ដោយ អាស៊ីសេរី
2018-04-29

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ផ្សាយលើកចុងក្រោយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
Photo: RFA
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានក្នុងរបបក្រុងភ្នំពេញ បានប្រកែកថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនបានធ្លាក់ចុះទេ បើទោះជាអង្គការអ្នកកាសែតអន្តរជាតិ បានរកឃើញថា របបក្រុងភ្នំពេញ បានធ្វើទុក្ខបុកម្នេញ សារព័ត៌មានឯករាជ្យយ៉ាងណាក៏ដោយ។ សង្គមស៊ីវិលឃ្លាំមើលសេរីភាពសារព័ត៌មានសង្កេតឃើញថា របបក្រុងភ្នំពេញ បានធ្វើទុក្ខបុកម្នេញ និងបំបិទសេរីភាពសារព័ត៌មានខ្លាំងជាងរបាយការណ៍ របស់អង្គការអ្នកកាសែតគ្មានព្រំដែនបានរកឃើញនោះទៅទៀត។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ថ្លែងកាលពីថ្ងៃទី២៩ មេសា ក្នុងសិក្ខាសាលា ស្ដីពីការលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្ដល់ព័ត៌មានការបោះឆ្នោតជាតិឆ្នាំ២០១៨ ថា ការវាយតម្លៃ សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ ជាការវាយតម្លៃតែមួយជ្រុង។
ទន្ទឹមគ្នានេះ លោកក៏បានអះអាងថា របបក្រុងភ្នំពេញ មានសេរីភាពសារព័ត៌មានល្អជាងប្រទេសក្នុងតំបន់អាស៊ាន។ «»
របាយការណ៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៨ រកឃើញថា សេរីភាពសារព័ត៌មាន នៅកម្ពុជា ក្នុងរបបលោក ហ៊ុន សែន បានធ្លាក់ចំណាត់ថ្នាក់ខ្លាំង មិនធ្លាប់មាន ដោយសារការធ្វើទុក្ខបុកម្នេញ មកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរឹតត្បិតសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។
តាមរយៈសន្ទស្សន៍នៃសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៨ ដែលចងក្រងដោយអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលចេញផ្សាយនៅថ្ងៃ ពុធ ទី២៥ ខែមេសា បង្ហាញថា ប្រទេសកម្ពុជា បានចំណាត់ថ្នាក់អាក្រក់ផ្នែកសេរីភាពសារព័ត៌មាន ដោយឈរនៅលេខរៀង ទាបជាងប្រទេសអាស៊ានដូចគ្នា ដូចជាទាបជាងប្រទេសថៃ និងភូមា ជាដើម។ ប៉ុន្តែ គ្រាន់បើជាងប្រទេស ឡាវ វៀតណាម ប្រ៊ុយណេ និង សិង្ហបុរី។ របាយការណ៍ដដែលបានបង្ហាញទៀតថា របបលោក ហ៊ុន សែន កំពុងចម្លងតាមគំរូប្រទេសចិនកុម្មុយនិស្ត ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្រស្ថាប័នរដ្ឋ និងបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
បើទោះជារាល់ៗឆ្នាំរបប លោក ហ៊ុន សែន អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពប្រសើរជាងប្រទេសដទៃ ដោយសារមានទូរទស្សន៍ និងប្រព័ន្ធឃោសនាច្រើនក៏ពិតមែន ប៉ុន្តែ ពលរដ្ឋមើលឃើញថា ប្រព័ន្ធឃោសនារបបលោក ហ៊ុន សែន អួតអាង សុទ្ធតែជាឧបករណ៍ឃោសនាឲ្យរបបលោក។
ប្រទេសកម្ពុជា ក្រោមការដឹកនាំបែបឯកបក្ស និងផ្ដាច់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្រាញអំណាចជាង ៣៣ ឆ្នាំមកនេះ ត្រូវបានអង្គការផ្នែកសេរីភាពសារព័ត៌មានវាយតម្លៃថា បានធ្លាក់ចំណាត់ថ្នាក់យ៉ាងគំហុក រហូតដល់ ១០លេខ គឺធ្លាក់ពីលេខ ១៣២ ក្នុងឆ្នាំ២០១៧ មកលេខ ១៤២ ក្នុងឆ្នាំ២០១៨ នេះ គឺក្នុងចំណោមប្រទេស ១៨០។
ប្រធានមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានកម្រិតធ្ងន់ធ្ងរជាងរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែនទៅទៀត ដោយសាររបបក្រុងភ្នំពេញ បានបើកចំហរយុទ្ធនាការបំបិទសេរីភាពសារព័ត៌មាននៅកម្ពុជា។ លោក ប៉ា ងួនទៀង ហៅការអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពប្រសើរ ជាការលើកឡើងដោយមិនបានសិក្សាស្រាវជ្រាវ និងធ្វើឡើងដើម្បីផ្គាប់ចិត្តមេដឹកនាំរបបក្រុងភ្នំពេញ។ «»
សារព័ត៌មានឯករាជ្យនៅកម្ពុជា ដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវបង្ខំចិត្តបិទទ្វារ ឈប់ដំណើរការ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៧ ក្រោយពីបើកដំណើរការបានជាង ២៤ ឆ្នាំ នៅប្រទេសកម្ពុជា។ ការបិទទ្វារសារព័ត៌មានសេរីនេះ គឺដោយសារតែការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល ក្រោមហេតុផល ពាក់ព័ន្ធរឿងជំពាក់ពន្ធរដ្ឋ ដែលអគ្គនាយកដ្ឋានពន្ធដារ អះអាងថា ស្ថាប័នសារព័ត៌មាននេះ ជំពាក់លុយជាង ៦.៣ លានដុល្លារ។ ម្ចាស់កាសែតនេះ គឺអ្នកស្រី ដេប្រា គ្រីស័រស្ទៀល (Deborah Krisher-Steele) ចាត់ទុកការកំណត់ ឲ្យបង់ពន្ធដ៏សន្ធឹកសន្ធាប់បែបនេះ គឺជារឿងនយោបាយ និងថាអាជ្ញាធរមានចេតនា បំផ្លាញកាសែតរបស់អ្នកស្រី។
មុនការបិទកាសែត ខេមបូឌា ដេលី តែមួយសប្ដាហ៍ កាលពីចុងខែសីហា ឆ្នាំ២០១៧ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី សម្រេចចោទប្រកាន់លោក អូន ភាព និង មិត្តរួមអាជីពរបស់លោក ដែលជាជនជាតិកាណាដា ឈ្មោះ សមប័រ ភីធ័រ (Zsombor Peter) ដែលសុទ្ធតែជាអ្នកកាសែត ខេមបូឌា ដេលី ពីបទញុះញង់ ដោយសារតែអ្នកទាំងពីរ សម្ភាសអ្នកភូមិ និងមន្ត្រីឃុំ នៅភូមិគងយុ និងភូមិគងធំ ក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ក្នុងអំឡុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧។ លោក អូន ភាព ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញនេះ។ ឥឡូវនេះ លោកបានមកដល់សហរដ្ឋអាមេរិកហើយ។
របបក្រុងភ្នំពេញ ក៏បានបញ្ជាឲ្យក្រុមហ៊ុនអ៊ីនធឺណិតនៅកម្ពុជា ត្រូវរកវិធីធ្វើយ៉ាងណា បិទមិនឲ្យពលរដ្ឋអាចមើលឃើញព័ត៌មាន ដែលបង្ហោះក្នុងវេបសាយកាសែតមួយនេះថែមទៀត។
ចំណែកវិទ្យុអាស៊ីសេរី ក៏ត្រូវបង្ខំចិត្ត បិទការិយាល័យរបស់ខ្លួននៅកម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ នោះដែរ ដោយសារតែមិនអាចស៊ូទ្រាំ នឹងការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង ពីសំណាក់អាជ្ញាធរ របបលោក ហ៊ុន សែន ដូចគ្នាដែរ។ ទោះបីវិទ្យុអាស៊ីសេរី បិទការិយាល័យ រំសាយបុគ្គលិកទាំងអស់នៅភ្នំពេញហើយក៏ដោយ ក៏ការធ្វើទុក្ខបុកម្នេញ នៅតែមិនស្រាកស្រាន្តពីរបបលោក ហ៊ុន សែន រហូតមានការចាប់ខ្លួន អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និង យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ដោយការចោទប្រកាន់គ្មានមូលដ្ឋានឡើយ។ អ្នកទាំងពីរ កំពុងតែជាប់ពន្ធនាគារ ដោយអាជ្ញាធរចោទប្រកាន់ ពីបទប្រគល់ឲ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិ ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ ការចោទប្រកាន់ ដែលអ្នកទាំងពីរបដិសេធទាំងស្រុង។
ស្របពេលដែលសេរីភាពសារព័ត៌មាន រងការធ្វើទុក្ខបុកម្នេញ និងបង្ក្រាប សេរីភាពក្នុងការបញ្ចេញមតិ ក៏រងការគំរាមកំហែង និងរឹតត្បិតយ៉ាងខ្លាំងដែរ។ អ្នកហ៊ានបញ្ចេញមតិរិះគន់របបលោក ហ៊ុន សែន តាមបណ្ដាញសង្គមហ្វេសប៊ុក រងការចាប់ខ្លួន ដាក់ពន្ធនាគារជាហូរហែ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋខ្មែរទូទៅ រងការគំរាមកំហែង និងបំភិតបំភ័យយ៉ាងខ្លាំង ដោយសារការរំលោភសិទ្ធិឯកជន ក្នុងការលួចស្ដាប់សារសន្ទនាគ្នា តាមទូរស័ព្ទ យ៉ាងរាលដាល និងគ្មានការដាក់ទោសទណ្ឌ ចំពោះជនដែលបំពានសិទ្ធិឯកជនបែបនេះ នោះឡើយ។ មកដល់ពេលនេះ មានមនុស្សតិចតួចណាស់ ដែលហ៊ានបញ្ចេញមតិរិះគន់របបក្រុងភ្នំពេញ ដោយសារភ័យខ្លាចការធ្វើចាប់ដាក់ពន្ធនាគារ។
ទោះយ៉ាងណា សហគមន៍អន្តជាតិ មានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ចាត់ទុកការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយ និងការបំបិទសេរីភាពបញ្ចេញមតិ ជាផ្នែកមួយនៃការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ហើយស្នើឲ្យរបបលោក ហ៊ុន សែន ប្រញាប់ពិចារណាឡើងវិញ ដើម្បីស្ដារស្ថានការណ៍អាក្រក់នេះ បើមិនចង់ឲ្យមានទណ្ឌកម្មបន្ថែម៕
No comments:
Post a Comment