Wednesday, 18 April 2018

លោក ប៊្រេដ អាដាម ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅតែ​យក​លំនាំ​តាម​ខ្មែរក្រហម


ដោយ មួង ណារ៉េត
2018-04-17 

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។

Photo: RFA



មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ការដឹកនាំ​របស់​លោក ហ៊ុន សែន ក្រោយ​ការ​ដួល​រំលំ នៃ​របប​ខ្មែរក្រហម រាប់​សិប​ឆ្នាំ​ទៅ​ហើយ​ក្តី ក៏​នៅតែ​យក​តាម​លំនាំ តាម​របៀប​ដឹកនាំ​របស់​ពួក​ខ្មែរក្រហម​ដដែល។ ថ្ងៃទី​១៧ ខែ​មេសា​នេះ ជា​ខួប​លើក​ទី​៤៣ ដែល​របប ប៉ុល ពត បណ្ដេញ​ពលរដ្ឋ​ចេញពី​ក្រុង​ទាញ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់ការ វាល​ពិឃាដ។



នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) លើកឡើង​ថា អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន នៅតែ​អនុវត្ត​របៀប​ដឹកនាំ​បែប​ខ្មែរក្រហម និង​ចូលចិត្ត​ប្រើ​ហិង្សា​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។ ម្យ៉ាងទៀត មិន​ខុស​ពី​ខ្មែរក្រហម លោក ហ៊ុន សែន មិន​ត្រូវ​ការ​អ្នក​ដែល​ហ៊ាន​រិះគន់ ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក​នោះ​ឡើយ៖ «ក្រោយ​ទាហាន​វៀតណាម ដក​ចេញពី​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​លើក​បន្តុប​ឲ្យ​ដឹកនាំ​របប​មួយ ដែល​ប្រើប្រាស់​អំពើ​ទារុណកម្ម ការ​ចាប់​ចង​មនុស្ស​ដាក់គុក​ដាក់​ច្រវ៉ាក់ តាម​អំពើ​ចិត្ត និង​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​គ្រប់​រូបភាព ទៅលើ​អ្នកណា​ក៏ដោយ ឲ្យ​តែ​ហ៊ាន​រិះគន់​គាត់។ លោក ហ៊ុន សែន មិនមែន​ជា​មេដឹកនាំ ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន មិន​គាំទ្រ​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នោះ​ទេ។ ក្នុង​ការ​ដឹកនាំ​របស់​គាត់ គាត់​តែងតែ​ធ្វើ​យ៉ាងណា ចង់បាន​របៀប​ឯក​បក្ស។ តាំងពី​គាត់​កាន់អំណាច​ជាង ៣០ ឆ្នាំ​មកនេះ គាត់​ប្រើ​អំពើ​ហិង្សា​រាប់មិនអស់ ដូចជា​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៩៧ ការ​បោក​គ្រាប់បែក​លើ​អ្នក​តវ៉ា ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅមុខ​រដ្ឋសភា ក្នុង​ឆ្នាំ​១៩៩៧ ការ​សម្លាប់​អ្នកសារព័ត៌មាន ការ​សម្លាប់​មន្ត្រី​បរិស្ថាន និង​ចាប់​មនុស្ស​ដាក់គុក​ដាក់​ច្រវាក់​រាប់​មិន​អស់។ ចុងក្រោយ​នេះ​ទៀត គាត់​បាន​រម្លាយ​គណបក្ស​ប្រឆាំង ចោល​ទាំងស្រុង​តែម្ដង»។

លោក ប្រ៊ែដ អាដាម បញ្ជាក់​ទៀត​ថា ចំណាត់ការ ក្នុង​ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្សប្រឆាំង បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ជាដើម​នេះ គឺ​លោក ហ៊ុន សែន បាន​រុញច្រាន​នាវា​កម្ពុជា ឲ្យ​បើក​បញ្ច្រាស​ទិស ត្រឡប់​ថយក្រោយ​វិញ យ៉ាងហោចណាស់ ២៥​ឆ្នាំ​ទៅ​ក្រោយ។ ម្យ៉ាងទៀត លោក ប្រ៊េដ អាដាម បន្ត​ថា ការ​អួតអាង​របស់​លោក ហ៊ុន សែន ដែល​ថា​លោក ហ៊ុន សែន ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នោះ គឺ​មិន​ពិត​ដូច​មាត់​ថា​នោះ​ទេ៖ «លោក ហ៊ុន សែន អះអាង​ថា គាត់​ជា​អ្នក​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ ប៉ុន្តែ តាម​ការពិត បើ​យើង​ពិនិត្យ​លើ​របាយការណ៍​សិក្សា​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា បង្ហាញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ពុករលួយ​ខ្លាំង ព្រោះ​ក្នុង​រយៈពេល​កាន់អំណាច​របស់​គាត់ គាត់​កើន​ទ្រព្យសម្បត្តិ​ឯកជន​រាប់ពាន់​លាន​ដុល្លារ​ឯណោះ។ តើ​ទ្រព្យ​ទាំងនេះ បាន​មក​ពី​ណា បើ​គាត់​មាន​ប្រាក់ខែ​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​នោះ? មិនតែប៉ុណ្ណោះ ក្រុម​គ្រួសារ​របស់​គាត់ និង បក្សពួក​របស់​គាត់ សុទ្ធ​តែ​ជា​កំពូល​អ្នកមាន​ទ្រព្យ ដូចជា​ឧត្ដមសេនីយ៍​ជាច្រើន រួមមាន​លោក គន់ គីម លោក ហ៊ីង ប៊ុនហៀង លោក នេត សាវឿន ជាដើម។ ហើយ​ទ្រព្យ​ទាំងអស់​នេះ គឺ​បាន​មក​ពី​អំពើពុករលួយ មិនមែន​បាន​មកពី​ប្រាក់ខែ​នោះ​ទេ»។

