ដោយ មាន ឫទ្ធិ
2018-04-03

លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។
Photo screenshot
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរិះគន់មន្ត្រីនគរបាលជាតិ ដែលចាប់បានជនល្មើស ៦នាក់ ប៉ុន្តែរឹបអូសបានផលិតផលខូចគុណភាពរាប់សិបតោន។ លោក ស ខេង ថា ការចាប់បានជនល្មើសបានតិចតួចនេះ មិនស៊ីសង្វាក់ទៅនឹងវត្ថុតាងដែលរឹបអូសបាន។
ការប្រតិកម្មរបស់ លោក ស ខេង ធ្វើឡើងនៅក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង ៦០តោន នៅបរិវេណជាប់នឹងសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ មេសា។ នៅចំពោះមុខ ឯកអគ្គរាជទូតជប៉ុន និងឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា លោក ស ខេង មិនបានស្ដីបន្ទោសអ្នកលក់គ្រឿងសំអាង ឬអ្នកលក់ផលិតផលខូចគុណភាព ទ្រង់ទ្រាយតូច តាមផ្ទះ ឬតាមតូបទេ ដោយលោកអះអាងថា អ្នកលក់ទាំងនោះ ក៏ជាជនរងគ្រោះដែរ។ ប៉ុន្តែ អ្នកដែលល្មើសច្បាប់ គួរតែជាអ្នកផលិត។ «»
គេហទំព័ររបស់ក្រសួងមហាផ្ទៃ ចុះផ្សាយថា រយៈពេលពេញមួយឆ្នាំ២០១៧ សមត្ថកិច្ច បង្ក្រាបបទល្មើសនាំចូល ស្តុកទុក និងចែកចាយសារធាតុគីមីខុសច្បាប់ កែច្នៃ និងចែកចាយផលិតផល ពីសាច់សត្វដោយខុសច្បាប់ ផលិត ការកែច្នៃគ្មានស្តង់ដារ និងគ្មានអនាម័យ សរុបចំនួន ៥៩៧.៥តោន ឃាត់ខ្លួនមនុស្សចំនួន ០៦នាក់ បញ្ជូនទៅកាន់តុលាការ។
ចំណែកផលិតផលក្លែងក្លាយខុសច្បាប់ត្រូវបានយកមកកម្ទេចចោល នៅព្រឹកថ្ងៃទី០៣ មេសានេះ ជាផលិតផលខូចគុណភាពដែលសមត្ថកិច្ច បង្ក្រាប និង រឹបអូសពីជនល្មើស កាលពី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មានចំនួនជាង ៦០តោន។ កាលណោះ សមត្ថកិច្ចរឹបអូសពីជនល្មើស ចំនួន ០៣ ទីតាំង គឺក្នុងរាជធានីភ្នំពេញ ០១ ទីតាំង និងខេត្តកណ្តាល ចំនួន ០២ ទីតាំង ដោយអនុវត្តតាមការបង្គាប់របស់តុលាការ។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានស្រង់សម្ដី ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក មៀច សុផាន់ណា ដោយលើកឡើងថា សមត្ថកិច្ចបានបញ្ជូនជនល្មើសទៅតុលាការតាមនីតិវិធី រហូតទទួលបានការសម្រេចពីតុលាការ ផ្ដន្ទាទោសជនល្មើសចំនួន ០៣ នាក់ ដោយម្នាក់ៗ ជាប់ពន្ធនាគារ ០១ ឆ្នាំ និងសម្រេចរឹបអូសវត្ថុតាង ម៉ាស៊ីនផលិតចំនួនជាច្រើនគ្រឿង និងរថយន្ត ០១គ្រឿង ជាសម្បត្តិរដ្ឋ។
តុលាការក៏បានបង្គាប់ឲ្យសមត្ថកិច្ច ធ្វើការកម្ទេចចោលវត្ថុតាងគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ ចំនួនជាង ៦០តោន ដែលចាប់បាន ពីព្រោះថា វត្ថុតាងទាំងអស់នេះ បញ្ជាក់ថា វាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ ផលិតផលគ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ ចម្រុះជាច្រើនមុខ ដែលត្រូវបានកម្ទេចចោល មានដូចជា ថ្នាំលាបសក់ ថ្នាំអប់សក់ សាប៊ូលាងមុខ សាប៊ូកក់សក់ ម្សៅលាបមុខ ឡេលាបស្បែក ក្រេមលាបមាត់ ស្ព្រៃយ៍បាញ់សក់ ទឹកអប់ ជាដើម សរុបចំនួនជាង ៦០តោន។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការរិះគន់របស់លោក ស ខេង ជារឿងត្រឹមត្រូវ។ សង្គមស៊ីវិលផ្ដល់ទស្សនៈថា ការចាប់ជនល្មើសមិនសាកសម នឹងវត្ថុតាង ដោយសារតែមានអំពើពុករលួយ។ លោក សន ជ័យ យល់ថា ប្រសិនបើស្ថានភាពភាពអំពើពុករលួយនៅតែមាន ការបង្ក្រាបមេក្លោងផលិតផលខុសច្បាប់ នៅតែមិនមានតម្លាភាព។ «»
លោក ស ខេង ឲ្យដឹងថា គ្រឿងសម្អាងជាង ១០០តោន ដែលត្រូវកម្ទេចចោលនេះ គ្រាន់តែជាចំណែកមួយ ដែលតុលាការបានបញ្ចប់នីតិវិធី ហើយបានអនុញ្ញាតឲ្យកម្ទេចចោលតែប៉ុណ្ណោះ នៅមានផលិតផលក្លែងក្លាយរាប់រយតោនទៀត ដែលបង្ក្រាបបាន ហើយកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ រាល់ផលិតផលក្លែងក្លាយទាំងអស់ អាចនឹងត្រូវធ្វើការកម្ទេចចោលជាបន្តបន្ទាប់ទៀត នៅពេលការជំនុំជម្រះនៅតុលាការរួចរាល់ជាស្ថាពរ៕
No comments:
Post a Comment