ដោយ មាន ឫទ្ធិ
2017-09-06

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំនាខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
RFA/Hang Savyouth
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលព្រមានថា គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវរំលាយចោលតែម្តង ប្រសិនបើគណបក្សនេះរឹងរូសមិនព្រមតែងតាំងប្រធានថ្មីជំនួសលោក កឹម សុខា។
មន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) នៅថ្ងៃពុធ ទី៦ ខែកញ្ញា ថា គណបក្សសង្គ្រោះជាតិ ត្រូវតែតែងតាំងប្រធានថ្មី។ លោកបន្តថា ប្រសិនបើគណបក្សនេះមិនគោរពតាមច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មចំនួនពីរលើករួចមកហើយនោះទេ គណបក្សនេះនឹងពុំអាចមានវត្តមានធ្វើសកម្មភាពនយោបាយនៅកម្ពុជា បានជាបន្តទៅទៀតនោះទេ។
ការព្រមានរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់គោលជំហរថា គណបក្សនេះនឹងមិនដាក់នរណាម្នាក់ឲ្យឡើងជំនួសលោក កឹម សុខា ឡើយ ហើយថាគណបក្សសង្គ្រោះជាតិ អាចនឹងធ្វើពហិការមិនចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ ប្រសិនបើស្ថានភាពនយោបាយនៅតែអាក្រក់ខ្លាំងដូចបច្ចុប្បន្ននេះ។
លើសពីនេះទៀត មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ទៀត គឺលោក ខៀវ សុភ័គ ដែលជាមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានសារព័ត៌មានក្នុងស្រុក គឺកាសែតភ្នំពេញប៉ុស្តិ៍ ស្រង់សម្ដីថា គណបក្សសង្គ្រោះជាតិ ក៏អាចនឹងត្រូវរំលាយចោលផងដែរ ប្រសិនបើមន្ត្រីគណបក្សនេះហ៊ានចេញមុខគាំទ្រលោក កឹម សុខា។ លោក ខៀវ សុភ័គ ថែមទាំងបានព្រលយថា នៅពេលដែលគណបក្សនេះត្រូវរំលាយ នោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបជាប់ឆ្នោតទាំងអស់របស់គណបក្សនេះជាង ៥ពាន់នាក់ រួមទាំងក្រុមប្រឹក្សាស្រុក ខែត្រ និងក្រុង និងសមាជិកព្រឹទ្ធសភា (ប្រសិនបើមាន) ព្រមទាំងតំណាងរាស្ត្ររបស់គណបក្សនេះផងដែរ នឹងត្រូវបាត់បង់តំណែងទាំងអស់៕
1 comment:
Ah Jong Rai Yor Phay Siphan, we will write the letters to the U.S. Congress, Senate and the U.S. President Donald Trump about you, your ministers and relatives in the U.S. The U.S. Citizenship of yours, your relatives, and ministers of illegal CPP government led by Hun Sen (a Yong Yuon or a Vietnamese puppet) will be revoked and will not allow you to enter the U.S and we are trying about our best to ask the European Unions leaders to put you, your CPP ministers and relatives on the black list as well. You should be aware that you will be in the difficult position no matter what you are doing in your life.
Khmer in the U.S.
Post a Comment