Tuesday, 5 September 2017

សង្គម​ស៊ីវិល​បារម្ភ​ពលរដ្ឋ​មិន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​ចាប់​ខ្លួន


ដោយ វ៉ាន វណ្ណដេត
2017-09-05

បដា​បង្ហាញ​ពី​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​ក្នុង​វត្ត​ទេពធីតារាម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៧។ RFA/Chin Chetha
បដា​បង្ហាញ​ពី​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​ក្នុង​វត្ត​ទេពធីតារាម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha



សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បោះឆ្នោត ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា​អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាក់​ទឹក​ចិត្ត​ដោយ​មិន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត តាម​ការ​អំពាវនាវ​របស់ គ.ជ.ប។ មន្ត្រី គ.ជ.ប បញ្ជាក់​ថា ការ​ទៅ​ចុះ​ឈ្មោះ ឬ​មិន​ទៅ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ផ្ទាល់ ខណៈ គ.ជ.ប ធ្វើ​ការ​តាម​តែ​អ្វី​ដែល​ច្បាប់​បាន​ចែង។



ការ​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល នៅ​ពេល​មាន​ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា​មិន​មាន​គម្រោង​ទៅ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ ចំណែក​អ្នក​ដែល​ត្រៀម​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ចំនួន បាន​ដំអក់​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ ដោយសារ​ពួក​គាត់​បាក់​ទឹក​ចិត្ត​នៅ​ពេល​ដឹង​ថា មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន។

សំឡេង​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​ភ្នំពេញ លោក អ៊ឹង ឆាយ៖ «ប្រធាន​គណបក្ស​មិន​អាច​ឈរ​ឈ្មោះ​ជា​គណបក្ស​ប្រឆាំង​ដដែល មាន​ន័យ​ថា​ទាំង​ខ្ញុំ​ទាំង​គេ សុទ្ធតែ​បាក់​ទឹក​ចិត្ត​ទាំងអស់​គ្នា​ហ្នឹង»។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​កាល​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ កញ្ញា សង្គម​ស៊ីវិល​មើល​ឃើញ​អ្នក​ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​តិចតួច​ខ្លាំង ដោយ​ការិយាល័យ​ខ្លះ​មាន​តែ ៥ ទៅ ៦​នាក់​តែ​ប៉ុណ្ណោះ​បាន​ទៅ​ចុះ​ឈ្មោះ​ក្នុង​មួយ​ថ្ងៃ។ កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​ថយ​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត លោក សំ គន្ធាមី ប្រាប់​ថា ដោយសារ​អាកាសធាតុ គឺ​ភ្លៀង ព័ត៌មាន​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ចង្អៀត និង​ឯកសារ​បញ្ជាក់​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តែ​ជា​ឧបសគ្គ​រារាំង​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត។

ចំណែក​ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា លោក សំ គន្ធាមី អង្កេត​ឃើញ​ថា មិន​សូវ​ប៉ះពាល់​ខ្លាំង​ដល់​ទឹក​ចិត្ត​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ ទើប​មាន​ការ​បង្កើន​ការ​ផ្សព្វផ្សាយ និង​បង្កើន​ការ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​បន្ថែម​ទៀត​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត៖ «យើង​ព្រួយ​បារម្ភ យើង​បង្កើន​ការ​ផ្សព្វផ្សាយ។ យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មក​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​គ្នា ជា​គោល​បំណង​របស់​យើង។ ចឹង​ហើយ​បាន​យើង​បង្កើន​ការ​ផ្សព្វផ្សាយ​ថា បង​ប្អូន​ត្រូវ​ទៅ​ចុះ​ឈ្មោះ ហើយ​ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ»។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ ឯ​អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​តាម​សាលា​ឃុំ-សង្កាត់ និង​នៅ​តាម​ភូមិ​មួយ​ចំនួន។ រយៈពេល ៤​ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត (ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​៤ កញ្ញា) អ្នក​ទៅ​ចុះ​ឈ្មោះ​មាន​ចំនួន​ជាង ២៥.៨០០​នាក់។ តួលេខ​នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ គ.ជ.ប លោក​បណ្ឌិត ហង្ស ពុទ្ធា។

លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា តួលេខ​អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​ក្នុង​រយៈពេល ៤​ថ្ងៃ​ដំបូង​មាន​ការ​ថយ​ចុះ បើ​ធៀប​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន (កាល​ពី​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់) ដោយសារ​ពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​សម្រុក​ទៅ​ចុះ​ឈ្មោះ​លើក​មុន​រួច​រាល់។ ចំពោះ​ការ​ព្រួយ​បារម្ភ ឬ​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ណា​នោះ គ.ជ.ប យល់​ថា គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ ហើយ គ.ជ.ប មិន​ធ្វើ​អត្ថាធិប្បាយ​ណា​ដែល​ទាក់ទង​នឹង​រឿង​នយោបាយ​នោះ​ទេ៖ «គ.ជ.ប ទទួល​ខុស​ត្រូវ​ទៅ​លើ​បញ្ហា​ពីរ។ ទី​មួយ គឺ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ទី​២ អនុវត្ត និង​រិះរក​បច្ចេកទេស​បោះឆ្នោត ដើម្បី​សម្រួល​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​បាន​អញ្ជើញ​ទៅ​បោះឆ្នោត ហើយ​បើ​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​ថា​មិន​ទៅ​ចុះ​ឈ្មោះ ឬ​មិន​ទៅ​បោះឆ្នោត អា​ហ្នឹង​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់»។

យ៉ាង​នេះ​ក្ដី គ.ជ.ប និង​សង្គម​ស៊ីវិល​នៅ​មិន​ទាន់​មាន​តួលេខ​ណា​មួយ​បញ្ជាក់​ថា មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ប៉ុន្មាន​នាក់ ហើយ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​រយៈពេល ៤​ថ្ងៃ​ដំបូង​នេះ​នៅ​ឡើយ​ទេ ខណៈ​ដែល​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ពលករ​បាន​ចុះ​ឈ្មោះ​នៅ​ក្រៅ​ប្រទេស នៅ​មិន​ទាន់​ត្រូវ​រដ្ឋសភា​លើក​យក​ទៅ​ដាក់​ក្នុង​កិច្ចប្រជុំ​នៅ​ឡើយ។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ៣៣​រូប កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា បាន​ដាក់​សេចក្តី​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត​ដើម្បី​បើក​ផ្លូវ​អាច​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន។ ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​កំពុង​បំពេញ​បេសកកម្ម ធ្វើ​ការ និង​កំពុង​សិក្សា ឲ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលា​ឃុំ-សង្កាត់ និង​តាម​ភូមិ​ក្នុង​ប្រទេស​កម្ពុជា។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង នៅ​មិន​ទាន់​ដឹង​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​ថា រដ្ឋសភា​នឹង​ប្រជុំ​ពិនិត្យ​សំណើ​វិសោធនកម្ម​ច្បាប់​នេះ​នៅ​ពេល​ណា​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ដឹង​ថា បច្ចុប្បន្ន សំណើ​នេះ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​សិក្សា​របស់​គណៈកម្មការ​ជំនាញ​នីតិកម្ម និង​យុត្តិធម៌។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​៦ នៃ​រដ្ឋសភា លោក ប៉ែន បញ្ញា បាន​ទេ​នៅ​ថ្ងៃ​ទី​៥ កញ្ញា។ ប៉ុន្តែ​តំណាងរាស្ត្រ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​គណបក្ស ធ្លាប់​បង្ហើប​ថា ច្បាប់​នេះ​ទំនង​ជា​មិន​មាន​សង្ឃឹម​អាច​វិសោធនកម្ម​តាម​ការ​ចង់​បាន​ពី​ក្រុម​តំណាងរាស្ត្រ​ទាំង ៣៣​នាក់​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល និង គ.ជ.ប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​ឲ្យ​បាន​ទាន់​ពេលវេលា ឲ្យ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨៕

1 comment:

Anonymous said...

A Kingdom of Wondershit !!

Have we ever wondering why every thing works in the opposite direction in Cambodia?

The government has the duty and obligation to protect and defend Cambodia's territorial integrity. So, if something went wrong with Cambodia, the responsible members of the government should go to jail.

But, so far, under this Hyena Hun Sen's leadership, we just saw the civilians who tried to protect Cambodia's territorial integrity, went to jail or got killed one after another.

Except under Penn Sovann's government which the government members who tried to protect Cambodia had gone to jail when the biggest Khmer traitor named Hun Sen sold his soul to Yuon and colluded with Yuon to topple Penn Sovann.

Presently, Hun Sen does not want to see another Hun Sen usurps the power from Hun Sen, even through the election. Hun Sen wants to stay in power in Cambodia until Cambodia becomes a province of Vietnam.

What should Khmer people and the world do to stop this one eye monster Hun Sen ??

93 Years Old Woman