លោក ប្រ៊ែដ អាដាម បន្ថែម​ទៀត​ថា ដោយសារតែ​អំពើពុករលួយ យ៉ាង​សម្បើម​នេះឯង​ហើយ ទើប​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេស មាន​សភាព​យឺតយ៉ាវ​ខ្លាំង។ តាម​ការសិក្សា​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា គួរតែ​រីក​លូតលាស់​ជាង​នេះ​ឆ្ងាយ​ណាស់ ប្រសិនបើ​មានការ​ដឹកនាំ​ប្រទេស ប្រសើរ​ជាង ការដឹកនាំ​របស់​លោក ហ៊ុន សែន។ លោក ប្រ៊ែដ អាដាម បញ្ជាក់​ទៀត​ថា ប្រាក់​ដ៏​សន្ធឹកសន្ធាប់ បាន​ធ្លាក់​ទៅ​តែ​ក្នុង​ហោប៉ៅ និង កុង​ធនាគារ​របស់​លោក ហ៊ុន សែន និង​ក្រុម​បក្សពួក​របស់​លោក​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ កំពុងតែ​ប្រឹង​ត្រដរ​រស់នៅ ក្នុង​ស្ថានភាព​លំបាក និង​ការ​ខ្វះខាត​ផ្នែក​ជីវភាព។

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​លើកឡើង​របស់​លោក ប្រ៊ែដ អាដាម ថា ជា​សម្តី​អមិត្ត និង​មិន​យល់​សភាពការណ៍​ពិត​នៅ​កម្ពុជា ទើប​ចេះ​តែ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ច្បោលៗ​។ ម្យ៉ាងទៀត​លោក សុខ ឥសាន អះអាង​ថា ជនបរទេស​មិន​យល់ដឹង សុខទុក្ខ​ប្រជាជន​ខ្មែរ ដូច​អ្នក​ដែល​បាន​រស់​ឆ្លងកាត់​សង្គ្រាម​នោះ​ទេ៖ «ខ្ញុំ​យល់ថា​លោក ប្រ៊ែដ អាដាម មិន​បាន​ឆ្លងកាត់​សង្គ្រាម និង​ទុក្ខវេទនា​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដូច​ប្រជាជន​កម្ពុជា​ទេ។ ដូច្នេះ​ការ​វាយតម្លៃ​របស់​គាត់ មិន​អាច​ចាត់​ទុក ថា ជា​ការពិត​ជាក់ស្ដែង​នោះ​ទេ»។

លោក សុខ ឥសាន បន្ត​ថា កុំ​តែ​បាន​គណបក្ស​ប្រជាជន ដែល​មាន​លោក ហ៊ុន សែន ចូលរួម​រំដោះ​ប្រទេស​កម្ពុជា ពី​របប​ខ្មែរក្រហម ម្ល៉េះ​សម ប្រទេស​កម្ពុជា​គ្មាន​ទេ ប្រទេស​កម្ពុជា ដូច​សព្វថ្ងៃ​នេះ​នោះ។

ទោះជា​យ៉ាង​នេះ​ក្តី​លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ជា​អ្នក​រំដោះ​ប្រទេស​កម្ពុជា​នោះ​ទេ។ តាមពិត គឺ​ប្រទេស​វៀតណាម ឯណោះ​ទៅវិញ​ទេ ដែល​ជា​អ្នក​ផ្តួល​រំលំ​របប​ខ្មែរក្រហម ដោយ​គ្រាន់តែ​យក​ចលនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​លេស ក្នុង​ការ​ឈ្លានពាន​ប្រទេស​កម្ពុជា ហើយ​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​កាន់ការ​ជា​រដ្ឋមន្ត្រីការ​បរទេស ក្រោម​បញ្ជា​ផ្ទាល់​ពី​ទីក្រុង​ហាណូយ ប៉ុណ្ណោះ៕

1 comment:

Anonymous said...



59 Countries granted visa-free access to Hainan, but there is no Cambodia whose PM is a ball licker.

http://www.scmp.com/business/china-business/article/2142259/us-among-59-countries-granted-visa-free-access-chinas-resort