Tuesday, 1 May 2018

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដាក់​លក្ខខណ្ឌ​៤ចំណុច​ដើម្បី​ចូលរួម​ការបោះឆ្នោត


ដោយ មួង ណារ៉េត
2018-04-30

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ឆ្វេង) និង​ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ លោក យ៉ង សាំងកុមារ (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ឆ្វេង) និង​ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ លោក យ៉ង សាំងកុមារ (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA



គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អះអាង​នៅ​ថ្ងៃ​ទី៣០ មេសា​នេះ ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ចំនួន ៤ ចំណុច ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាងមុខ។ គណបក្ស​នេះ​បញ្ជាក់​ថា ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​មិន​ត្រូវ​បាន​អនុវត្ត​ទេ​នោះ គណបក្ស​នឹង​ដក​ខ្លួន​ចេញពី​ការបោះឆ្នោត។ អ្នកវិភាគ​នយោបាយ យល់​ឃើញ​ថា លក្ខខណ្ឌ​របស់​បក្ស​នេះ មិនមែន​ជា​ចំណុច​សំខាន់​សម្រាប់​ដំណើរការ​បោះឆ្នោត​ខាងមុខ​នោះ​ឡើយ ហើយ​ស្នើ​ឱ្យ​បក្ស​នេះ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​ពី​ប្រជាប្រិយភាព​របស់​ខ្លួន ប្រសិនបើ​សម្រេចចិត្ត​ចូលរួម​ការបោះឆ្នោត​មែន​នោះ។



លក្ខខណ្ឌ​ចំនួន ៤ ចំណុច​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ជា​បក្ស​កើត​ចេញ​ពី​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នោះ គឺ​ទី​មួយ គ្មាន​ការ​រំខាន​ចំពោះ​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្ស ដូចជា ការ​លើក​ស្លាក ការ​ជួបជុំ​សមាជិក និង​អ្នកគាំទ្រ​របស់​ខ្លួន ទី​ពីរ មិន​មាន​ការ​គំរាមកំហែង​ក្រោម​រូបភាព​ផ្សេងៗ​លើ​បេក្ខជន សកម្មជន និង​អ្នកគាំទ្រ​របស់​គណបក្ស ទី​បី ផ្ដល់​ភាព​យុត្តិធម៌​ចំពោះ​ការ​ផ្សព្វផ្សាយ​អំពី​គណបក្ស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ និង​ចុងក្រោយ​គឺ​ការ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ដើម្បី​ចូលរួម​ឱ្យ​បាន​ពេញលេញ​ក្នុង​ដំណើរការ​បោះឆ្នោត។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន អះអាង​ថា ចំណុច​ទាំង ៤ នេះ គឺជា​លក្ខខណ្ឌ​ដែល​គណបក្ស​នឹង​យក​ទៅ​ពិចារណា​ក្នុង​ការ​សម្រេច​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​ខាងមុខ។ «»

លោក​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​បក្ស​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី៦ ឧសភា ខាងមុខ ដើម្បី​ធ្វើការ​សម្រេច​ចុងក្រោយ​ថា​តើ គណបក្ស​នឹង​ចូលរួម ឬ​មិន​ចូលរួម​ការបោះឆ្នោត​នោះ។ លោក​បន្ត​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចង់​ឃើញ​បរិយាកាស​នយោបាយ​ល្អ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ។ លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តាមដាន​ឱ្យ​បាន​ដិតដល់​ចំពោះ​ដំណើរការ​បោះឆ្នោត និង​ស្វែងយល់​អំពី​គណបក្ស​នយោបាយ​នីមួយៗ ទោះបីជា​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ មានដំណើរ​ការ​ធាក់​ថយ​យ៉ាង​ណា​ក្ដី។ «»

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ ថ្លែង​ថា ការ​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​សម្រាប់​ចូលរួម​ការបោះឆ្នោត​តំណាងរាស្ត្រ​នេះ គឺជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស ប៉ុន្តែ​លោក​យល់ឃើញ​ថា តម្លៃ​នៃ​ការ​បោះឆ្នោត​មិន​ស្ថិត​នៅ​លើ​ចំណុច​ទាំង ៤ ដែល​គណបក្ស​នេះ​បាន​ដាក់​ចេញ​នោះ​ទេ។ លោក​បន្ត​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គួរ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​អំពី​ប្រជាប្រិយភាព​របស់​ខ្លួន ប្រសិនបើ​សម្រេចចិត្ត​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ ពីព្រោះ​ម្ចាស់​ឆ្នោត​រាប់​លាន​បាន​បាត់បង់​ជំនឿ​លើ​ការបោះឆ្នោត​នេះ​រួច​ទៅ​ហើយ លើកលែងតែ​របប​ក្រុងភ្នំពេញ ស្ដារ​ស្ថានការណ៍​នយោបាយ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ និង​បើក​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ​ដែរ​តែប៉ុណ្ណោះ។ «»

មក​ទល់​នឹង​ពេលនេះ មាន​តែ​គណបក្ស​អំណាច​ខ្មែរ​មួយ​ប៉ុណ្ណោះ ដែល​បាន​ប្រកាស​ធ្វើ​ពហិការ មិន​ចូលរួម​ការបោះឆ្នោត​នា​ពេល​ខាងមុខ ដោយ​គណបក្ស​នេះ​បាន​ចោទ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថា មិន​ឯករាជ្យ ធ្វើ​ការ​មិន​បាន​ល្អ និង​ដោយសារ​ស្ថានភាព​នយោបាយ​ច្របូកច្របល់​គ្មាន​ដំណោះស្រាយ។

ទោះបីជា​បែបនេះ​ក្តី គ.ជ.ប អះអាង​ថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​ដូច​ការ​គ្រោងទុក ហើយ​ការប្រកាស​មិន​ចូលរួម​ការបោះឆ្នោត គឺជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ​នីមួយៗ មិន​អាច​ចោទ​ប្រកាន់​ថា គ.ជ.ប មិន​ឯករាជ្យ​នោះ​ឡើយ។

គ.ជ.ប ចាប់ផ្ដើម​ដំណើរការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ ហើយ គឺ​ចាប់​ពី​ថ្ងៃ​ទី៣០ មេសា ដល់​ថ្ងៃទី១៤ ឧសភា ខាងមុខ។ នៅ​ថ្ងៃ​ដំបូង​នេះ មាន​គណបក្ស​ចំនួន ២ បាន​ចុះឈ្មោះ​រួចរាល់​ហើយ សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា៕

1 comment:

Anonymous said...

How low will these dump people stoop? 4 condom tions like condition from a 5 years old kid.
He should change his name to Yeng Si Leak.