Sunday, 24 June 2018

លោក កឹម សុខា ទទួល​រង្វាន់​សន្តិភាព ពី​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​កូរ៉េ ពេល​លោក​កំពុង​ជាប់​ឃុំឃាំង


ដោយ មួង ណារ៉េត
2018-06-23 
rfa
រង្វាន់​សន្តិភាព​សិទ្ធិមនុស្ស​អាស៊ី ដែល​លោក កឹម សុខា និង​អ្នកស្រី មូរ សុខហួរ ទទួល​បាន​ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ ២០១៨។
រង្វាន់​សន្តិភាព​សិទ្ធិមនុស្ស​អាស៊ី ដែល​លោក កឹម សុខា និង​អ្នកស្រី មូរ សុខហួរ ទទួល​បាន​ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ ២០១៨។
Provided photo



លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ ហើយ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ប្រគល់​រង្វាន់​សន្តិភាព​សិទ្ធិមនុស្ស​អាស៊ី នៅ​ថ្ងៃ​ទី២២ មិថុនា​។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែល​ទៅ​ទទួល​ជ័យ​លាភី​នេះ និយាយ​ថា នេះ​ជា​មោទនភាព ចំពោះ​ពលរដ្ឋ​ខ្មែរ និង​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។



រង្វាន់​សន្តិភាព​សិទ្ធិមនុស្ស​អាស៊ី ដែល​ផ្តល់​ជូន​លោក កឹម សុខា និង​អ្នកស្រី មូរ សុខហួរ គឺ​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ចូល​រួម​តស៊ូ​ទាមទារ​ប្រជាធិបតេយ្យ និង​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ដំណំ ពី​សំណាក់​របប​លោក ហ៊ុន សែន ដែល​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​និយម​ប្រជាធិបតេយ្យ។

អ្នកស្រី មូរ សុខហួរ ដែល​ទៅ​ទទួល​ជ័យ​លាភី​នេះ លើក​ឡើង​ថា ការ​ផ្តល់​រង្វាន់​នេះ ជា​កិត្តិយស​ចំពោះ​ក្រុម​អ្នក​ប្រជាធិបបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី​បន្ត​ថា រង្វាន់​នេះ មិនមែន​ជា​របស់​អ្នកស្រី និង​លោក កឹម សុខា តែ​ពីរ​នាក់​នោះ​ទេ ពោល​គឺ​ជា​រង្វាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា និង​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្តូរ​ពិត​ប្រាកដ នៅ​បន្ត​តស៊ូ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នេះ​ត​ទៅ​ទៀត រហូត​បាន​សម្រេច៖ «»។

អ្នកស្រី មូរ សុខហួរ និយាយ ការ​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ គឺ​ត្រូវ​ទាមទារ​ការ​តស៊ូ ដែល​ប្រើ​ពេល​វេលា​វែង​ឆ្ងាយ។ ដូច្នេះ អ្នកស្រី​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ចូលរួម​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត​ទៅ​ទៀត៖ «»។

ដោយសារ​តែ​លោក កឹម សុខា នៅជាប់​ពន្ធនាគារ​នៅ​ឡើយ ទើប​ អ្នកស្រី មូរ សុខហួរ និង​សមាជិក​សភា​បក្ស​ប្រឆាំង​មួយ​រូប​ទៀត គឺ​លោក ញ៉យ​ ចំរើន ទៅ​ទទួល​រង្វាន់​នេះ នៅ​មុខ​អគារ​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​កន្លែង នៅ​ប្រទេស​កូរ៉េ ដែល​ជាកន្លែង​ធ្លាប់​រង​ការ​បង្ហូរ​ឈាម ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ប្រទេស​កូរ៉េ ដែល​តតាំង​កង​កំលាំង​យោធា កាល​ពី​អំឡុង​ឆ្នាំ១៩៨០។

មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់​ថា ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត និង​ការ​ទទួល​ស្គាល់​ការ​តស៊ូ​របស់​លោក កឹម សុខ គឺ​ច្បាស់​ជា​ផ្អែក​លើ​សកម្មភាព​ការងារ​របស់​លោក កឹម សុខា នា​ពេល​កន្លង​មក ទាំង​ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ទូទាំង​ប្រទេស ឲ្យ​យល់ដឹង​អំពី​សិទ្ធិ និង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​របស់​លោក ដែល​តស៊ូ​នៅ​ក្រាញ​ននៀល រហូត​រង​ការ​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ជា​ច្រើន​លើក​នោះ​ឯង៖ «»។

គិត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជាង ៩​ខែ​មក​ហើយ ដែល​លោក កឹម សុខា ជាប់​នៅ​ក្នុង​ពន្ធនាគារ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក កឹម សុខា រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ពី​របប​លោក ហ៊ុន សែន។

លោក កឹម សុខា ចាប់​ផ្ដើម​ជាប់​ពន្ធនាគារ​ដំបូង​នៅ​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ ដោយ​ការ​ប្ដឹង​របស់​លោក ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍។ កាល​នោះ លោក​នៅ​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

របប​លោក ហ៊ុន សែន បាន​ចូល​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កម្រោល​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​រំលង​អាធ្រាត្រ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​លោក​ពី​បទ «ក្បត់​ជាតិ» និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម។

ការ​ផ្តល់​រង្វាន់​នេះ គឺ​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ នៅ​មុន​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ នឹង​ធ្វើ​បាតុកម្ម​ធំ​មួយ នៅ​ថ្ងៃ​ទី២៤ ខែ​មិថុនា ដើម្បី​តវ៉ា​ឲ្យ​ប្រទេស​ជប៉ុន ផ្តាច់​ជំនួយ​ដល់​ គ.ជ.ប និង​ប្រកាស​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជាតិ នា​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​មិន​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត៕

No comments: