Sunday, 29 April 2018

ពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក​គ្រោង​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​បោះ​ទីតាំង​វាយ​ថ្មភ្នំ


ដោយ ​អាស៊ីសេរី
2018-04-29


https://www.rfa.org/khmer/news/health/Villagers-in-Banteymeanchey-complain-about-medical-staffs-do-not-care-patients-12092014072608.html/bchey-620.jpg/image
ផែនទី​ខេត្ត​បន្ទាយមានជ័យ
Photo: RFA



ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ គ្រោង​លើកគ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន គង់ មាន បោះ​ទីតាំង​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ក្នុង​ពេល​ឆាប់ៗ​។ ពលរដ្ឋ​និង​មេភូមិ​គោកកី​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​តវ៉ា ដោយសារ​ក្រុមហ៊ុន​នេះ​កំពុង​ដាក់​គ្រឿងចក្រ​បោះ​ទីតាំង​ដើម្បី​វាយ​ថ្មភ្នំ​យក​ទៅ​លក់ ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅឡើយ។

ប្រជាពលរដ្ឋ និង​មេភូមិ​គោកកី លើកឡើង​ថា ពួកគាត់​មិន​ចង់​តវ៉ា​ទេ ប៉ុន្តែ​គ្មាន​ជម្រើស​ផ្សេង​ដែល​អាច​បញ្ឈប់​ក្រុមហ៊ុន​គង់ មាន ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នៅ​តំបន់​ពួកគាត់​រស់នៅ​បាន។

មេភូមិ​គោកកី លោក ឌិន បាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ មេសា ថា ក្រុមហ៊ុន គង់ មាន កំពុង​បោះ​ទីតាំង​ធ្វើ​អាជីវកម្ម​វាយកម្ទេច​ថ្ម​នៅ​ភ្នំ​តាដុង ឃុំ​តាផូ ស្រុក​ស្វាយចេក យ៉ាង​មមាញឹក ចំណែក​ពួកគាត់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​និង​ស្រុក​រួចហើយ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ៖ «តំបន់​នេះ​ជាទី​កន្លែង​សំខាន់​បំផុត​ក្នុងស្រុក​ស្វាយចេក ឃុំ​តាផូ ហើយ​មាន​ប្រាសាទ មាន​អាង​ប្រាសាទ​ប្រាំ ទីកន្លែង​ទេសចរណ៍ របស់​ប្រជាពលរដ្ឋ​ទៅ​លែង​កម្សាន្ត ហើយ​ជា​ជម្រក​សត្វ​កម្រ ដូចជា ឈ្លូស ទន្សាយ ជ្រូកព្រៃ សត្វ​ស្លាប​មាន សត្វ​ចង្កៀលខ្យង សត្វ​កុក និង​សត្វ​ផ្សេងៗ​។ ហើយ​ប្រសិនបើ​យក​គ្រឿងចក្រ​ទៅ​ធ្វើ​នៅ​តំបន់​នោះ ធ្វើ​ឲ្យ​ជម្រក​សត្វ​ដែល​ស្ទើរ​ដាច់​ពូជ​គ្មាន​ទីជម្រក​ទេ»។

ចំណែក​តំណាង​ពលរដ្ឋ​នៅ​ឃុំតាផូ អ្នកស្រី ណក់ ផាន្នី អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ វាយកម្ទេច​ថ្មភ្នំ​តាដុង គឺ​បាន​ប៉ះពាល់​ខ្លាំង​ដល់​ផលដំណាំ និង​ថ្នូរ​កប់​សព​ដូនតា​របស់​ពួកគាត់ ដូច្នេះ​ពួកគាត់​ត្រូវតែ​រារាំង​ក្រុមហ៊ុន​នេះ​មិន​អោយ​ធ្វើ​សកម្មភាព​បានជា​ដាច់ខាត៖ «ខ្ញុំ​សំណូមពរ​សុំ​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​នេះ ដើម្បី​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ​ភ្នំ​ផង ព្រោះ​ដី ភ្នំ​តូច​ណាស់ ហើយ​ចម្ការ​ដំណាំ​ដាំ​ដុះ​នៅ​ជុំវិញ​ភ្នំ​តែម្ដង។​ ដូច្នេះ​ទាំង​ពួក​ខ្ញុំ និង​មេភូមិ​គោកកី ចេះតែ​នាំគ្នា​សំណូមពរ​សុំ​តវ៉ា​ឈប់​ឲ្យ​ឈូស​ឆាយ​ភ្នំ»។

មេភូមិ​គោកកី លោក ឌិន បាន់ មាន​ប្រសាសន៍​ថា នៅ​លើ​ភ្នំ​នេះ​មាន​ទូល​ប្រាសាទ​បូរាណ​ចំនួន​៣​កន្លែង ដែល​ជា​ទី​សក្ការៈ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​ជា​រៀងរាល់​ឆ្នាំ​ពលរដ្ឋ​ក្នុង​ឃុំ​តាផូ និង​ឃុំ​ក្បែរ​ខាង តែងតែ​នាំគ្នា​ទៅ​ធ្វើ​បុណ្យទាន​នៅ​លើ​ភ្នំ​មួយ​នេះ​ជាប្រចាំ។

អាស៊ីសេរី​ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន គង់ មាន និង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២៩ មេសា។

ចំណែក​អភិបាលស្រុក ស្វាយចេក លោក លឿង សុភ័ក្រ ធ្លាប់​មាន​ប្រសាសន៍​ថា លោក​មិនទាន់​អាច​បំភ្លឺ​ចំពោះ​រឿង​នេះ​បានទេ ល្គឹកណា​មិន​មាន​បទបញ្ជា​ពី​មន្ត្រី​ថ្នាក់លើ​នោះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​នៅ​​​លើ​ភ្នំ​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការរស់នៅ របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ហើយ​លោក​ថា បញ្ហា​ដែល​ខ្លាំង​ជាងគេ​គឺជា​ភ្នំ​ដែល​ជា​ទីសក្ការ​របស់​អ្នកភូមិ ដែល​ពួកគាត់​មាន​ជំនឿ​តាំងពី​យូរលង់​ណាស់​មក​ហើយ៖ «ពួកគាត់​ខំ​តវ៉ា​អី​នឹង​ដើម្បី​រក្សា​ភ្នំ ព្រោះថា​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​ដែល​គាត់​ត្រូវ​និទាន​ប្រាប់​កូនចៅ​ជំនាន់​ក្រោយ ដែល​មាន​រឿងរ៉ាវ​មាន​ច្រើន ទាក់ទង​នឹង​អប្បិយជំនឿ​ផង ប្រវត្តិ​អី​ផ្សេងៗ​ផង។ យើង​បាន​សាកសួរ​ពួកគាត់​អំពី​បញ្ហា​នឹង​ដែរ អីចឹង​បានជា​ពួកគាត់​ខំ​តវ៉ា​ដើម្បី​ថា​ធ្វើ​អី​ធ្វើ​ចុះ​កុំ​ឲ្យ​នាំគ្នា​ទៅ​បំផ្លាញ​ភ្នំ ព្រោះ​បើ​នាំគ្នា​ទៅ​បំផ្លាញ​អីចឹង​ពេល​ក្រោយ​ក្មេងៗ​លេង​ស្គាល់​ភ្នំ​ហើយ»។

ពលរដ្ឋ​អះអាង​ថា​ក្រុមហ៊ុន​បើក​ដំណើរការ​ទៅ​បាន ដោយសារ​មាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ហើយ​មេឃុំ​នឹង​អាជ្ញាធរ​ស្រុក មិន​ហ៊ាន​ចាត់វិធានការ​លើ​រឿង​នេះ​ទេ។ មេភូមិ​គោកកី​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​តាផូ ប្រមាណ​១​ពាន់​នាក់ គ្រោង​នាំគ្នា​តវ៉ា​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន គង់ មាន កំពុង​បោះ​ទីតាំង​នៅ​ចង្កេះភ្នំ​តាដុង ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​នៅ​ដើម​ខែ​ឧសភា​ខាងមុខ៕

No comments: