពុងចូលដៃប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសផ្ដាច់ការយ៉ាងពេញទំហឹង"។
ចំណែកសមាជិកសភាសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) វិញ ថ្លែងនៅក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ប្រជាជនកម្ពុជា ត្រូវឆ្លងកាត់ព្យុះបោកបក់ដ៏ខ្លាំងមួយទៀតហើយ ជាមួយនឹងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដោយរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ចលនាប្រឆាំងនឹងប្រជាធិបតេយ្យបែបនេះ គឺនៅតែជាមធ្យោបាយវាយប្រហារសេរីភាពនយោបាយដោយរបបដឹកនាំបែបផ្ដាច់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលបំណងកាត់ផ្ដាច់សេរីភាពខាងនយោបាយពីប្រជាពលរដ្ឋកម្ពុជា៖ "វាគឺជាក្ដីព្រួយបារម្ភដ៏ធំរបស់សហគមន៍អន្តរជាតិ ដែលថាលោក ហ៊ុន សែន គ្មានបំណងឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំក្រោយនោះទេ។ ប្រជាពលរដ្ឋកម្ពុជា ស៊ូទ្រាំរស់ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាងបីទសវត្សរ៍ទៅហើយ ដូច្នេះពួកគេសក្ដិសមនឹងទទួលបាននូវសិទ្ធិដែលការពារដោយរដ្ឋធម្មនុញ្ញ ចំពោះការសម្រេចជោគវាសនាជាតិដោយខ្លួនឯង។ សំឡេងរបស់ពលរដ្ឋកម្ពុជា ត្រូវបានគេបំបិទ។ សហរដ្ឋអាមេរិក មិនអាចអង្គុយឱបដៃមើលការជាន់ឈ្លីរដ្ឋធម្មនុញ្ញកម្ពុជា បែបនេះឡើយ”។
លោកអះអាងថា លោកនឹងបន្តការតស៊ូមតិលើរឿងនេះ តាមរយៈក្រសួងការបរទេសអាមេរិក សេតវិមាន និងតាមរយៈអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងនេះ និងធានាឱ្យបាននូវសិទ្ធិសម្រេចចិត្តផ្នែកនយោបាយ មិនឱ្យសិទ្ធិនេះត្រូវបានកាត់ផ្ដាច់ពីប្រជាពលរដ្ឋកម្ពុជា នោះឡើយ។

ទិដ្ឋភាពខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧។ RFA/Leng Maly
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា នៅគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើងដោយគ្មានដីកាពីតុលាការឡើយ ដោយអាជ្ញាធរអះអាងថា វាជាបទល្មើសជាក់ស្ដែង ដោយសម្អាងទៅលើវីដេអូឃ្លីបមួយដែលចេញផ្សាយនៅដើមឆ្នាំ២០១៤ ហើយត្រូវបានផ្សព្វផ្សាយបន្តដោយសារព័ត៌មានហ្វ្រេសញូវ (Fresh News) ដែលស្និទ្ធនឹងរដ្ឋាភិបាលនៅយប់ថ្ងៃទី២ ខែសីហា ដោយមានរូបលោក កឹម សុខា កំពុងថ្លែងនៅចំពោះមុខអ្នកគាំទ្រក្នុងប្រទេសអូស្ត្រាលី។
ក្នុងវីដេអូនោះ លោក កឹម សុខា បានរៀបរាប់ពីការតស៊ូរយៈពេលជាង ២០ឆ្នាំរបស់លោកប្រឆាំងនឹងរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឈរលើគោលការណ៍ច្បាស់លាស់ និងជាការសន្សំការតស៊ូជាយូរណាស់មកហើយ ហើយថា ការដែលពលរដ្ឋក្រោកឡើងប្រឆាំងរបបដឹកនាំរបស់លោក ហ៊ុន សែន ក្រោយការបោះឆ្នោតនោះ គឺកើតឡើងដោយសារយុទ្ធសាស្ត្រច្បាស់លាស់របស់អ្នកប្រឆាំង ដោយមានអ្នកជំនាញ និងសាស្ត្រាចារ្យពីប្រទេសប្រជាធិបតេយ្យ ដូចសហរដ្ឋអាមេរិក ជួយផ្ដល់យោបល់។ ក៏ប៉ុន្តែថា តើសំឡេងនោះជាសំឡេងកាត់ត ឬយ៉ាងណានោះ? អាស៊ីសេរី នៅពុំទាន់អាចបញ្ជាក់ពីលោក កឹម សុខា បាននៅឡើយ ព្រោះលោកកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចោទប្រកាន់មេបក្សប្រឆាំងរូបនេះថា ជាជនក្បត់ជាតិ ហើយលោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាក្រុមបាតដៃទីបីផងដែរ៖ «»។
មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅតំបន់អាស៊ីអាគ្នេយ៍រូបនេះ ក៏បានព្រមានសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀតកុំឱ្យលូកដៃចូលធ្វើអន្តរាគមន៍ករណីនេះ ព្រោះវាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ក៏ប៉ុន្តែការចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិនេះ ត្រូវបានលោក ប្រ៊ែដ អាដាម (Brad Adams) ដែលជានាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រតិកម្មតបវិញថា អ្នកដែលត្រូវចោទប្រកាន់ពីអំពើក្បត់ជាតិពាក់ព័ន្ធនឹងការឃុបឃិតគ្នាជាមួយបរទេសនោះ គឺ ហ៊ុន សែន ខ្លួនឯងទៅវិញទេ ព្រោះលោកបានពឹងពាក់ប្រទេសវៀតណាម និងចិន ដើម្បីកាន់អំណាច និងបន្តកាន់អំណាចដល់ពេលបច្ចុប្បន្ន៖ "យើងទាំងអស់គ្នា សុទ្ធតែដឹងឮគ្រប់គ្នាថា លោក ហ៊ុន សែន បានឡើងកាន់អំណាចពីដំបូង ដោយសាររដ្ឋាភិបាលវៀតណាម ជាអ្នកលើកបន្តុប ហើយយើងក៏ដឹងដែរថា លោក ហ៊ុន សែន ពឹងវៀតណាម និង ចិន ដើម្បីបន្តកាន់អំណាចតាំងពីដើមរហូតដល់សព្វថ្ងៃនេះ។ ដូច្នេះ ខ្ញុំគិតថា បើគាត់ឆ្លាត គាត់គួររិះរកបទចោទណាឲ្យវាទំនងជាងនេះ ដើម្បីចោទលោក កឹម សុខា។ បើចោទបែបនេះ គឺមិនខុសអីពីចោទខ្លួនឯងនោះទេ"។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវឱ្យម្ចាស់ជំនួយថ្កោលទោសលោក ហ៊ុន សែន និងកោះហៅឯកអគ្គរាជទូតកម្ពុជា ឲ្យពន្យល់ពីសកម្មភាពរបស់លោក ហ៊ុន សែន នៅពេលនេះ។ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះបន្តថា អស់រយៈពេល ៣៣ឆ្នាំហើយដែលលោក ហ៊ុន សែន ប្រើអំពើហិង្សា ការគំរាមកំហែង ប្រព្រឹត្តអំពើពុករលួយ និងប្រើប្រាស់តុលាការ ដើម្បីការពារអំណាចរបស់ខ្លួន ហើយក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គឺលោក ហ៊ុន សែន បានបង្កើនការវាយប្រហារលើអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងកាន់តែខ្លាំងឡើងៗ។
ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា នេះដែរ មន្រ្តីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក អារ៉េនដ៍ ស្វតចិស្ស (Arend Zwartjies) បានថ្លែងប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក (Email) នៅថ្ងៃទី៣ កញ្ញា ថា ស្ថានទូតមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក កឹម សុខា ដែលជាមេដឹកនាំបក្សប្រឆាំងដ៏គួរឱ្យគោរពម្នាក់។ មន្ត្រីនាំពាក្យរូបនេះបានចាត់ទុកការចាប់ខ្លួននេះថា ជាការចោទប្រកាន់មួយក្នុងចំណោមការចោទប្រកាន់ដទៃទៀត ដែលឆ្លុះបញ្ចាំងពីរឿងនយោបាយ។
ចំណែកអ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) វិញ បានបញ្ជាក់ប្រាប់អាស៊ីសេរី ថា អ្នកស្រីបានទាក់ទងទៅសហការីរួចរាល់ហើយអំពីករណីនេះ ហើយខាងអ្នកស្រីនឹងឆ្លើយតបជុំវិញរឿងនេះនៅពេលឆាប់ៗខាងមុខ៕
1 comment:
Who really is Khmer traitor?
In the 1980s, the government of Penn Sovann fiercely defied Yuon's orders and protected Cambodia's interest.
Hun Sen colluded with Yuon to topple Penn Sovann.
That was an act of treason.
Therefore, Ah Kouk Hun Sen should arrest himself.
Ah Runteas Banh Hun Sen Euy !! Khmer people have had enough of you Ah Choy Marai !!
93 Years Old Woman
Post a Comment