ដោយ ខែ សុណង
2017-09-09

ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងដោះលែង លោក កឹម សុខា នៅរដ្ឋវ៉ិកតូរីយ៉ា (Victoria) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។
Photo provided
សហគមន៍ខ្មែរក្នុងប្រទេស៣ នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ជួបជុំគ្នានៅតាមទីក្រុងមួយចំនួនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា ជុំវិញការចាប់ខ្លួនលោក កឹម សុខា ការបញ្ឈប់លែងឲ្យអង្គការអន្តរជាតិ អិន.ឌី.អាយ (NDI) ធ្វើការងារឃ្លាំមើលកិច្ចការបោះឆ្នោត និងការបិទស្ថានីយផ្សាយព័ត៌មានបន្តឲ្យវិទ្យុបរទេស និងបិទស្ថាប័នកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia daily)។ បញ្ហានេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចចាត់ទុកថា រដ្ឋាភិបាលអនុវត្តតាមច្បាប់។
សហគមន៍ខ្មែរនៅក្រៅប្រទេស រួមមាននៅប្រទេសអូស្ត្រាលី (Australia) កាណាដា (Canada) និងប្រទេសបារាំង (France) រាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មលើកបដាដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ស្នើឲ្យគោរពសិទ្ធិមនុស្ស និងសេរីភាពខាងសារព័ត៌មាននៅកម្ពុជា។
តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី លោក ហុង លីម មានប្រសាសន៍ថា បាតុកម្មធ្វើឡើងនៅមុខសាលាក្រុងស្ព្រីងវែល (Springvale Town Hall) ក្នុងរដ្ឋវ៉ិកតូរីយ៉ា (Victoria) មានពលរដ្ឋប្រមាណជាង ៤០០នាក់។ លោកថា ពលរដ្ឋខ្មែរ-អូស្ត្រាលី មិននៅស្ងៀមឡើយចំពោះវិធានការរបស់រដ្ឋាភិបាលដែលបានព្យាយាមកម្ចាត់មេដឹកនាំគណបក្សប្រឆាំងតាមរូបភាពចាប់ខ្លួន និងចោទប្រកាន់ថា ប្រព្រឹត្តអំពើក្បត់ជាតិ ដោយអយុត្តិធម៌។ ក្រៅពីនេះលោកថា សហគមន៍ខ្មែរក៏ទាមទារឲ្យសហគមន៍អន្តរជាតិធ្វើយ៉ាងណាអន្តរាគមន៍ឲ្យមេដឹកនាំប្រទេសកម្ពុជា អនុវត្តស្មារតីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឲ្យបានពេញលេញដែលលោកឃើញថា កំពុងធ្លាក់ចុះយ៉ាងខ្លាំង៖ «ពេលនេះមានអ្នកតំណាងរាស្ត្រពីសហព័ន្ធបានមកពីរនាក់ ម្នាក់ជារដ្ឋមន្ត្រីស្រមោល គាត់ថាស្អីៗដែលលោក កឹម សុខា ធ្វើ គឺជាតួនាទីភារៈជាមុខរបរជាប្រធានគណបក្សប្រឆាំង គេត្រូវធ្វើម៉េចទាក់ទាញឲ្យធ្លាក់រដ្ឋាភិបាលដែលគេផ្សព្វផ្សាយជាគំនិតយោបល់ ហើយមកចាប់គេដាក់គុក វាហួសចិត្តមិនដែលមាន»។
លោក ហុង លីម បញ្ជាក់ថា ទន្ទឹមនឹងគ្នានេះ សហគមន៍ខ្មែរនៅរដ្ឋពីរទៀតក៏ធ្វើបាតុកម្មដូចគ្នាដែរ។ ក្នុងនោះរួមមានសហគមន៍ខ្មែរធ្វើនៅមុខរដ្ឋសភានៅទីក្រុងអាឌីឡែត (Adelaide) ភាគខាងត្បូងប្រទេសអូស្ត្រាលី និងទីក្រុងស៊ីដនី (Sydney) ធ្វើនៅទីតាំងវត្តបូណារិត ហៅវត្តខេមសារាម។
នៅថ្ងៃសៅរ៍ដដែល សហគមន៍ខ្មែរប្រមាណ ៣០០នាក់ ក៏ជួបជុំគ្នាបាតុកម្មនៅមុខរដ្ឋសភា នាទីក្រុងអូតាវ៉ា (Ottawa) ប្រទេសកាណាដា (Canada) ដូចគ្នាដែរ។
បាតុករម្នាក់ក្នុងចំណោមអ្នកតវ៉ាលោកស្រី ទិត្យ ស្រីណាល រស់នៅទីក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា ថ្លែងថា សហគមន៍ខ្មែរបាតុកម្មនៅពេលនេះគឺទាមទារដោះលែងលោក កឹម សុខា និងអ្នកជាប់ពន្ធនាគារដោយអយុត្តិធម៌ និងអ្នកទោសនយោបាយ។ ស្របគ្នានេះ លោកស្រីក៏ស្នើឲ្យប្រទេសកាណាដា ជួយជ្រោមជ្រែង និងឃ្លាំមើលលើកិច្ចការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ៖ «ការធ្វើនេះ គឺយើងអត់បានរៀបចំគម្រោងទុកមុន ពីព្រោះពេលវេលាវាតក់ក្រហល់ ព្រោះយើងប្រតិកម្មរឿងចាប់លោក កឹម សុខា គ្រាន់តែយើងដឹងភ្លាម យើងរៀបចំការទាមទារភ្លាមៗ»។
ចំណែកនៅប្រទេសបារាំងវិញ ក៏មានចលនាបាតុកម្មទាមទារដែរ នៅឯទីលានសិទ្ធិមនុស្ស ទីក្រុងប៉ារីស។ សហគមន៍ខ្មែរដែលចូលរួមបាតុកម្មលោក យុន សារុន ថ្លែងថា សហគមន៍ខ្មែរនៅប្រទេសបារាំង មានការព្រួយបារម្ភជាខ្លាំងចំពោះស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា មួយរយៈពេលចុងក្រោយនេះ។ លោកយល់ថា ប្រទេសកម្ពុជា គ្មានភាពឯករាជ្យរបស់ខ្លួនឡើយគឺរវល់តែពឹងផ្អែកបរទេស ហើយមានការបែកបាក់ពីខ្មែរគ្នាឯងទៅវិញ៖ «ខ្ញុំជាពលរដ្ឋម្នាក់មិនដែលគិតពីនយោបាយកម្ពុជា តាំងពីឆ្នាំ១៩៩ មក ប៉ុន្តែឆ្នាំនេះគឺទ្រាំលែងបាន ព្រោះអីប្រទេសខ្មែរកាន់តែហិនហោចទៅៗ គេធ្វើបាប។ បាតុកម្មនេះយើងខ្ញុំជម្រាបថា យើងមិនទទួលបក្សពួកគណបក្សណាទាំងអស់ គឺទទួលតែសមាគមបម្រើផលប្រយោជន៍ក្នុងសង្គមទាំងអស់ គណបក្សមិនព្រមឲ្យចូលរួមជាមួយទេ»។
ឆ្លើយតបទៅនឹងបាតុកម្មនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ជារូបភាពមួយនៃការសម្ដែងមតិ។ ប៉ុន្តែពលរដ្ឋនៅក្រៅប្រទេសគួរពិចារណាពីតថភាពសង្គម និងច្បាប់ដែលលោក កឹម សុខា ចង់ឃុបឃិតជាមួយបរទេសបំណងផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់ដែលជាទោសក្បត់ជាតិ៖ «និយាយពីប្រសិទ្ធភាព គឺអត់មានទេ ពីព្រោះរដ្ឋាភិបាលត្រឹមត្រូវតាមគោលការណ៍ច្បាប់ ដែលពាក់ព័ន្ធនឹងភស្តុតាង និងឯកសារច្បាស់លាស់ដែលលោក កឹម សុខា បានលាតត្រដាងបើនៅប្រទេសក្រៅ គេព្យួរកបាត់ទៅហើយ ស្រុកខ្មែរអត់មានទោសប្រហារជីវិត លោក កឹម សុខា គាត់សំណាងហើយគាត់ជាប់គុក»។
ដោយឡែកសហគមន៍ខ្មែរនៅតាមបណ្ដារដ្ឋជាច្រើននៅសហរដ្ឋអាមេរិក នឹងមានការរៀបចំធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា នៅរដ្ឋវ៉ាស៊ីនតុន (Washington State) និងរដ្ឋកាលីហ្វ័រញ៉ា (California)។ ក្រៅពីនោះ នៅឯប្រទេសនូវែលហ្សេឡង់ (New Zealand) ក៏មានការទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។
ស្ថានការណ៍ថ្មីៗចុងក្រោយនេះរួមមាន លោកនាយករដ្ឋមន្ត្រីបណ្ដេញបុគ្គលិកបរទេសរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) ចេញពីកម្ពុជា ការបិទទ្វារកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រឿងជំពាក់ប្រាក់ពន្ធ ការហាមមិនឲ្យស្ថានីយវិទ្យុនៅស្រុកផ្សាយបន្តឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក អាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ព្រមទាំងការចាប់ខ្លួនមេដឹកនាំគណបក្សជាបន្តបន្ទាប់ និងចុងក្រោយគឺការចាប់ខ្លួនលោក កឹម សុខា។
អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដុំអង្គការអន្តរជាតិកំពូលៗនៅលើពិភពលោកចុងក្រោយនេះ ព្រួយបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា។ រដ្ឋាភិបាលកាណាដា ចាត់ទុកការចាប់ខ្លួនលោក កឹម សុខា និងការរឹតបន្តឹងលើបណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ នាំឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
1 comment:
Nothing is free in this world.
This Yuon's slave Hun Sen just carried out Yuon's plan to quietly Vietnamize Cambodia.
The Vietnamese had moved into Kampuchea Krom to swallow Kampuchea Krom.
Now, the millions of Vietnamese move into Cambodia to swallow Cambodia.
To accomplish its ultimate goal of swallowing Cambodia, one of Yuon's strategies is to shut Khmer mouth. And Ah Norouk Hun Sen just executed Yuon's orders.
If Khmer Pouch Neak Chambaing Klach Ter Ngorp, don't cry when we don't have a country in the near future. But a true Pouch Neak Chambaing don't Klach Ngorp.
The peaceful protest is an internationally legal means to express our concern, our discontent of something vitally wrong. If we don't help ourselves first, nobody is going to help us. Something that we wanted will not drop from the sky for us. We must pay something to get something.
Bun Thoeun
Post a Comment