ដោយ តាំង សារ៉ាដា
2018-04-17

ទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រូបថតឯកសារពីសារមន្ទីរគុកទួលស្លែង
ក្នុងខួបលើកទី៤៣ ដែលក្រុម ប៉ុល ពត បណ្ដេញពលរដ្ឋ ចេញពីក្រុង ទាញប្រទេសឲ្យធ្លាក់ចូលក្នុងរបបវាលពិឃាដនោះ ពលរដ្ឋដែលធ្លាប់ឆ្លងកាត់កាត់ និងអ្នកដែលកើតមិនទាន់របបនេះ រំលឹកទៅអ្នកនយោបាយ កុំឲ្យទាញកម្ពុជាធ្លាក់ចូលក្នុងរបប កាប់សម្លាប់នេះសាជាថ្មីទៀត។
នាយករដ្ឋមន្ត្រីដែលកាន់ដំណែងយូរជាងគេនៅកម្ពុជា គឺលោក ហ៊ុន សែន បានបំផ្លាញឆន្ទៈពលរដ្ឋ ជាង៣លាននាក់ ដោយការរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់អ្នកនយោបាយ បក្សប្រឆាំង ជាង១០០នាក់មិនឲ្យធ្វើនយោបាយ បណ្ដាលឲ្យពលរដ្ឋបារម្ភថា បើរបបក្រុងភ្នំពេញមិនព្រមចរចារកដំណោះស្រាយនយោបាយទេ នឹងអាចនាំប្រទេសធ្លាក់ចូលក្នុងរបបផ្ដាច់ការជាថ្មី។
ពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប លោក ហាង នាង និយាយថា លោកក៏ដូចពលរដ្ឋផ្សេងទៀតមិនចង់ឲ្យរបបវាលពិឃាដវិលត្រឡប់មកវិញទេ។ លោកបន្តថា វិបត្តិនយោបាយដែលរកច្រកចេញមិនទាន់រួចដូចសព្វថ្ងៃនេះ ដោយសារលោក ហ៊ុន សែន រឹងរុះមិនព្រមទទួលយកការសម្របសម្រួលរបស់អន្តរជាតិ ហើយដែលអាចនាំឲ្យប្រទេសជាតិរងគ្រោះ ដោយសារសង្គ្រាមដូចនៅប្រទេសស៊ីរី ជាឧទាហរណ៍។ «»
ពលរដ្ឋម្នាក់ទៀតលោក កឹម សុវណ្ណ ប្រាប់ថា លោកបារម្ភថា បើគ្មានដំណោះស្រាយនយោបាយទេ ប្រទេសកម្ពុជានឹងជួបវិបត្តធ្ងន់ធ្ងរ រហូតធ្លាក់ចូលរបបផ្ដាច់ការជាថ្មី។ ពលរដ្ឋរូបនេះផ្តាំទៅអ្នកនយោបាយ ជាពិសេសគណបក្សកាន់អំណាចត្រូវពិចារណាឡើងវិញដើម្បីវិលទៅ រកការចរចារតាមការចង់ពីពលរដ្ឋម្ចាស់ឆ្នោត និងមជ្ឈដ្ឋានអន្តរជាតិ។ «»
កាលពីថ្ងៃទី១៧ ខែមេសា ៤៣ឆ្នាំមុន ជាថ្មីរបបវាលពិឃាដខ្មែរក្រហម ឡើងគ្រប់គ្រងប្រទេស និងបណ្ដេញពលរដ្ឋរស់នៅក្រុងភ្នំពេញ ចេញពីផ្ទះសម្បែង។ ពលរដ្ឋខ្មែរជិតពីរលាននាក់ បានបាត់បង់ជីវិត ដោយការសម្លាប់ ការបង្អត់អាហារ និងការធ្វើពលកម្ម ហួសកម្លាំង។ ពលរដ្ឋខ្មែរជាទូទៅយកថ្ងៃនេះ ដើម្បីរៀបចំប្រារព្ធខួបកាន់មរណទុក្ខ សម្ដែងការគោរព និងចងចាំការសម្លាប់រង្គាលនេះ។
នៅថ្ងៃនេះដែរ ពលរដ្ឋមួយចំនួនក៏បានបង្ហាញពីអតីតកាលដ៏ជូរចត់របស់ខ្លួន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។
អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន បានសរសេរ នៅលើហ្វេសប៊ុករបស់លោកថា ពលរដ្ឋត្រូវនាំគ្នាទប់ស្កាត់ឲ្យបាន នូវការវិលទៅរករបបកាប់សម្លាប់នេះសាជាថ្មី។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏មិនភ្លេចកេងចំណេញនយោបាយដោយសរសេរអួតអាងនៅលើប្រព័ន្ធតេឡេក្រាមរបស់លោកថា លោក ហ៊ុន សែន ជាអ្នកពន្លត់ភ្លើងសង្គ្រាម និងការពារសន្តិភាពដូចសព្វថ្ងៃនេះ។
ប៉ុន្តែ លោក ហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរក្រហម ដែលអះអាងថា ជាអ្នករំដោះប្រទេសបាន ក្លាយជាមេដឹកនាំសម្លាប់ ឆន្ទៈរាស្ត្រពាក់កណ្ដាលប្រទេសដែលកំពុងធ្វើឲ្យកម្ពុជាជួបវិបត្តិជាថ្មី។
អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា ពលរដ្ឋសព្វថ្ងៃកាន់តែច្រើនឡើងចាប់ផ្ដើមខ្វាយខ្វល់រឿងនយោបាយ។ លោកលើកឡើងទៀតថា បើគ្មានដំណោះស្រាយនយោបាយទេ ប្រទេសកម្ពុជានឹងអាចធ្លាក់ចូលគន្លងចាស់ឡើងវិញ។ «»
របបក្រុងភ្នំពេញសព្វថ្ងៃកំពុងរងការព្រមានពីអន្តរជាតិ ដោយការផ្ដាច់ជំនួយ ផ្ដាច់ទំនាក់ទំនង និងការវិនិយោគ បើមិនព្រមវិលរកការចរចាដើម្បីស្តាលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការព្រមាននេះបន្ទាប់ពីលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ចាប់លោក កឹម សុខា សកម្មនយោបាយ និងអ្នកកាសែតដាក់គុក។
ថ្លែងពីប្រទេសជប៉ុនកាលពីពេលថ្មីនេះ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន កំពុងដើរតាមគន្លងរបស់ ប៉ុល ពត ហើយបើលោក ហ៊ុន សែន នៅតែរឹងទទឹងមិនព្រមចរចាគឺស្មើនិងការអត្តឃាតខ្លួនឯង៕
No comments:
Post a Comment