ដោយ ហេង សកល
2018-04-03
rfa

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មករនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។
Photo courtesy of SPM Facebook's page
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាលោក អាត់ ធន់ អះអាងថា ចំណាត់ការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្ដល់សេវារថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ឬកម្មករជិះទៅមកពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខ ជាការឃោសនាមុនការបោះឆ្នោតដើម្បីទាក់ទាញឱ្យប្រជាពលរដ្ឋ ឬកម្មករបោះឆ្នោតជូនគណបក្សកាន់អំណាច៖ «មួយរយៈនេះគាត់បានចុះទៅតាមរោងចក្រហើយក៏ដូចជាការផ្ដល់សេវាផ្សេងៗ ខ្ញុំគិតថា នេះជាឥរិយាបថមួយដែលគាត់គិតគូរពីខាងកម្មករ អ៊ីចឹងប្រាកដហើយ ដែលគាត់ពិតចង់បានការគាំទ្រមកវិញហើយ ព្រោះគាត់ជាអ្នកនយោបាយ»។
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី០៣ ខែមេសា លោក ហ៊ុន សែន បានប្រកាសឱ្យរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ រត់នៅលើផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅរដូវបុណ្យចូលឆ្នាំថ្មីដោយឥតគិតថ្លៃ។
ការដឹកជញ្ជូននេះនឹងចាប់ផ្ដើមចេញដំណើរនៅវេលាម៉ោង៥ព្រឹក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ មានចំនួនប្រាំខ្សែរត់ រួមមាន ទីតាំងទី១ នៅមហាវិថី សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស បិន (Mecredes Benz) សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ទីតាំងទី២ នៅចំណុចផ្លូវជាតិលេខ៣ ហួសរង្វង់មូលចោមចៅ នៅជិតបញ្ជាការដ្ឋានកងពលតូចលេខ៧០ សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ទីតាំងទី៣ នៅចំណុចប្រសព្វផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ទីតាំងទី៤ នៅចំណតសួនឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) ផ្លូវជាតិលេខ៥ សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ទីតាំងទី៥ នៅចំណុចផ្លូវបេតុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅខេត្តកំពង់ធំ និងខេត្តសៀមរាប។
ការប្រកាសយកចិត្តកម្មករនេះ ស្របពេលដែលការបោះឆ្នោតជាតិខិតជិតមកដល់ ហើយគណបក្សកាន់អំណាចបានបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងពីរលើក គឺការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដែលធ្វើឱ្យលោក ហ៊ុន សែន ប្ដូរយុទ្ធសាស្ត្រមកយកចិត្តកម្មករ៖ «ខ្ញុំកំពុងច្បាមនៅមុខសញ្ញាកម្មករដែលខ្ញុំគិតថា វានឹងអាចឱ្យក្នុងជួរកម្មករប្រែពណ៌ ដែលបងប្អូនយើងគិតថា កម្មករ គឺជាកម្លាំងគាំទ្របក្សប្រឆាំង ក៏ប៉ុន្តែផ្ទុយទៅវិញទេឥឡូវនេះស្ថានភាពនៅក្នុងជួរកម្មករមានការប្រែពណ៌ហើយ ។ល។»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់លើកឡើថា អំពើរបស់លោក ហ៊ុន សែន នេះ គ្រាន់តែការបោកបញ្ឆោតប្រជាពលរដ្ឋ ឬកម្មករដើម្បីចង់បានសន្លឹកឆ្នោតតែប៉ុណ្ណោះ។ លោកថា ប្រសិនបើលោក ហ៊ុន សែន ចង់ជួយដល់កម្មករពិតប្រាកដមែន ត្រូវតែតម្កើងប្រាក់ខែឱ្យកម្មករគ្រប់រូបទូទាំងប្រទេសឱ្យបានយ៉ាងតិច៣០០ដុល្លារអាមេរិកក្នុងមួយខែ៕
1 comment:
Hun Sen,
There is an arrow line in the the middle of your neck point up through your head.
This is a deadly sign, either you lose your power or you go to hell to live with Sok Ann.
Post a Comment